Views: 3
ដោយ: បូកគោ / កំពត: ចន្លោះពេលនៃវិបត្តិកូវីដ-១៩ កន្លងទៅ អ្នករកទទួលទានពាក់ព័ន្ធ វិស័យទេសចរណ៍ នៅតំបន់រមណីយដ្ឋានទំនប់ម្លេច បានបង្កើតបន្ថែម នូវសេវាកម្សាន្តថ្មី ប្លែកៗ ធ្វើឱ្យភ្ញៀវជិតឆ្ងាយ កាន់តែចាប់អារម្មណ៍ មកទស្សនា និងស្នាក់អាស្រ័យច្រើន ឡើង។
ម្ចាស់អាហារដ្ឋាន ក៏ដូចជាម្ចាស់កន្លែងសម្រាកលម្ហែនានា ក្នុងតំបន់រមណីយដ្ឋានទំនប់ម្លេច បានរៀបរាប់ថាៈ ទោះបីការបង្កើតបន្ថែម នូវសេវាកម្សាន្តផ្សេងៗ កាលពីអំឡុងវិបត្តិ កូវីដ-១៩ មិនទាន់សម្រេចរួចរាល់ ១០០ ភាគរយក្តី តែមកដល់ពេលនេះ ពិសេសថ្ងៃសៅរ៍ -អាទិត្យ រមណីយដ្ឋានទំនប់ម្លេច មានសន្ទុះភ្ញៀវ មកលម្ហែសប្បាយច្រើនឡើងៗ ។ ទាំងនេះដោយសារមានសមិទ្ធផល ទើបបង្កើត និងកែលម្អថ្មី ដែលពោរពេញ ដោយភាពទាក់ទាញ ច្រើនជាងមុន។ ចំណែកតម្លៃសេវាកម្ម ក៏មានលក្ខណ:សមរម្យ ដែលភ្ញៀវអាចទទួលយកបាន។

ស្រដៀងគ្នានេះដែរ អ្នកលក់ទឹកអំពៅ លើខ្នងទំនប់ម្លេច បានរៀបរាប់ថាៈ សព្វថ្ងៃ រមណីយដ្ឋានទំនប់ម្លេច មានកន្លែងកម្សាន្ត សប្បាយសម្បូរបែប។ រាល់ថ្ងៃចុងសប្តាហ៍ ឬពេលបុណ្យទានម្តងៗ ភ្ញៀវជាតិ និងភ្ញៀវបរទេស តែងមកលេងច្រើន ដែលអាចជួយជីវភាពប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ថាៈ តំបន់រមណីយដ្ឋានទំនប់ម្លេច ជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញថ្មីមួយរបស់ខេត្តកំពត ក្រោយរាជរដ្ឋាភិបាល បើកប្រទេសឡើងវិញ។ ទៅថ្ងៃមុខ មណ្ឌលកម្សាន្តនេះ នឹងក្លាយជា បណ្តុំតំបន់ទេសចរណ៍ធម្មជាតិដ៏ប្រណីតមួយ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ។ ភូមិសាស្ត្រនៃតំបន់ទំនប់ម្លេច ពោរពេញដោយសក្តានុពលទេសចរណ៍ធម្មជាតិ ដែលមិនមានកន្លែងផ្សេងដូចឡើយ។

សូមបញ្ជាក់ថា មណ្ឌលកម្សាន្តធម្មជាតិទំនប់ម្លេច មានទីតាំងស្ថិតក្នុងភូមិតាតែន ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ដើម្បីបានទៅដល់រមណីយដ្ឋាននេះ ភ្ញៀវអាចធ្វើដំណើរលើផ្លូវជាតិ លេខ៣ ដល់ត្រង់ចំណុចអតីតសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាព្រំប្រទល់ រវាងខេត្តតាកែវ និងខេត្តកំពត ត្រូវបត់ទៅផ្នែកខាងស្តាំ ប្រមាណជាង ៥ គីឡូម៉ែត្រ។ ផ្លូវនេះ អាចធ្វើដំណើរបាន សម្រាប់យានយន្តគ្រប់ប្រភេទ៕/V.mara


