Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទំនាក់ទំនងការទូត៧០ឆ្នាំ រវាងកម្ពុជា-ជប៉ុន សម្រេចបានអ្វីខ្លះ?

Views: 3

ដោយៈសុផល/ភ្នំពេញ៖ ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា(១៩៥៣-២០២៣) ហើយដើម្បីរំលឹកពីចំណងការទូតរវាងប្រទេសទាំងពីរ ក្លិបអ្នកកាសែតកម្ពុជា និងស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នាព្រឹកថ្ងៃទី២៦ខែកញ្ញា នៅសណ្ឋគារSun & Moon រាជធានីភ្នំពេញ។

ក្នុងឱកាសធ្វើជាវិគ្មិនក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន»នេះ លោក យូអ៊ីណូ អាស៊ូស៊ី ( UENO Atsushi )ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានលើកឡើងពីទិដ្ឋភាពសំខាន់ៗមួយចំនួន ដើម្បីឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រយៈពេល៧០ឆ្នាំ ។

ទាក់ទងនឹង កិច្ចសហការទំនាក់ទំនងការទូតរវាងប្រទេសវាងកម្ពុជា-ជប៉ុន លោកឯកអគ្គរាជទូត បានមានប្រសាសន៍ថា កម្ពុជា-ជប៉ុនមានកិច្ចសហប្រតិបត្តិការ​តាំងពីរទសវត្សទី១៧ មកម្ល៉េះ បើក្រឡេកមើលគឺមានសាច់រឿងជាច្រើនពីការផ្លាស់ប្តូរ និងទំនាក់ទំនង។ សម្រាប់ទំនាក់ទំនងផ្លូវការរបស់ប្រទេសទាំងពីរ ត្រូវបានបង្កើតជាផ្លូវការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ មុនពេលកម្ពុជា ប្រកាសឯករាជ្យរបស់ខ្លួនរយៈពេល១០ខែ។

ទំនាក់ទំនងកម្ពុជា-ជប៉ុន បានជាប់គាំងនៅអំឡុងទសវត្ស ៧០ និង៨០ ដោយសារតែសង្គ្រាមស៊ីវិលនៅកម្ពុជា។ អ្វីដែលជាការទម្រង់ទិសនិងការសម្រួច​ទំនាក់ទំនងប្រកបដោយភាពវិជ្ជមានរវាងកម្ពុជា-ជប៉ុន គឺការចូលរួមយ៉ាង សកម្មរបស់កម្ពុជា ក្នុងការកសាងសន្តិភាព និងស្តារប្រទេសកម្ពុជាឡើងវិញ ក្នុងទសវត្ស៨០ និង៩០។

ប្រទេសជប៉ុន បានរៀបចំសន្ធិសញ្ញាសន្តិភាពកម្ពុជា នៅឆ្នាំ១៩៩០ ដែលជាចំណុចរបត់ខ្លាំងក្នុងការចុះសន្ធិសញ្ញាសន្តិភាព នៅឆ្នាំ១៩៩១ ដែលនៅពេលនោះ គឺមានអាជ្ញាធរបណ្តុះអាសន្នរបស់អង្គការសហប្រជាជាតិ ដែលកាត់ថា អ៊ុនតាក់ នៅកម្ពុជា។ ជប៉ុនក៏បានបញ្ជូនកងកម្លាំងរក្សាសន្តិភាព មកចូលរួមរក្សាសន្តិភាពនៅកម្ពុជា។

ប្រទេសជប៉ុន បានជួយគាំទ្រកម្ពុជា ក្នុងការថែរក្សាសន្តិភាព គាំទ្រលើការស្តារឡើងវិញ ក្រោយពីបិទបញ្ចប់នូវសង្គ្រាមស៊ីវិល ដែលជំនួយទាំងនោះមានកម្មវិធីគាំទ្រលើការអភិវឌ្ឍលទ្ធិប្រជាធិតេយ្យ, ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ឧទារហណ៍ការជុសជួលស្ពានជ្រោយចង្វារឡើងវិញ បន្ទាប់ពីត្រូវបានបំផ្ទុះនៅសម័យសង្គ្រាមស៊ីវិល។ ព្រមទាំងការសាសង់ស្ពានសំខាន់ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានសុខាភិបាល សាលារៀន និងប្រព័ន្ធធារាសាស្ត្រ ជាច្រើនទៀត ដើម្បីលើកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។

