Cambodia

ចិញ្ចឹម​ត្រឹមមួយ​​ក្រពះ​! លី​អីវ៉ាន់​ឡើង​ភ្នំ​ត្បែង​​ជាង​១​ពាន់​កាំ​ក្នុង​១​ថ្ងៃ​រក​ត្រឹម​៤​ទៅ​​៦​​ម៉ឺន​រៀល


រាជធានី​ភ្នំពេញ ៖ មហាជន​មួយ​ចំនួន​ធ្លាប់​​​ស្គាល់​ហើយ​ថា ផ្លូវ​ជណ្តើរ​ឡើង​ទៅ​កាន់​ភ្នំ​ត្បែង ដែល​ជា​ភ្នំ​ដែល​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ សម្បូរ​ទៅ​ដោយ​ធនធាន​ជីវចម្រុះ ធន​ធាន​ធម្ម​ជាតិ កន្លែង​កម្សាន្ត​ទឹកធ្លាក់ ទេសភាព​ព្រៃ​ព្រឹក្សា​ស្រស់បំព្រង និង​មាន​ទី​អា​រ៉ា​ម​នៅ​ទីនោះ​ផង ស្ថិត​​ក្នុងភូមិ​សាស្ត្រ ភូមិ​បេង​កោង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ មាន​ចម្ងាយ​ពី​ទីប្រជុំជន​ក្រុង​ព្រះ​វិហារ ប្រមាណ​ជា​២០​គីឡូម៉ែត្រ តាម​ដងផ្លូវ​ជាតិ​លេខ​៦២ ឆ្ពោះទៅ​ខេត្ត​កំពង់​ធំ ។

ភ្នំ​ត្បែង លាតសន្ធឹង​នៅ​ក្នុងស្រុក​ក្រុង​ចំនួន​៥ នៃ​ខេត្តព្រះវិហារ មាន​ដូច​ជា ស្រុក​ត្បែងមានជ័យ ក្រុង​ព្រះ​វិហារ ស្រុក​សង្គម​ថ្មី ស្រុក​រវៀង និង​ស្រុក​គូលែន ។ នៅ​ទីតាំង​ជណ្តើរ​ឡើង​ពី​ជើងភ្នំ​ត្បែង​​មាន​ប្រជាពលរដ្ឋ​មិន​ច្រើន​ទេ ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​អ្នក​ចំណាកស្រុក មក​ពី​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​មក​ប្រកប​របរ លក់ដូរ នំចំណី ភេសជ្ជៈ សម្រាប់​បម្រើសេវា​កម្ម​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​កាន់​ទីនោះ ដើម្បី​ឡើង​ទៅ លេង​កម្សាន្ត​ខ្នងភ្នំ​ត្បែង ។

ការ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ត្បែង គឺ​អាច​ទៅ​បាន​ដោយ​ថ្មើរជើង​តែ​ប៉ុណ្ណោះ មិន​អាច​ប្រើ​មធ្យោបាយ យានយន្ត ទៅ​កាន់​ខ្នងភ្នំ​នេះ​បាន​ឡើយ ដោយ​អ្នកដំណើរ​ចំណាយពេល​យ៉ាងតិច​២​ទៅ​៣​ម៉ោង ទើប​ទៅ​ដល់​ខ្នងភ្នំ ហើយ​ពួក​គេ​ឆ្ពោះទៅ​កាន់​ទឹកធ្លាក់​ធម្មជាតិ​នៅ​ទីនោះ ក្រៅពី​ដំណើរ​កម្សាន្ត​ទៅ​ទឹកធ្លាក់​រួច​មក ពួក​គេ​តែងតែ​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ទី​អា​រ៉ា​ម​មួយ​កន្លែង​ដែល​បង្កើត​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ ហៅ​ថា​វត្ត​ដំបូក​ខ្មៅ និង​វត្ត​ថ្ម​បី​ដុំ ដែល​ប្រជាជន​នៅ​ខេត្តព្រះវិហារ តែង​មាន​ជំនឿ និង​គោរព​បូជា ចំពោះ​វត្ថុ​ស័ក្តិសិទ្ធិ​នៅ​លើ​ខ្នងភ្នំ​ត្បែង​នេះ និង​មាន​ពុទ្ធបរិស័ទ​ទាំង​ក្នុង និង​ក្រៅប្រទេស តែងតែ​ឡើង​មក​ធ្វើបុណ្យ​ទាន​នៅ​ទីនោះ​ទៀត​ផង ។

