Views: 1
ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា ថៃៈ កម្លាំងយោធាកម្ពុជា បានរងរបួសដោយជាន់មីន ប្រឆាំងមនុស្ស នៅពេលស្ថិតក្នុងប្រតិបត្តិការ ចូលទៅកាប់ឆ្ការព្រៃ ដើម្បីជួយសង្គ្រោះ ពលរដ្ឋថៃម្នាក់ ដែលដើរបេះបន្លែឈើព្រៃ នៅតំបន់ខ្សែបន្ទាត់ព្រំដែន។
គ្រោះថ្នាក់គួរសោកស្តាយ និងកោតសរសើរវីរភាពមនុស្សធម៌នោះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៥០នាទី ព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២៣ ម្សិលមិញ នៅចំណុចចន្លោះបង្គោលព្រំដែន លេខ ៣៧-៣៨ ស្ថិតក្នុងភូមិសាស្ត្រភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខភូមិសាស្ត្រ ភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ (ប្រទេសថៃ) ។

មន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅថ្ងៃទី២៨ ខែឧសភាថាៈ ដំបូង មានពលរដ្ឋថៃម្នាក់ មានឈ្មោះ សំរឹទ្ធ រ៉ៃរឿន ភេទស្រី អាយុ ៤៦ ឆ្នាំ រស់នៅភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បានដើរបេះបន្លែ ក្នុងព្រៃនៅលើខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ចំណុចចន្លោះបង្គោលសីមា លេខ ៣៧-៣៨ ស្ថិតក្នុងភូមិសាស្ត្រ ភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខនឹងភូមិសាស្ត្រ ភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ក៏ស្រាប់តែជាន់ត្រូវមីនប្រឆំាងមនុស្ស បណ្តាលឲ្យរបួសធ្ងន់ ដាច់ជើងឆ្វេង និងលើផ្ទៃមុខ។
មន្ត្រីបានបន្តថាៈ បន្ទាប់ពីឮសម្លេងមីនផ្ទុះ កម្លាំងយោធាតំបន់អភិវឌ្ឍន៍យោធភូមិភាគទី៥ ក្ដឹបថ្ម ស្រុកថ្មពួក សហការជាមួយកម្លាំងយោធាបោសសម្អាតមីនកម្ពុជា និងកម្លាំង ទាហានឈុតខ្មៅថៃ កងរយ ១២០៣ ដែលឈរជើងនៅទល់មុខនោះ បាននាំគ្នារាវរកមីន ដើម្បីចូលទៅជួយសង្គ្រោះជនរងគ្រោះ។ ប៉ុន្តែក្នុងពេលប្រតិបត្តិការរាវរកមីនផង កាប់ឆ្ការត្រួសត្រាយព្រៃផង នោះ មន្ត្រីយោធាតំបន់អភិវឌ្ឍន៍ ឈ្មោះ សេង ឆន ភេទប្រុស អាយុ ៤០ ឆ្នាំ បានកាប់ត្រូវចំគ្រាប់មីន ១ គ្រាប់ បណ្តាលឲ្យផ្ទុុះ បង្កឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដៃខាងស្តាំ និងភ្នែក ។

ប្រភពបានបន្តថាៈ ពេលនោះ កម្លាំងយោធា បានសង្គ្រោះមន្ត្រីយោធា ខាងលើ បញ្ជូនទៅ មន្ទីពេទ្យបង្អែកស្រុកថ្មពួក រួចបន្តបញ្ជូនទៅមន្ទីរពេទ្យព២ ឬពេទ្យយោធភូមិភាគ៥ នៅខេត្តបាត់ដំបង ដើម្បីធ្វើការសង្គ្រោះ ព្យាបាល ។
ឃើញស្ថានភាពគ្រោះថ្នាក់ជាន់លើគ្រោះថ្នាក់យ៉ាងនេះ ខាងកម្លាំងថៃ បានប្រុងប្រយ័ត្ន ហើយហៅកងកម្លាំងបោសសម្អាតមីនថៃ (TMAC) មកជួយរាវមីន វែកច្រកផ្លូវចូល ទៅជួយសង្គ្រោះស្ត្រីពលរដ្ឋថៃ។ គឺរហូតដល់ម៉ោង ២និង ២៥នាទីរសៀលថ្ងៃដដែល ទើប អាចជួយសង្គ្រោះបាន ហើយត្រូវបានទាហានថៃ ដឹកយកទៅសង្គ្រោះ ព្យាបាល នៅមន្ទីរពេទ្យស្រុកតាប្រាយ៉ា រួចបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តស្រះកែវ ៕/V/R