Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទំនប់អាងទឹក រក្សា មានលទ្ធភាពផ្គត់ផ្គង់ទឹក ស្រោចស្រពដំណាំកសិកម្ម ទាំងរដូវប្រាំង និងរដូវវស្សា ក្រោយបញ្ចប់ការសាងសង់

Views: 6

ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារ៖ ទំនប់អាងស្តុកទឹក រក្សា មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រព ដំណាំកសិកម្មរបស់ប្រជាកសិករ នៅរដូវវស្សា បានចំនួន ១៤៣.៣២៣ ហិកតា និងនៅរដូវប្រាំង បានចំនួន ២២.៨៧៨ ហិកតា ក្រោយពេលទំនប់អាងស្ដុកទឹកនេះ បានត្រូវបិទការដ្ឋានស្ថាបនាជាស្ថាពរនោះ។ ទំនប់អាងស្តុកទឹកនេះ ក៏ជាប្រភពដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងជួយកាត់បន្ថយទឹកជំនន់ និងគ្រោះរាំងស្ងួត តាមរយៈយន្តការបច្ចេកទេសច្បាស់លាស់ នៃការគ្រប់គ្រងធនធានទឹកចម្រុះរបស់ស្ទឹងសែន ដែលគ្របដណ្តប់ភាគច្រើន លើទឹកដី នៃខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ បានឱ្យដឹងកាលពីល្ងាចថ្ងៃទី១១ ខែសីហា នេះថាៈ ទំនប់អាងស្តុកទឹក រក្សា ស្ថិតនៅលើដងស្ទឹងសែន ត្រង់ព្រំប្រទល់រវាងឃុំពុទ្រា និងឃុំរក្សា នៃស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ ។ ទំនប់នេះ បានសាងសង់ ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់រួចរាល់ជាស្ថាពរ នៅចុងខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាៈ ទំនប់អាងស្តុកទឹក រក្សា នេះ មានប្រវែងសរុប ២.៩៥៦ ម៉ែត្រ អាចស្តុកទឹកបានប្រមាណ ២៥៧ លានម៉ែត្រគូប ដោយមានទ្វារទឹកធំចំនួន ២០ ទ្វារ ។ ទ្វារទឹកនីមួយៗ មានទំហំ ១០ ម៉ែត្រ និងទម្ងន់ប្រមាណជាង ៦០ តោន ព្រមទាំងមានបម្រុងទុកនូវទ្វារទឹក និងបំពង់សម្រាប់តួប៊ីន ចំនួន ៣ កន្លែង ដែលអាចផលិតថាមពលវារីអគ្គិសនី បាន ១,៥០ មេហ្គាវ៉ាត់ ។

ទំនប់អាងស្តុកទឹកនេះ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់ដំណាំកសិកម្មរបស់ប្រជាកសិករ នៅរដូវវស្សា បានចំនួន ១៤៣.៣២៣ ហិកតា និងនៅរដូវប្រាំង បានចំនួន ២២.៨៧៨ ហិកតា ។ វាជាប្រភពដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងជួយកាត់បន្ថយទឹកជំនន់ និងគ្រោះរាំងស្ងួត តាមរយៈយន្តការបច្ចេកទេសច្បាស់លាស់ នៃការគ្រប់គ្រងធនធានទឹកចម្រុះរបស់ស្ទឹងសែនដែលគ្របដណ្តប់ភាគច្រើន លើទឹកដីនៃខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានស្នើដល់ភាគីចិន ឱ្យបើកវគ្គបណ្តុះបណ្តាល រយៈពេលខ្លី អំពីបច្ចេកទេសប្រើប្រាស់លើឧបកណ៍ សម្ភារបំពាក់ និងការបញ្ជាបិទ-បើកទ្វារ ដល់មន្រ្តីនៃនាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ និងខេត្តកំពង់ធំផងដែរ មុនពេលបញ្ចប់សុពលភាព និងប្រគល់-ទទួលជាផ្លូវការ មកឱ្យភាគីកម្ពុជា៕/V

Post navigation