Views: 1
ដោយៈ ចាន់តូ / ភ្នំពេញៈ បុរសរត់ម៉ូតូឌុបម្នាក់ ត្រូវបានជនដៃដល់ ចាក់នឹងកាំបិតចុងស្រួច ចំនួន ៤ កាំបិត បណ្តាលឲ្យស្លាប់ បន្ទាប់ពីផឹកសុ ីបាត់លុយចំនួន ១២ មុឺនរៀល និង ខឹងជនដៃដល់ ប្រមាថមើលងាយកូនស្រីរបស់គាត់ផង ក៏កើតជាហិង្សា ប្រតាយប្រតប់គ្នា កើតឡើង ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៦និង៤០នាទី យប់ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះដែលស្លាប់ មានឈ្មោះ គីម ប្រាក់ អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលលេខ៤B នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកជនដៃដល់ មានឈ្មោះ ប៉ុន វ៉ុន ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃក្មេង ឃុំមេសាង ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្ន រស់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ បានឲ្យដឹងថាៈ ជនរងគ្រោះ និងជនសង្ស័យបានផឹកស៊ីជាមួយគ្នា ចំនួន ៤ ទៅ ៥ នាក់ ជាច្រើនម៉ោង ។ រហូតដល់ម៉ោងកើតហេតុខាងលើ ជនសង្ស័យ សុំចូលបត់ជើង ក្នុងបន្ទប់ទឹករបស់ ជនរងគ្រោះ ពេលចេញមកវិញ ប្រពន្ធជនរងគ្រោះ ក៏ចូលទៅមើលលុយរបស់ខ្លួន ឃើញថា បាត់លុយចំនួន ១២ ម៉ឺនរៀល ប្រពន្ធជនរងគ្រោះ ក៏សួរនាំ ជនសង្ស័យ ប្រកែកតឹងសរសៃក ដាក់គ្នាទៅវិញទៅមក បន្ទាប់មក ក៏ប្រើហិង្សាដាក់គ្នាមួយប្រាវ។ ហើយជនសង្ស័យ ក៏ទាញម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC.4317 ជិះចេញទៅបាត់ មួយសន្ទុះក្រោយមកក៏មកដល់មុខផ្ទះរបស់ ជនរងគ្រោះវិញ ក៏ស្រែកជេរប្រមាថ មើលងាយទៅជនរងគ្រោះ ថាកូនស្រីរបស់គាត់ អាយុ១៧ឆ្នាំ ធ្លាប់ដេកជាមួយគ្នា (ជនសង្ស័យ) ខណៈពេលនោះ ជនរងគ្រោះ ខឹងសម្បារខ្លាំង ក៏ទាញដំបងដេញវ៉ៃ ជនសង្ស័យ មានការ ប្រតាយប្រតប់គ្នាជនសង្ស័យ ដកកាំបិតពីចង្កេះ ចាក់ទៅលើជនរងគ្រោះ ចំនួន ៤ កាំបិត ចុងស្រួច បណ្ដាលឲ្យចេញ ឈាម ហើយចំណែកឯប្រពន្ធជនរងគ្រោះ ក៏ជួយប្រទាញប្រទង់ ឃាត់ ត្រូវបានជនសង្ស័យ ដាល់មួយដៃឲ្យហើមមុខ ថែមទៀតផង។
ក្រោយពេលពីចាក់ហើយ ជនសង្ស័យ ក៏ទាញម៉ូតូប្រុងជិះចេញ ត្រូវបានប្រពន្ធជនរងគ្រោះ ទាញ បណ្ដាលឲ្យដួលម៉ូតូ ហើយជនសង្សយ ក៏រត់ចោលម៉ូតូ បាត់តែម្ដង។ ចំណែកឯ ជនរងគ្រោះ ដោយត្រូវរបួសឈាមហូរច្រើន ពេក ក៏ដើរមកដេកលើគ្រែ ដែលនៅមុខរោងចក្រ ហើយក៏បានបាត់បង់ជីវិតតែម្ដង។
ក្រោយពីកើតហេតុ សមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ យកខ្សែមកព័ទ្ធជុំវិញ និង យកប្រពន្ធរបស់ជនសង្ស័យ និងប្រពន្ធជនរងគ្រោះ ទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី៣ ដើម្បីបន្តតាមនីតិវិធី។ ចំណែកសពសមត្ថកិច្ច ពិនិត្យ និងធ្វើកោសល្យវិច័យ រួចប្រគល់ឱ្យសាច់ញាតិដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕/V/R



