Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចុងភៅកម្ពុជា ចំនួន ២៣រូប ទទួលបានការបណ្តុះបណ្តាល ជំនាញចុងភៅម្ហូបបែបចិន ដោយផ្ទាល់ នៅខេត្តសៀមរាប

Views: 9

ដោយៈ សុផល / សៀមរាប៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការ គ្រប់គ្រងគម្រោង ហូកា រួមជាមួយលោក Lin Lin អគ្គនាយករង ក្រសួងធនធានមនុស្ស និងសុវត្ថិភាពសង្គម នៃខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន លោក Yutong Lui អ្នកគ្រប់គ្រងកម្មវិធី ភាពជាដៃគូរ ILO-China និងលោក Shi Lei ព្រឹទ្ធបុរសនៃមហាវិទ្យាល័យ បច្ចេកទេស ហៃខូវ ខេត្តហៃណាន បានអញ្ជើញជាធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ជំនាញចុងភៅម្ហូបបែបចិន ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយមានសិក្ខាកាមសរុបចំនួន ២៣ រូប ដែលកំពុងបម្រើការងារ លើជំនាញចុងភៅ នៅក្នុងខេត្តសៀមរាប។

លោក ប៉ាក់ សុខុម បានបញ្ជាក់ជូនអង្គពិធីថាៈ កម្មវិធីបណ្តុះបណ្តាលនេះ បានបង្ហាញ អំពី កិច្ចសហការ យ៉ាងជិតស្និទ្ធ រវាងក្រសួងទេសចរណ៍ និងអង្គការ ILO ដែលបានធ្វើការ យ៉ាងល្អ ជាមួយគ្នាកន្លងមក ហើយមកដល់បច្ចុប្បន្ន តាមរយៈ គម្រោងភាពជាដៃគូ ILO-China ក្រសួងទេសចរណ៍ មានឱកាសពង្រីកទំនាក់ទំនង ផ្លាស់ប្តូរចំណេះដឹង និង បទពិសោធន៍បន្ថែមទៀត ជាមួយមហាវិទ្យាល័យបច្ចេកទេស នៃទីក្រុងហៃខូវ ប្រទេសចិន ក៏ដូចជា ភ្ជាប់ទំនាក់ទំនងជាមួយ សាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ នៅខេត្តសៀមរាប រួមមាន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ស្ពូន សាលាសណ្ឋាគារ សាលាបាយ សាលាសណ្ឋារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ Feeding Dream ហើយការរួបរួមគ្នា ដោយយកចិត្តទុកដាក់ពីគ្រប់ភាគី ពាក់ព័ន្ធនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ ជំនាញវិជ្ជាជីវៈទេសចរណ៍ នៅកម្ពុជា និយាយជារួម និងសម្រាប់ជំនាញចុងភៅ និយាយដោយឡែក។

លោក Yutong Lui អ្នកគ្រប់គ្រងកម្មវិធីភាពជាដៃគូ ILO-China បានថ្លែងថាៈ​ អង្គការ ILO ដែលតែងយកចិត្តទុកដាក់ ដល់ការលើកម្ពស់ជំនាញ និងផ្តល់ឱកាសការងារ សមរម្យ ដល់យុវជន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងទម្រង់ Up-Skilling ឬ Re-Skilling ហើយកន្លងមក អង្គការ ILO បានគាំទ្រមកកាន់ គណៈកម្មការគ្រប់គ្រង គម្រោង ហូកា សម្រាប់គម្រោងបណ្តុះបណ្តាល និងស្តារជំនាញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយបានផ្តល់ការបណ្តុះបណ្តាលអ្នកជំនាញ ចំនួន ១៦០ រូប ក្នុងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ សម្រាប់ខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ ចាប់ខែមករា ឆ្នាំ២០២៣ ខាងមុខ លើជំនាញការិយាល័យ ជួរមុខ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់សិក្ខាកាមចំនួន ៦៧៥ រូប។

លោក Shi Lei ព្រឹទ្ធបុរស នៃមហាវិទ្យាល័យបច្ចេកទេស ហៃខូវ ខេត្តហៃណាន បានគូសបញ្ជាក់ថាៈ តាមរយៈកម្មវិធីភាពជាដៃគូ ILO-China មហាវិទ្យាល័យ បច្ចេកទេស ហៃខូវ ខេត្តហៃណាន បានចាត់បញ្ជូនគ្រូជំនាញ ចុងភៅម្ហូបបែបចិនរបស់ខ្លួន ដើម្បីចែករំលែក និងផ្តល់នូវការបណ្តុះបណ្តាលជំនាញ ដល់សិក្ខាកាម លើម្ហូបបែបចិន រសជាតិដើមចំនួន ៣ មុខ រួមមាន៖ បាយមាន់ហៃណាន ត្រីចៀនជូរអែម និងបង្គាឆា ដែលវគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់នូវពុទ្ធិថ្មីបន្ថែមទៀត ពីវប្បធម៌ និងវិធីសាស្ត្រពិតប្រាកដ នៃការចម្អិនម្ហូបខេត្តហៃណាន ដែលមានប្រវត្តិយូរលង់ណាស់ មកហើយ ដល់ចុងភៅកម្ពុជា។

លោក Lin Lin អគ្គនាយករង ក្រសួងធនធានមនុស្ស និងសុវត្ថិភាពសង្គម នៃខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន បានគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្ត កិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង ដែលអនុវត្តគម្រោង ដោយកម្មវិធីភាពជាដៃគូ ILO-China សំដៅពង្រឹងកិច្ចសហការ ជាពិសេសលើការពង្រឹង ជំនាញវិជ្ជាជីវៈ ដែលជាមុំដ៏សំខាន់ របស់គោលដៅប្រកបដោយនិរន្តរភាព (Sustainable Development Goal) ទី៨ ផ្តោតលើកំណើនសេដ្ឋកិច្ច និងការងារសមរម្យ (Decent Work and Economic Development)។

កម្មវិធីនេះ ក៏ត្រូវនឹងកាលៈទេសៈបច្ចុប្បន្ន សម្រាប់ស្តារឡើងវិញ នូវជំនាញវិជ្ជាជីវៈ ក្រោយវិបន្តិជំងឺកូវី-១៩ សំដៅជំរុញបង្កើតឱកាសការងារ និងផលិតភាពការងារ ក្នុងសកលភាវូបនីយកម្មសេដ្ឋកិច្ចពិភពលោក និងភាពធននឹងវិបត្តិនៃកក្តាវិបត្តិ ជាសកលនានា ដែលកំពុងកើតមានផងដែរ។ លោកបានជំរុញឲ្យកម្មវិធីភាពជាដៃគូ ILO-China នឹងបន្តគាំទ្រដល់កម្ពុជា តាមរយៈការពង្រីកទំនាក់ទំនងវិជ្ជាជីវៈ មិនត្រឹមតែជាមួយមហាវិទ្យាល័យ បច្ចេកទេសហៃខូវ ខេត្តហៃណាន ប៉ុន្តែជាមួយស្ថាប័ន បណ្តុះបណ្តាល ឬសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដ៏ទៃទៀត ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ដ៏ល្អឯក របស់ប្រទេសទាំងពីរ ការផ្លាស់ប្តូរកម្មវិធី កម្មវិធីហ្វឹកហាត់ការងារ និងការអភិវឌ្ឍន៍ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលយើងអាច និយាយបានថា “ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ជារូបិយបណ្ណសកល (TVET is the Global Currency)៕  V / N

Post navigation