ក្រោយពេលប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ ជប៉ុនបានចូលរួមផ្តល់ឱកាសអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា តាមរយៈការបញ្ជូនមនុស្សឱ្យទៅសិក្សានៅប្រទេសជប៉ុន ក្រោយបញ្ញាវ័ន្តកម្ពុជា ជាច្រើនបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បន្ថែមពីនេះជប៉ុន បានបន្តសហការជាមួយកម្ពុជា ក្នុងការបោសម្អាតគ្រាប់មីន ការអភិរក្ស និងការស្តារជួសជុលទីតាំងប្រាសាទមួយចំនួន នៅតំបន់រមណីយដ្ឋានអង្គរវត្ត ជាដើម។

ចំណែក ទំនាក់ទំនងទ្វេរភាគីនាពេលបច្ចុប្បន្ន លោកទូតបានលើកឡើងថា ឆ្នាំ២០២៣ ជាខួបអនុស្សាវរីយ៍លើកទី៧០ ឆ្នាំទំនាក់ទំនងការទូតប្រទេសកម្ពុជា-ជប៉ុន។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក រហូត២លើក ហើយសម្រាប់កិច្ចប្រជុំរវាងថ្នាក់នាំទាំងពី ​មានរហូត៤ដង។ ថ្នាក់ដឹកនាំទាំងពីរ បានឯកពីទំនាក់ទំនងទ្វេរភាគី បានបញ្ជាក់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិទី៧ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃទី​ ៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក៏បានជួបជជែកគ្នាជាមួយនាយករដ្ឋមន្រ្តីជប៉ុន លើកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ទាំងកិច្ចការក្នុងតំបន់ និងអនាគតកម្ពុជា ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ។

តាមរយៈជំនួបនេះ នាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុន បានឯកភាពគ្នាក្នុងបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈភាពជាដៃគូក្នុងការគាំទ្រ ឆ្លើយតបទៅនឹងស្ថានភាពក្នុងតំបន់ និងសកលលោកផងដែរ។ តាមរយៈទំនាក់ទំនងការទូត៧០ឆ្នាំ ប្រទេសជប៉ុន បានគាំទ្រកម្ពុជា លើការងារសេដ្ឋកិច្ច​-សង្គម ដោយផ្តល់ជំនួយនូវអភិវឌ្ឍន៍ផ្លូវការ (ODA) ព្រមទាំងសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាល ជប៉ុនមួយចំនួន។

កម្ពុជាបានគាំទ្រលើគោលជំហររបស់ជប៉ុន លើទិដ្ឋភាពនយោបាយ ហើយថ្មីនេះៗកម្ពុជា ក្នុងនាមសមាជិកអាស៊ានមុនគេ បានបង្ហាញពីការគាំទ្រលើកិច្ចព្រមព្រៀងបើកចំហរអាស៊ីប៉ាស៊ីហ្វិក។ ក្នុងពេលថ្មីនេះ ក្រសួងពាណិជ្ជកម្ពុជា បានបង្ហាញការរឹតបន្តឹងចំពោះការនាំចូលផលិតផលជលផលពីប្រទេសជប៉ុន ចូលមកកម្ពុជា ក្រោយការបញ្ចេញថាមពលនុយក្លេអ៊ែរពីរោងចក្រ នៅ Fukushima ដែលចំណុចនេះជាសារទរយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលជប៉ុន ដល់កម្ពុជា។

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នៅពេលនេះ បានផ្តោតទៅលើបញ្ហាសន្តិសុខ ដោយមានការផ្លាស់ប្តូរយ៉ាងសំខាន់រវាងឧត្តមមន្ត្រីពីកម្លាំងការពារខ្លួនជប៉ុន និងកងកម្លាំងកម្ពុជា នៅកំពង់ផែខេត្តព្រះសីហនុ កាលពីឆ្នាំ២០២២ ដោយមានចំនួន២ដង។ ឆ្នាំ២០២៣នេះ ភាគីទាំងពីរ ក៏បានរៀបចំនូវកិច្ចសហការរវាងកងកម្លាំងពីរផងដែរ។