អ្វី​ដែល​គួរ​ឲ្យ​មានការ​ចាប់អារម្មណ៍​ចំពោះ​ការ​ធ្វើ​ដំណើរ​ឡើង​ទៅ​កាន់​ខ្នងភ្នំ​ត្បែង​នេះ គេ​ឃើញ​មាន​ប្រជាជន​សុទ្ធ​សឹង​ជា​អ្នក​ចំណាកស្រុក​ទីទ័ល​ក្រ បាន​មក​ប្រកប​របរ ជញ្ជូន លី​សែង​ឥ​វ៉ា​ន់​ឡើង​ខ្នងភ្នំ​ត្បែង​ជា​ច្រើន​នាក់ ដោយ​ជញ្ជូន​ទំនិញ​គ្រប់​បែប​យ៉ាង រួម​ទាំង​មនុស្ស​ផង​ដែរ ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

ថ្មី​ៗ​នេះ​អ្នក​សារព័ត៌មាន​យើង​បាន​ទៅ​ដល់​ជើងភ្នំ​ត្បែង នឹង​បាន​ជួប​ជាមួយ​បងប្អូន​អ្នក​ជញ្ជូន​ឥ​វ៉ា​ន់​ឡើង​ភ្នំ ដោយ​យុវជន​ម្នាក់​ឈ្មោះ សេ​ម សុង អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ពើក ឃុំ​ពុទ្រា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ បាន​រៀបរាប់​ថា លោក​បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​ស៊ីឈ្នួល​លី​សែង​ឥ​វ៉ា​ន់​ឡើង​ភ្នំ ដើម្បី​បាន​កម្រៃ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ ។

លោក​ថា ឥ​វ៉ា​ន់​ដែល​ត្រូវ​លី​សែង​ឡើង​មាន​ដូច​ជា គ្រឿង​ឧបភោគ បរិភោគ ភេសជ្ជៈ ក្រៅពី​នេះ​ក៏​មាន​គ្រឿងសំណង់​ដូច​ជា ឥដ្ឋ ស៊ីម៉ង់ត៍ ដែក ម៉ូតូ គោ​យន្ត និង​សែង​មនុស្ស​ផង​ដែរ ក្នុង​មួយ​ថ្ងៃ​បាន​២​ទៅ​៣​ជើង​ប៉ុណ្ណោះ អាច​រក​ចំណូល​បាន​ថ្ងៃ​ខ្លះ​ចាប់ពី​៤​ម៉ឺន​រៀល ទៅ​៦​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ។

លោក​បន្ត​ទៀត​ថា ហើយ​តម្លៃ​គឺ​ទៅ​តាម​ស្ថានភាព​ទំនិញ ដោយ​ក្នុង​មួយ​កា​រ៉ុ​ង​(​បាវ​) ដូច​ជា​ស៊ីម៉ង់ត៍ ឥដ្ឋ ភេសជ្ជៈ​ជាដើម ដែល​មាន​ទម្ងន់​ក្រោម​៥០​គីឡូក្រាម បាន​កម្រៃ​២​ម៉ឺន​រៀល ចំពោះ​ម៉ូតូ​សែង​ឡើង​លើ​ខ្នងភ្នំ ត្រូវ​ប្រើ​មនុស្ស​ចំនួន​៤​នាក់ ក្នុង​ម្នាក់​ទទួល​បាន​កម្រៃ​២​ម៉ឺន​រៀល​ដែរ​ក្នុង​១​ជើង ដោយឡែក​ចំពោះ​ភ្ញៀវ​ដែល​មក​កម្សាន្ត​មិន​មាន​កម្លាំង​ក្នុង​ការ​ដើរ​ឡើង​អាច​ជួល​ឲ្យ​ពួក​គេ​សែង​បាន ដោយ​ប្រើ​មនុស្ស​៤​នាក់​ដាក់​លើ​អង្រឹង​ដើម្បី​សែង ក្នុង​មនុស្ស​ម្នាក់​សែង​ឡើង​ចុះ​បាន​កម្រៃ​៤០​ម៉ឺន​រៀល រីឯ​គោ​យន្ត​ដែល​សែង​ឡើង​លើ​ត្រូវ​ដោះ​គ្រឿង​ជា​បំណែក​ៗ ដោយ​ប្រើ​មនុស្ស​ច្រើន ដើម្បី​សែង​ឡើង ទើប​យក​ទៅ​ដល់​លើ​កំពូលភ្នំ ។

លោក​បន្ត​ថា នៅ​លើ​ខ្នងភ្នំ​ត្បែង ក្រៅពី​វត្ត​អា​រ៉ា​ម​ក៏​នៅ​មាន​ប្រជាជន​ខ្លះ​បាន​ទៅ​រស់នៅ​លើ​នោះ​ប្រកប​របរ​លក់ដូរ​ភេសជ្ជៈ​នៅ​ទីនោះ ដោយឡែក​ការ​ជញ្ជូន​សម្ភារៈ​សំណង់​ឡើង​ទៅ​លើ​ខ្នងភ្នំ​ត្បែង សម្រាប់​ការ​សាង់សង់​សំណង់​ព្រះ​វិហារ និង​សំណង់​ផ្សេង​ៗ​ក្នុង​ទី​អា​រ៉ា​ម​វត្ត​ដំបូក​ខ្មៅ ។ នៅ​ពេល​ទៅ​ដល់​ខ្នងភ្នំ​ត្បែង​នោះ អ្នកមាន​ម៉ូតូ ឬ​គោ​យន្ត​អាច​បើកបរ​នៅ​លើ​នោះ​ផ្ទាល់​ពី​វត្ត​ដំបូក​ខ្មៅ ឆ្ពោះទៅ​វត្ត​ថ្ម​បី​ដុំ តាម​ផ្លូវ​ថ្មី​ជើង​ដូច​គ្នា​ដែរ ។

