Views: 12
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ចិននៅថ្ងៃសុក្រនេះបាននិយាយថាបាឡុងហោះមួយដែលគេប្រទះឃើញនៅលើអាម៉េរិក គឺប្រើសំរាប់ការសិក្សាស្រាវជ្រាវអាកាសធាតុហើយវាត្រូវខ្យល់បក់រសាត់ចេញពីផ្លូវកំណត់របស់វា ទោះជាអាម៉េរិកសង្ស័យថាជាយានចារកម្មក្តី។
ឧបទ្ទវហេតុបាឡុងហោះនេះវារឹតតែបន្ថែមភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន។
មន្ទីរបញ្ចកោណកាលពីថ្ងៃព្រហស្បតិ៍ទី២កុម្ភៈបាននិយាយថា ខ្លួនកំពុងតាមដានបាឡុងពណ៌ស ដែលមន្ត្រីអាម៉េរិកចោទថាជាឧបករណ៍ចាករម្មចិនខណៈវាហោះខ្ពស់លើសហរដ្ឋអាម៉េរិកដែលហាក់កំពុងឃ្លាំមើលទីតាំងអាវុធនុយក្លេអ៊ែរដែលមានភាពរសើបខ្លាំងនានា។
តាមសំណើរបស់ប្រធានាធិបតី ចូ បៃដិន រដ្ឋមន្ត្រីការពារជាតិ ឡយ អូស្ទីន និងក្រុមមន្ត្រីយោធាកំពូលបានពិចារណាបាញ់ទម្លាក់បាឡុងនោះ ប៉ុន្តែបានសម្រេចចិត្តថាការធ្វើបែបនេះនឹងបង្កគ្រោះថ្នាក់ដល់មនុស្សច្រើនពេកនៅលើដី ។
មន្ត្រីរូបនោះបាននិយាយថា បាឡុងនេះបានហោះពីលើភាគពាយព្យសហរដ្ឋអាម៉េរិក កន្លែងដែលមានមូលដ្ឋានទ័ពអាកាសដ៏រសើប និងកាំជ្រួចយុទ្ធសាស្ត្រនៅឃ្លាំងក្រោមដី។
យន្តហោះចម្បាំងត្រូវបានបញ្ជូនទៅពិនិត្យមើលបាឡុង ខណៈវាកំពុងហោះនៅលើរដ្ឋម៉ុងតាណា (Montana)ចំពេលការពិភាក្សាគ្នាត្រូវបានធ្វើឡើង។
ព័ត៌មានអំពីបាឡុងចារកម្មចិននេះកើតឡើងចំពេលរដ្ឋមន្ត្រីការបរទេសអាម៉េរិកប្រុងទៅធ្វើទស្សនកិច្ចចិននៅចុងសប្តា៍នេះ។ដំណើររបស់លោក ប្លីងកិន នៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ហើយគេក៏មិនដឹងវានឹងប៉ះពាល់ដល់ផែនការធ្វើដំណើររបស់លោកដែរឬអត់។
តែព័ត៌មាននៅនាទីចុងក្រោយនេះបានអោយដឹងថា លោករដ្ឋមន្រ្តីការបរទេសអាម៉េរិកបានពន្យារពេលធ្វើដំណើរទៅចិននៅចុងសប្តាហ៍នេះដោយសារតែការរកឃើញបាឡុងចិននៅលើអាម៉េរិកនេះ។
ទោះជាយ៉ាងណា នៅថ្ងៃសុក្រនេះចិនបានសម្តែងការសោកស្តាយចំពោះអ្វីដែលខ្លួនហៅថា «យានហោះស៊ីវិល»មួយដែលត្រូវខ្យល់បក់រសាត់អណ្តែតចូលដែនអាកាសអាម៉េរិក។
សមាជិកព្រឹទ្ធសភាលោក ថម ខុតថុន(Tom Cotton)បានអំពាវនាវអោយលោកប្លីងកិនលុបចោលដំណើរទៅកាន់ចិន នៅពេលអតីតប្រធានាធិបតីដូណាល់ ត្រាំ បានសរសេរបង្ហោះថា«បាញ់ទម្លាក់បាឡុងនេះទៅ!»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ក្រសួងការបរទេសចិនបាននិយាយថា បាឡុងនេះធ្វើកិច្ចការអាកាសធាតុនិងគោលបំណងវិទ្យាសាស្ត្រស៊ីវិលដទៃទៀត ហើយថាខ្លួនមានការសោកស្តាយដែនយាននេះរសាត់ចូលក្នុងដែនអាកាសអាម៉េរិក។ចិននឹងបន្តទាក់ទងជាមួយអាម៉េរិកដើម្បីដោះស្រាយដោយត្រឹមត្រូវអំពីស្ថានការ៍ដែលមិនរំពឹងទុកជាមុននេះ៕

ចិនថាវាជាបាឡុងស៊ីវិលសំរាប់សិក្សាអាកាសធាតុ តែអាម៉េរិកសង្ស័យថាជាយានស៊ើបការណ៍។យន្តហោះចម្បាំងត្រូវបានបញ្ជូនទៅពិនិត្យមើលបាឡុង ខណៈវាកំពុងហោះនៅលើរដ្ឋម៉ុងតាណា កាលពីថ្ងៃព្រហស្បតិ៍

