Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទម្រង់​ថ្មី​នៃ​ការ​ជួញដូរ​មនុស្ស​គឺ​ការបង្ខំ​ជនរងគ្រោះ​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អ៊ីនធឺណិត

បណ្ដាញជជែកតាមតេឡេក្រាមឈ្មោះ White Shark ដែលមានអ្នកប្រើប្រាស់ជាង៥ ៧០០នាក់ មានការជជែកអំពីការជួញដូរមនុស្ស ជាពិសេសនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា និងកន្លែងផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។

ការផ្សាយពាណិជ្ជកម្មមួយនៅក្នុងបណ្ដាញនេះបានសរសេរថា «​លក់​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ ទើប​រត់ពន្ធ​ពី​ចិន​ អាយុ២២ឆ្នាំ មានអត្តសញ្ញាណបណ្ណ វាយកុំព្យូទ័រមិនសូវស្ទាត់ជំនាញ លក់ក្នុងតម្លៃ១០ ០០០ដុល្លារ»។ 

ពាណិជ្ជកម្មមួយផ្សេងទៀតសរសេរថា «កម្ពុជា ព្រះសីហនុ មាន​ជនជាតិ​បង់ក្លាដែស៦​នាក់ អាច​វាយ​កុំព្យូទ័រ និង​និយាយ​ភាសា​អង់គ្លេស»។ 

បណ្ដាញនេះក៏មានការផ្ដល់រង្វាន់សម្រាប់ការចាប់ខ្លួនអ្នកដែលបានរត់គេចខ្លួនផងដែរ។ បន្ទាប់ពីមានការសាកសួរពី ProPublica ក្រុមហ៊ុនតេឡេក្រាមបានបិទបណ្ដាញជជែកឈ្មោះ White Shark ដោយសារតែ «ការចែកចាយព័ត៌មានបុគ្គលដោយគ្មានការយល់ព្រម»។ 

ទោះជាយ៉ាងណា មានបណ្ដាញស្រដៀងគ្នានេះនៅតែដំណើរការដោយសេរី។ 

បុរសជនជាតិចិនម្នាក់ឈ្មោះ ហ្វាន (Fan) អាយុ២២ឆ្នាំ បាននិយាយថា គាត់ត្រូវបានគេលក់ពីរដង កាលពីឆ្នាំ២០២១។ គាត់​មិន​ដឹង​ថា​តើគាត់មានឈ្មោះក្នុងបណ្ដាញតេឡេក្រាមនេះ (White Shark) ឬក៏​អត់នោះ​ទេ។ គាត់ដឹងត្រឹមថា រាល់ពេលដែលគាត់ត្រូវបានលក់ អ្នកថ្មីដែលចាប់បង្ខាំងគាត់បានបង្កើនចំនួនទឹកប្រាក់ដែលគាត់ត្រូវបង់ជាថ្នូរនឹងការ​ដោះលែង ដែលធ្វើឱ្យបំណុលរបស់គាត់កើនឡើងទ្វេដងពី៧ ០០០ដុល្លារ ទៅ១៥ ៥០០ដុល្លារនៅក្នុងប្រទេសដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ប្រចាំឆ្នាំ គឺប្រហែល១ ៦០០ដុល្លារ។

លោក ហ្វាន (Fan) បានចាប់ផ្ដើមធ្វើការងារដោយបង្ខំ។ គាត់ធ្លាប់ធ្វើជាចុងភៅនៅភោជនីយដ្ឋានមួយក្នុងខេត្តហ្វូជៀន (Fujian) ប្រទេសចិន រហូតដល់ភោជនីយដ្ឋាននោះត្រូវបានបិទ បន្ទាប់មកគាត់បានធ្វើជាអ្នកដឹកជញ្ជូនម្ហូបអាហារ។ នៅខែមីនា ឆ្នាំ២០២១ លោក ហ្វាន (Fan) ទទួលបានតំណែងផ្នែកទីផ្សារនៅក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារដ៏ល្បីមួយនៅកម្ពុជា។ គាត់ទទួលបានប្រាក់ខែ១ ០០០ដុល្លារក្នុងមួយខែ។ លោក ហ្វាន (Fan) រំភើបជាខ្លាំង។ គាត់ក៏បានប្រាប់បងប្រុសរបស់គាត់ដែលធ្វើការនៅប្រទេសកម្ពុជាអំពីឱកាសនោះ។ បងប្រុសរបស់លោក ហ្វាន (Fan) បានលាឈប់ពីការងារដែលគា​ត់កំពុងធ្វើ និងបានមកធ្វើការជាមួយលោក ហ្វាន (Fan)។ ទម្រាំលោក ហ្វាន (Fan) និងបងប្រុសរបស់គាត់ដឹងថាការងារនោះជាការឆបោក វាយឺតពេលទៅហើយ។ ថៅកែថ្មីរបស់គាត់មិនអនុញ្ញាតឱ្យពួកគាត់ចាកចេញពីបរិវេណធ្វើការឡើយ។

