Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​ត្រៀម​លក្ខណៈ​សម្រាប់​បេសកកម្ម​ផ្តាច់ព្រ័ត្រ​ដើម្បី​សង់​បញ្ចប់​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន​

Views: 17

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ចិន​បាន​ចេញផ្សាយ​ព័ត៌មាន​លម្អិត​អំពី​ដំណាក់កាល​ចុងក្រោយ​នៃ​ការងារ​នៅលើ​ស្ថានីយ​អវកាស Tiangong របស់ខ្លួន ជា​យាន​គោចរ​កំពុង​សាងសង់​មួយ ដែល​បាន​ចាប់ផ្តើម​បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​រារាំង​ទីក្រុង​ប៉េកាំង​ពី​ការចូលរួម​ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា យាន Shenzhou XIV​ដែល​នឹង​ដឹក​អវកាសយានិក​បី​នាក់​នៅ​ខែ​ក្រោយ​សម្រាប់​បេសកកម្ម​រយៈពេល​ប្រាំ​មួយខែ​ទៅកាន់​ស្ថានីយ Tiangong​ត្រូវបាន​ផ្លាស់​​ទៅកាន់​កន្លែង​បាញ់​បង្ហោះ​នៅ​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប​ជីវ​ក្វាន់ (Jiuquan) នៅ​ខេត្ត​ម៉ុង​ហ្គោលី​ខាងក្នុង​កាលពី​ថ្ងៃអាទិត្យ ខណៈ​ការបាញ់​បង្ហោះ​គ្រោង​ធ្វើឡើង​”​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​​មុខ​”​។​

​សារព័ត៌មាន China Daily បាន​រាយការណ៍​ថា បន្ទាប់​ពី​បេសកកម្ម​នោះ ចិន​នឹង​បាញ់​បង្ហោះ​ផ្នែក​នៃ​មន្ទីរ​ពិសោធន៍​របស់​ស្ថានីយ​នៅក្នុង​ខែកក្កដា និង​បាញ់​បង្ហោះ​មន្ទីរពិសោធន៍​ទី​ពីរ​នៅ​ខែតុលា​។​

​យោង​តាម​សារព័ត៌មាន China Daily បន្ទាប់​ពី​មន្ទីរពិសោធន៍​អវកាស យាន​ដឹកទំនិញ Tianzhou 5 និង​អវកាសយានិក​នៃ​យាន Shenzhou XV​គ្រោង​នឹង​ទៅដល់​ស្ថានីយ​គន្លង​គោចរ​​ដ៏​ធំ​នេះ​នៅ​ចុងឆ្នាំ​នេះ​។​

​កាលពី​សប្តាហ៍​មុន ចិន​បាន​បញ្ចេញ​រូបភាព​ថ្មី​នៃ​ស្ថានីយ Tiangong ដែល​ស្ថិតនៅ​ក្នុង​គន្លង​គោចរ​ពីលើ​ផែនដី ៤០០ គីឡូម៉ែត្រ​។​

​នៅពេលណា​ដែល​ស្ថានីយ Tiangong ត្រូវបាន​បញ្ចប់ ចិន​នឹង​ក្លាយជា​ប្រទេស​តែមួយគត់​ដែល​ដំណើរការ​ស្ថានីយ​អវកាស​ដោយ​ខ្លួនឯង​ដោយ​បន្ថែម​លើ​សមិទ្ធិផល​ផ្សេងទៀត​ដូច​ជា​ការ​ចុះចត​​យាន​នៅលើ​ភព​ព្រះ​អង្គារ​កាលពី​ឆ្នាំមុន និង​ការចុះ​ចត​យាន​នៅ​ផ្នែក​ឆ្ងាយ​នៃ​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ ២០១៩​។​

​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ស៊ី ជីន​ពីង ចិន​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​តាម​ឱ្យទាន់​សហរដ្ឋ​អាម៉េរិក​ក្នុងនាម​ជា​មហាអំណាច​ក្នុង​លំហ​ដោយ​សហការ​ជាមួយ​រុស្ស៊ី​លើ​ស្ថានីយ​ស្រាវជ្រាវ​​ឋាន​ព្រះ​ចន្ទ​ដែល​បាន​ស្នើឡើង និង ជំទាស់​នឹង​កិច្ចព្រមព្រៀង​យាន Artemis ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ដែល​មាន​បំណង​ជួយ​គ្រប់គ្រង​សកម្មភាព​អវកាស​នាពេល​អនាគត​ដូច​​ជា​ការជីក​យក​រ៉ែ​នៅលើ​ឋាន​ព្រះ​ចន្ទ​ជាដើម​៕

​គំរូ​ស្ថានីយ​អវកាស Tiangong របស់​ចិន​នៅក្នុង​សន្និសីទ​អប្សរា​ក្នុង​ក្រុង​ហាង​ចូ​វ​ខេត្ត​ចឺ​ជាំង​កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១

Post navigation