Views: 5
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ចិនបានបាញ់បង្ហោះយានអវកាសសិនចូវ-១៥( Shenzhou-15)កាលពីយប់ថ្ងៃអង្គារទី២៩វិច្ឆិកាដោយអវកាសយានិកបីនាក់នៅលើនោះត្រូវជួបជាមួយសហការីរបស់ពួកគេបីនាក់នៅលើស្ថានីយអវកាសរបស់ប្រទេស និងធ្វើការប្រគល់ការងារ។
យានអវកាស ដែលស្ថិតនៅលើរ៉ុក្កែតដឹកជញ្ជូនឡងម៉ាច-2F Y15( Long March-2F Y15) បានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីវក្វាន់ (Jiuquan)នៅភាគពាយព្យប្រទេសចិននៅម៉ោង ១១៖០៨ យប់ (ម៉ោងនៅទីក្រុងប៉េកាំង) នេះបើយោងតាមទីភ្នាក់ងារអវកាសចិន (CMSA) ។
ប្រហែល ១០ នាទីបន្ទាប់ពីការបាញ់បង្ហោះ យាន Shenzhou-15 បានបំបែកចេញពីរ៉ុក្កែតហើយចូលទៅក្នុងគន្លងដែលបានកំណត់របស់វា។ CMSA បានប្រកាសថាសមាជិកអវកាសយានិកមានស្ថានភាពល្អធម្មតា ហើយការបាញ់បង្ហោះគឺជោគជ័យពេញលេញ។
បន្ទាប់ពីចូលដល់គន្លងតារាវិថី យានអវកាស Shenzhou-15 ចូលជួបដោយស្វ័យប្រវត្តិយ៉ាងរហ័ស និងចតជាមួយនឹងយានទាំងអស់នៃស្ថានីយអវកាសនៅដើមថ្ងៃពុធ។
CMSA បាននិយាយថា អវកាសយានិករបស់យាន Shenzhou-15 នឹងធ្វើការប្តូរវេនក្នុងគន្លងតារាវិថីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអវកាសរបស់ចិនជាមួយអវកាសយានិករបស់យាន Shenzhou-14 ដែលត្រូវបានបញ្ជូនទៅកាន់ស្ថានីយអវកាសកាលពីខែមិថុនា។
ការប្តូរវេននេះអាចផ្ទៀងផ្ទាត់លទ្ធភាពនៃរបៀបប្តូរវេនគ្នាជាធម្មតាដែលនឹងអនុវត្តជាបន្តបន្ទាប់តាមក្រោយទៀត នេះបើយោងតាមលោក កៅ ស៊ូ (Gao Xu)ជាអ្នករចនាយានអវកាសជាន់ខ្ពស់នៅបណ្ឌិត្យសភាបច្ចេកវិជ្ជាអវកាសចិន។
លោក ជី ឈីមីង (Ji Qiming) ជំនួយការនាយក CMSA បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ក្នុងអំឡុងបេសកកម្មរបស់ពួកគេ អវកាសយានិករបស់យាន Shenzhou-15 នឹងធ្វើការសាកល្បងដែលទាក់ទងនឹងការស្នាក់នៅរយៈពេលវែងនៅក្នុងស្ថានីយអវកាសរបស់ចិននៅឯស្ថានីយអវកាស។
លោកជីបាននិយាយថា ក្រុមអវកាសយានិកក៏នឹងដោះសោ ដំឡើង និងសាកល្បងទូពិសោធន៍វិទ្យាសាស្ត្រចំនួន ១៥ និងអនុវត្តការពិសោធន៍ និងការធ្វើតេស្តិ៍ជាង ៤០ នៅក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រអវកាសនិងការអនុវត្តផ្ទាល់ វេជ្ជសាស្ត្រអវកាស និងបច្ចេកវិជ្ជាអវកាសផងដែរ៕




យាន Shenzhou-15 ត្រូវបានបាញ់បង្ហោះកាលពីយប់ថ្ងៃអង្គារ