ខុសពីមនុស្សជាច្រើន អ្ន​កផ្សេងទៀតដែលត្រូវបានជួញដូរ និងត្រូវបានបង្ខំឱ្យបម្រើសេវាផ្លូវភេទ លោក ហ្វាន (Fan) និងបងប្រុសរបស់គាត់ មានតួនាទីក្នុងការឆបោកទារប្រាក់ពីមនុស្សជុំវិញពិភលោក រួមទាំងពលរដ្ឋនៅសហរដ្ឋអាមេរិកផងដែរ។ 

មនុស្សរាប់ម៉ឺននាក់មកពីប្រទេសចិន តៃវ៉ាន់ ថៃ វៀតណាម និងកន្លែងផ្សេងទៀតក្នុងតំបន់ ត្រូវបានឆបោកក្នុងករណីស្រដៀងគ្នានេះផងដែរ។ ដំណឹងជ្រើសរើសបុគ្គលិកក្លែងក្លាយបានទាក់ទាញពួកគេឱ្យមកធ្វើការក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលក្រុមឧក្រិដ្ឋជនជាជនជាតិចិនបានបើកប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត។ នេះបើយោងតាមការសម្ភាសជាមួយអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស បុគ្គលិកអនុវត្តច្បាប់ អ្នកជួយសង្គ្រោះ និងជនរងគ្រោះរាប់សិបនាក់ពីការជួញដូរមនុស្សទម្រង់ថ្មីនេះ។ បន្ទាប់មក ជនរងគ្រោះត្រូវបានបង្ខំឱ្យឆបោកមនុស្សជុំវិញពិភពលោក។ ប្រសិនបើ​ពួកគេ​បដិសេធ ពួកគេ​នឹងត្រូវបាន​វាយដំ បង្អត់​អាហារ ឬ​ឆក់នឹងខ្សែភ្លើង។ អ្នកខ្លះលោតចេញតាមយ៉ ដើម្បីគេចខ្លួន។ អ្នកខ្លះទៀតទទួលយកការងារនិងចូលរួមក្នុងការឆបោកតាមអ៊ីនធឺណិត។

ទីបំផុត លោក ហ្វាន (Fan) និង​បង​ប្រុស​របស់​គាត់​ ត្រូវបានបញ្ជូនទៅកាន់ទីតាំងមួយក្នុង​ខេត្ត​ព្រះសីហនុ ដែលព័ទ្ធ​ដោយ​របង​លួស​បន្លា។ ពួកគាត់ត្រូវបានបង្ខំឱ្យឆបោកប្រជាជនក្នុងប្រទេសអាល្លឺម៉ង់តាមអ៊ីនធឺណិត ក៏ដូចជាប្រជាជនដែលនិយាយភាសាអង់គ្លេសនៅក្នុងប្រទេសអូស្ត្រាលី និងកន្លែងផ្សេងទៀតផងដែរ។

លោក ម៉ាត់ ហ្រ្វេតម៉ែន (Matt Friedman) នាយកប្រតិបត្តិនៃ Mekong Club ដែលជាអង្គការមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅទីក្រុងហុងកុង ដែលប្រយុទ្ធប្រឆាំងនឹងទាសភាពសម័យទំនើប បាននិយាយថា «បទឧក្រិដ្ឋពីររួមបញ្ជូលគ្នា គឺការឆបោក និងការជួញដូរមនុស្ស គឺជារឿងថ្មីមួយ» ដែលលោកហៅជា «ការឈឺចាប់ទ្វេដង»។ លោក Friedman បាននិយាយថា ក្នុងអាជីពរបស់លោករយៈពេល៣៥ឆ្នាំ លោកមិនធ្លាប់ឃើញករណីនេះទេ។ ករណីនេះទើបតែចាប់ផ្តើមកើតមាននៅសហរដ្ឋអាមេរិក។ 

