Views: 8
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ គណៈកម្មា ធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ពីការអនុញ្ញាតឲ្យចូលទស្សនា ការប្រកួត និងផ្តល់សិទ្ធិផ្សព្វផ្សាយ ដោយមិនគិតថ្លៃ ។

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានសម្រេច ១៖ ការចូលទស្សនាព្រឹត្តិការណ៍ បើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ គឺត្រូវបានអនុញ្ញាត ឱ្យចូលទស្សនា ដោយឥតគិតថ្លៃ ដោយមិនមានការលក់សំបុត្រ ទាំងភ្ញៀវជាតិ -អន្តរជាតិ។ ២៖ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតមិនយកថ្លៃ ចំពោះការផ្តល់សិទ្ធិ ផ្សព្វផ្សាយព័ត៌មានកីឡា ទាំងក្នុង និងក្រៅប្រទេស។
សូមជម្រាបថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេច មិនឱ្យយកលុយ សម្រាប់ការផ្សាយបន្ត ទៅក្រៅប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួត កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ការប្រកួតកីឡាស៊ីហ្គេមនេះដែរ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសលុបចោលការយកថ្លៃសំបុត្រ សម្រាប់ការចូលទស្សនា គ្រប់វិញ្ញាសារប្រកួតទាំងអស់៕ V / N