Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖រដ្ឋាភិបាលក្រុងប៉េកាំងបានជំរុញឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើក្រុមហ៊ុនចិនថាគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក គឺមួយថ្ងៃគត់បន្ទាប់ពីសវនាការរបស់សភាអាម៉េរិកដើម្បីបញ្ជាក់ពីទំនាក់ទំនងរបស់កម្មវិធីបណ្តាញសង្គមដ៏ពេញនិយម TikTok ជាមួយបក្សកុម្មុយនីស្តចិន។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទម្លាប់កាលពីថ្ងៃសុក្រទី២៤មីនាថារដ្ឋាភិបាលអាម៉េរិកបានសន្មតម្តងហើយម្តងទៀតថាក្រុមហ៊ុនបច្ចេកវិជ្ជាយក្សរបស់ចិន ByteDance ដែលជាម្ចាស់ TikTokគំរាមកំហែងដល់សន្តិសុខអាម៉េរិក ជាការចោទប្រកាន់ដែលបណ្តាលឱ្យមាន “ការគាបសង្កត់មិនសមហេតុផល”លើក្រុមហ៊ុនចិន។
លោកស្រីបាននិយាយថា “រហូតមកដល់ពេលនេះ រដ្ឋាភិបាលអាម៉េរិកមិនបានផ្តល់ភស្តុតាងណាមួយដើម្បីបញ្ជាក់ថា TikTokគំរាមកំហែងដល់សន្តិសុខជាតិរបស់អាម៉េរិកនោះទេ” ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងមិនតម្រូវឱ្យក្រុមហ៊ុនឬបុគ្គលបំពានច្បាប់ក្នុងស្រុកដើម្បីប្រមូលព័ត៌មាននិងការស៊ើបការណ៍ដែលមានមូលដ្ឋាននៅបរទេសសម្រាប់រដ្ឋាភិបាលចិននោះទេ។
លោកស្រីបានបន្ថែមថា “យើងជំរុញឱ្យសហរដ្ឋអាម៉េរិកគោរពការប្រកួតប្រជែងដោយយុត្តិធម៌និងផ្តល់នូវបរិយាកាសមិនរើសអើងសម្រាប់ក្រុមហ៊ុនមកពីជុំវិញពិភពលោកក្នុងការវិនិយោគនិងធ្វើប្រតិបត្តិការនៅក្នុងនោះ”។
សមាជិកសភាអាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍បានជជីកសួរនាយកប្រតិបត្តិ TikTok ជនជាតិសិង្ហបុរីលោក ឈូ សូ ហ្ស៊ី (Chew Shou Zi) អស់រយៈពេលប្រាំម៉ោងជាមួយនឹងសំណួរអំពីបញ្ហាជាច្រើនរាប់ចាប់ពីថាតើចិនអាចចូលប្រើទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok ១៥០ លាននាក់នៅសហរដ្ឋអាម៉េរិកឬអត់រហូតដល់ការការពារកុមារពីខ្លឹមសារគ្រោះថ្នាក់នៃគ្រឿងញៀននិងការធ្វើអត្តឃាតជាដើម៕

ការអំពាវនាវលក់ TikTok ឱ្យក្រុមហ៊ុនអាម៉េរិកកាន់តែលាន់សំឡេងឮខ្លាំងឡើង