Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចលាចល​នៅ​បារាំង​នាំអោយ​ពន្យារ​ពេល​ដំណើរ​យាង​ទស្សនកិច្ច​របស់​ស្តេច​ឆាល​ទី​បី​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ការតវ៉ា​ប្រឆាំង​នឹង​កំណែ​ទំរង់​សោធន​និវត្តន៍​នៅ​បារាំង​បណ្តាល​អោយ​មាន​ការពន្យា​រ​ពេល​ដំណើរ​យាង​ទស្សនកិច្ច​របស់​ស្តេច​ឆាល​ទី​បី​នៅ​បារាំង ដោយ​វា​រំលេច​អំពី​​បញ្ហា​សន្តិសុខ​និង​នយោបាយ​ដែល​ប្រធានាធិបតី អេម​ម៉ានុយ​អែល ម៉ា​ក្រុង កំពុង​ប្រឈម​។​

​ប្រធានាធិបតី​បារាំង​បាន​ថ្កោលទោស​ការផ្ទុះ​អំពើហិង្សា​ចុងក្រោយ​កាលពី​យប់​ថ្ងៃ​សុក្រ នៅពេល​ក្រុម​សិទ្ធិ​មនុស្ស​មួយ​បាន​រិះគន់​«​ការប្រើ​កម្លាំង​លើសលប់​»​ដោយ​ប៉ូលីស​ក្នុងអំឡុងពេល​មាន​បាតុកម្ម​។​

​ម៉ា​ក្រុង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​នឹង​មិន​ឳ​ន​ក្បាល​ចំពោះ​អំពើហិង្សា​ហើយ​«​ខ្ញុំ​ថ្កោលទោស​អំពើហិង្សា​និង​គាំទ្រ​កងកម្លាំង​សន្តិសុខ​»

​ដំណើរ​យាង​ទស្សនកិច្ច​លើកដំបូង​របស់​ស្តេច​ឆាល​ក្នុងនាម​ជា​ព្រះមហាក្សត្រ​អង់គ្លេស​មានបំណង​រំលេច​អំពី​ទំនាក់ទំនង​កាន់តែ​កក់ក្តៅ​ឡើង​រវាង​អង់គ្លេស​និង​បារាំង តែ​វា​បែរ​ជា​រំលេច​អោយឃើញ​ពី​ភាព​​ធ្ងន់ធ្ងរ​នៃ​ការប្រឆាំង​តវ៉ា ដែល​បាន​ញាំញី​ប្រទេស​ក្បែរ​ខាង​អង់គ្លេស​មួយ​នេះ​នៅ​ពេល​ដប់​ខែ​បន្ទាប់​ពី​លោក​ម៉ា​ក្រុង​ចូលកាន់​តំណែង​អាណត្តិ​ទី​ពីរ​។​

​កំហឹង​ជុំវិញ​ច្បាប់​ដំឡើង​អាយុ​ចូល​និវត្តន៍​ពី​៦២​ឆ្នាំទៅ​៦៤​ឆ្នាំ កាន់តែ​អាក្រក់​ឡើង​នៅ​ពេល​លោក​ម៉ា​ក្រុង​ប្រើ​អំណាច​ប្រធានាធិបតី​ដ៏​ប្រទូសរ៉ាយ​ដើម្បី​ជំរុញ​ច្បាប់​នេះ​កាត់​សភា​ដោយ​មិនចាំបាច់​បោះឆ្នោត​​កាលពី​ថ្ងៃ​១៦​មីនា​។​

​ដោយ​កូដកម្ម​ថ្មី​ត្រូវ​រំពឹងថា​នឹង​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ទី​២៨​មីនា​ដែល​អាច​ចំ​ថ្ងៃទី​ពីរ​នៃ​ដំណើរ​យាង​ទស្សនកិច្ច​របស់​ស្តេច​ឆា​ល លោក​ម៉ា​ក្រុង​បាន​ស្នើសុំ​ពន្យារ​ពេល​ដំណើរ​របស់​ទ្រង់​នៅក្នុង​ទឹកដី​បារាំង ។​ការិយា​​ល័យ​របស់​ម៉ា​ក្រុង​បាន​និយាយថា ការសំរេចចិត្ត​នេះ​ត្រូវបាន​«​ស្វាគមន៍​ដោយ​ស្តេច​ឆាល​ទី​បី ក្នុង​លក្ខខណ្ឌ​ដែល​ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​មិត្តភាព​របស់​យើង​»​។​

​ប៉ូលីស​បាន​ធ្វើការ​ចាប់​ខ្លួន​មនុស្ស​ជាង​៤៥០​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​កម្លាំង​សន្តិសុខ​៤៤១​នាក់​បាន​រងរបួស ក្នុង​ថ្ងៃ​ហិង្សា​បំផុត​ចាប់តាំងពី​ការតវ៉ា​ប្រឆាំង​បាន​ចាប់ផ្តើម​តាំងពី​ដើម​ឆ្នាំ​មក​។​

​អគ្គិភ័យ​ជាង​៩០០​លើក​ត្រូវ​បាន​ដុត​នៅក្នុង​និង​ជុំវិញ​ទីក្រុង​ប៉ារីស ដោយ​ពួក​បាតុករ​អនាធិបតេយ្យ​បាន​ដុត​សម្រាម​អោយ​ឆេះ​និង​វាយ​បំបែក​កញ្ចក់ទ្វារ​កញ្ចក់​បង្អួច​ហាង​ដែល​នាំ​ដល់​ការប៉ះទង្គិច​ជា​​មួយ​ប៉ូលីស​ជា​ញឹកញាប់​។​តែ​ពួក​ក្រុម​ស្តាំ ពួក​អ្នក​ច្បាប់​និង​ក្រុម​អ្នកនយោបាយ​ក្រុម​ឆ្វេង ក៏​បាន​ថ្កោលទោស​អំពើ​ព្រៃផ្សៃ​របស់​ប៉ូលីស​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មនុស្ស​ជាង​មួយ​លាន​នាក់​បាន​នាំគ្នា​ចេញ​មក​ដង្ហែរ​នៅ​បារាំង​។​នៅ​ក្រុងប័រ​ដូ ពួក​អ្នក​ប្រឆាំង​តវ៉ា​បាន​ដុត​អោយ​ឆេះ​ក្លោងទ្វារ​បុរាណ​មួយ កន្លែង​ដែល​ស្តេច​ឆាល​គ្រោង​យាង​ទស្សន​​កិច្ច​។​ពួក​អ្នក​ប្រឆាំង​តវ៉ា បាន​គំរាម​រារាំង​រំខាន​ដំណើរ​ទស្សនកិច្ច​នេះ ហើយ​បណ្តា​ដង​វិថី​នៃ​រដ្ឋធានី​បារាំង​ពោរពេញ​ដោយ​សម្រាម​រាយប៉ាយ​ដោយសារតែ​អ្នកប្រមូល​សម្រាម​ក៏​ចូលរួម​កូដកម្ម​ដែរ​៕

កម្លាំង​សន្តិសុខ​៤៤១​នាក់​បាន​រងរបួស ក្នុង​ថ្ងៃ​ហិង្សា​បំផុត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​

​បណ្តា​ដង​វិថី​នៃ​រដ្ឋធានី​បារាំង​ពោរពេញ​ដោយ​សម្រាម​រាយប៉ាយ​ដោយសារ​តែ​អ្នក​ប្រមូល​សម្រាម​ក៏​ចូលរួម​កូដកម្ម​ដែរ​

​រថយន្ត​ប៉ូលីស​ត្រូវបាន​បាតុករ​ដុតបំផ្លាញ​

Post navigation