ពាក់ព័ន្ធនឹងផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា-ជប៉ុន មានចំនួន ១.៦ពាន់លានយ៉េន កាលពីឆ្នាំ១៩៨១ បច្ចុប្បន្ននេះ បានកើនឡើងរហូតដល់ ជាង២០០ដង នៅឆ្នាំ២០២២។ សម្រាប់ក្រុមជប៉ុន នៅកម្ពុជា ក៏មានការកើនឡើងខ្ពស់ផងដែរ ហើយក្រុមហ៊ុនជប៉ុន បានចូលរួមយ៉ាងសំខាន់ក្នុងការវិនិយោគនៅកម្ពុជា។ ខណៈថ្មីៗនេះមានក្រុមជប៉ុនធំៗមួយចំនួនបានបើកដំណើរនៅកម្ពុជា ហើយនៅឆ្នាំ២០២៣នេះ គឺមានគម្រោងវិនិយោគខ្នាតធំជាច្រើនត្រូវបានដាក់ចេញ រួមទាំងការដាក់ឱ្យដំណើរការផ្សារទំនើប អ៊ីអន៣ ការផ្លាស់ប្តូរទេសចរណ៍រវាងគ្នាទៅវិញទៅមក ការបញ្ជូននិស្សិតឱ្យចេញទៅសិក្សានៅប្រទេសជប៉ុន។

រីឯទស្សនទានទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នៅពេលខាងមុខ លោក ទូត បានបន្តថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន មិនមែនត្រឹមតែជាទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន តែប៉ុណ្ណឹងទេ គឺប្រទេសទាំងពីរធ្វើការរួមគ្នាក្នុងនាមជាសមភាគី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ទាំងកម្រិតតំបន់ និងសកលលោករួមគ្នា។

តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន គួរតែបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតសម្រាប់វិបុលភាពក្នុងតំបន់ និងសហគមន៍អន្តរជាតិ។

ទំនាក់ទំនងនេះជានិមិត្តសញ្ញាតាមរយៈការខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា-ជប៉ុន ដែលបានកត់សម្គាល់ឃើញនូវការបណ្តុះបណ្តាលអ្នកបោសសម្អាតមីន អ៊ុយក្រែន។ សម្រាប់គំនិតផ្តួចផ្តើមនេះទទួលបានការកោតសសើរ និងគាំទ្រពីសហគមន៍អន្តរជាតិ ហើយកម្ពុជា មិនត្រឹមតែជួយបណ្តុះបណ្តាលអ្នកបោសសម្អាតមីន អ៊ុយក្រែននោះទេ មានអ្នកជំនាញបោសសម្អាតមីនអ៊ីរ៉ាក់ កូឡំប៊ី ព្រមទាំងបណ្តាប្រទេសផ្សេងទៀត តាមរយៈអង្គការ JICA។

លោកជឿជាក់ថា នៅមានការងារជាច្រើនទៀតដែលកម្ពុជា-ជប៉ុន អាចធ្វើជាមួយគ្នា ក្នុងការកសាងសន្តិភាព ដែលនេះមិនត្រឹមតែជាប្រយោជន៍សម្រាប់តំបន់នោះទេ ប៉ុន្តែ សម្រាប់សកលលោកទាំងមូលតែម្តង។

តាមរយៈការបង្កើនក្រុមវិនិយោគជប៉ុន នៅកម្ពុជានឹងចូលរួមចំណែកបង្កើតទំនាក់ទំនងសេដ្ឋកិច្ចទ្វេរភាគី បន្ថែមលើនេះនឹងរួមចំណែកអភិវឌ្ឍសម្រាប់មហាតំបន់មេគង្គទាំងមូលតែម្តង។ ដូច្នេះភាពដៃគូរវាងកម្ពុជា-ជប៉ុន គឺដើរតួនាទីយ៉ាងសំខាន់ឆ្លើយតបទៅនឹងបរិបទនេះ ប្រទេសជប៉ុននឹងបន្តគាំទ្រភាពជាដៃគូកម្ពុជា ក្នុងការបោះជំហាន ជាមួយការប្តេជ្ញាចិត្តជាលក្ខណៈតំបន់ និងសហគមន៍អន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា មិនត្រឹតែរួមចំណែកអភិវឌ្ឍន៍ខ្លួន ហើយអាចធានាថាកម្ពុជា និងជប៉ុន អាចបន្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕ P / N

Post navigation