Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទេសចរអន្តរជាតិ រយៈពេល ៨ខែ នៃឆ្នាំ២០២៣ កើនឡើង ២៥០,៨% ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២

Views: 2

ដោយ: សុផល / ភ្នំពេញ: ក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី ៣០ ខែកញ្ញាថា រយៈពេល ៨ខែ នៃឆ្នាំ២០២៣ នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ ៣,៥ លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។

ដោយឡែក បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ-១៩ ឃើញថា ចំនួននេះ នៅមានការថយចុះ ១៩,៧% នៅឡើយ ពោលគឺ យើងទើបតែទទួលបាន ទេសចរអន្តរជាតិ ប្រមាណ ៨០% នៃកម្រិតមុនវិបត្តិ សម្រាប់រយៈពេល ៨ខែឆ្នាំ ២០២៣ នេះ។ តាមការរំពឹងទុក កម្ពុជា នឹងទទួលបានទេសចរអន្តរជាតិ ក្នុងរង្វង់ ប្រមាណ ៤,៥ លាន ទៅ ៥ លាននាក់ សម្រាប់ពេញមួយ ឆ្នាំ២០២៣ នេះ។

ទន្ទឹមនឹងនេះ ក្នុងចំណោមទេសចរអន្តរជាតិ ប្រមាណ ៣,៥ លាននាក់ ខាងលើ ទេសចរដែលចូលតាមផ្លូវអាកាស មានចំនួនប្រមាណ ១,២ លាននាក់ ដោយកើនឡើង ២០៦,១% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២២ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ (មុនវិបត្តិកូវីដ-១៩) តួលេខនេះ នៅមានការថយចុះ ប្រមាណ ៦០,៩% នៅឡើយ។ ដូចគ្នានេះដែរ ចំនួនទេសចរអន្តរជាតិ ដែលចូលតាមផ្លូវគោក និងផ្លូវទឹក សម្រាប់រយៈពេល ៨ខែឆ្នាំ២០២៣នេះ មានចំនួនប្រមាណ ២,២៨ លាននាក់។ យើងកត់សម្គាល់ឃើញថា ទេសចរអន្តរជាតិ ភាគច្រើន មកតាមផ្លូវគោក ពីប្រទេសជិត ខាង ដែលជាទីផ្សារអាទិភាពដ៏សំខាន់មួយ ក្នុងដំណាក់កាល ក្រោយវិបត្តិកូវីដ-១៩។

សូមបញ្ជាក់ផងដែរថា នាយកដ្ឋានស្ថិតិទេសចរណ៍ បានប្រមូលរៀបចំចងក្រងស្ថិតិ ទិន្នន័យទេសចរអន្តរជាតិ ពីគ្រប់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ ទូទាំងប្រទេស៕ V / N

Post navigation