យុវជន​រូប​នោះ​បាន​បញ្ជាក់​ថា ការ​លី ឬ​សែង​ឥ​វ៉ា​ន់​ឡើង​ខ្នងភ្នំ​ត្បែង មិន​មាន​ជា​រៀងរាល់ថ្ងៃ​នោះ​ទេ ថ្ងៃ​ខ្លះ​មាន ថ្ងៃ​ខ្លះ​អត់ ហើយ​ក្នុង​មួយ​ថ្ងៃ ប្រសិនបើ​មាន​ទំនិញ​អាច​ជញ្ជូន​ឡើង​បាន​តែ​២​ជើង ឬ​៣​ជើង​តែ​ប៉ុណ្ណោះ ព្រោះ​ត្រូវ​ប្រើ​កម្លាំង​ច្រើន​ណាស់ ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ កន្លែង​ទេសចរណ៍ធម្មជាតិ​លើ​ខ្នងភ្នំ​ត្បែង កំពុង​មានការ​ទាក់ទាញ និង​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជា​ក្រុម​បាន​ឡើង​ទៅ​បោះ​តង់​ស្នាក់​នៅ​លេង​កម្សាន្ត​ជា​ហូរហែ​ទាំង​រដូវប្រាំង និង​រដូវវស្សា ជា​ពិសេស​នៅ​ពេល​មាន​រដូវ​ធ្លាក់​ខ្យល់​រំហើយ​ជាដើម តាម​ជណ្តើរ​ថ្មី ដែល​មាន​ចំនួន​១០៩២​កាំ ដែល​ជណ្តើរថ្ម​នេះ សាងសង់​ឡើង​កាលពី​អំឡុង​ឆ្នាំ​២០០៥ ហើយ​ដើម​ឡើយ​កាលពីមុន​ឆ្នាំ​២០០៥ អ្នក​ធ្វើ​ដំណើរ​ឡើង​ទៅ​កាន់​ខ្នងភ្នំ​នេះ អាច​ធ្វើ​ដំណើរ​ឡើង​តាម​ចំ​រ៉ា​ក់​ថ្ម ឬ​កាត់​តាម​ព្រៃ តោង​វ័​ល្លិ៍ តែ​ប៉ុណ្ណោះ ។

ភ្នំ​ត្បែង​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ជា​តំបន់​បេតិកភណ្ឌ​ភ្នំ​ត្បែង បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​ចំណារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ។ តំបន់​បេតិកភណ្ឌ​ភ្នំ​ត្បែង មាន​ផ្ទៃដី​ប្រមាណ​២​ម៉ឺន​៥​ពាន់​ហិ​កតា​។

ក្រៅពី​តំបន់​ទេសចរណ៍​ដែល​ឡើង​តាម​ជណ្តើរថ្ម​ចំនួន​១០៩២​កាំ​នេះ នៅ​មាន​កន្លែង​កម្សាន្ត​បែប​ទេសចរណ៍ធម្មជាតិ​ដទៃ​ទៀត នៅ​លើ​ខ្នងភ្នំ​ត្បែង​មួយ​នេះ ដូច​ជា​តំបន់​ទឹកធ្លាក់​តាំងយូរ ចាក់​អង្រែ និង​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ​ផ្សេង​ៗ​ទៀត ហើយ​ក៏​ជាទី​តាំង​សម្រាប់​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ និង​ការ​គោរព​បូជា​របស់​អ្នក​ខេត្តព្រះវិហារ​ផង​ដែរ​។

Football news:

Manchester City have announced the transfer of Ruben Dias from Benfica. Defender signed a 6-year contract
Zidane on Vinicius and Rodrigo's playing time: They're still boys. This is Real Madrid, these are the realities of football
Braithwaite specifically stopped the car to take a photo with a fan in a wheelchair
Mourinho and Lampard had a fight in the Tottenham - Chelsea match: When you lose 0-3, Frank, you don't stand on the sidelines
Valencia want to rent Rugani from Juventus
We talked to a Russian Finn who is making his way in Europe: he fought with the locals because of Russia, drove in Arshavin's t-shirt and refused Barca B
Werner scored for Chelsea for the first time