វិធីសាស្រ្តឆបោកដែលត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងចំណោមប្រតិបត្តិការទាំងនេះមានឈ្មោះថា «pig butchering»។ វិធីសាស្រ្តនេះរួមមានការសាកល្បងអំពីការឆបោក ដូចជា ការធ្វើឱ្យជនរងគ្រោះទុកចិត្តមកលើខ្លួន។ វាពឹងផ្អែកលើប្រសិទ្ធភាពនៃទំនាក់ទំនងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ 

ជាធម្មតា ជនឆបោកបង្កើតទំនាក់ទំនងតាមអ៊ីនធឺណិត ឬបង្កើតទំនាក់ទំនងស្នេហា ហើយបន្ទាប់មកបញ្ចុះបញ្ចូលឱ្យជនរងគ្រោះដាក់ប្រាក់ក្នុងចំនួនដ៏ច្រើនទៅក្នុងការវិនិយោគ។ នៅពេលដែលជនរងគ្រោះមិនអាចដាក់ប្រាក់ ឬមិនដាក់ប្រាក់បន្ថែម ពួកគេបាត់បង់សិទ្ធិក្នុងការទទួលបានទឹកប្រាក់ដើមរបស់ពួកគេ។ ពេលនោះ ពួកគេនឹងទទួលដំណឹងថា មធ្យោបាយតែមួយគត់ដើម្បីបានប្រាក់មកវិញ គឺត្រូវដាក់ប្រាក់បន្ថែម ឬបង់ថ្លៃសេវាយ៉ាងច្រើន។ 

ប្រជាពលរដ្ឋអាមេរិកមួយចំនួនខាតបង់ប្រាក់យ៉ាងច្រើន។ សហគ្រិនម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា នាងចាញ់បោកគេអស់ប្រាក់ចំនួន២លានដុល្លារ និងខាតបង់អស់១លានដុល្លារទៀតដោយមិនដឹងខ្លួន ដោយការបញ្ចុះបញ្ចូលមិត្តភក្តិរបស់នាងឱ្យចូលរួមក្នុងការវិនិយោគជាមួយនាង។ អ្នកបច្ចេកទេសបម្រើការក្នុងមន្ទីរពេទ្យមួយនៅទីក្រុងហ៊ូស្តុង (Houston) បានអូសទាញមិត្តភក្តិ និងសហការីរបស់នាងឱ្យចូលរួមជាមួយនាងក្នុងការវិនិ
យោគស្រដៀងគ្នា ដោយសរុបជាទឹកប្រាក់អស់១១០ ០០០ដុល្លារ។ គណនេយ្យករម្នាក់នៅរដ្ឋ Connecticut ចាញ់បោកគេអស់ប្រាក់ចំនួន១៨០ ០០០ដុល្លារ ក្នុងការឆបោកពីរករណីផ្សេងគ្នា។ ពួកគេស្ថិតក្នុងចំណោមជនរងគ្រោះពីការឆបោករាប់ពាន់នាក់នៅក្នុងប្រទេសចំនួនប្រាំពីរ ដែលត្រូវបានសម្ភាសដោយ ProPublica។

ដោយ​សារ​តែ​ការ​ភ័យ​ខ្លាចឬ​អាម៉ាស់ ជនរងគ្រោះ​ពីការឆបោក​​ភាគ​ច្រើន​មិន​រាយការណ៍​ពី​ការខាតបង់ប្រាក់របស់ពួកគេឡើយ។ យោងតាមអង្គការប្រឆាំងការឆបោកសកល (Global Anti-Scam Organization) ដែលជាអង្គការមិនរកប្រាក់ចំណេញ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២១ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកទម្រង់ថ្មី យ៉ាងហោចណាស់មនុស្ស១ ៨៣៨នាក់ ក្នុងប្រទេសចំនួន៤៦ ដែលម្នាក់ខាតបង់ប្រាក់ជាមធ្យមប្រហែល ១៦៩ ០០០ដុល្លារ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១។ នាយកប្រតិបត្តិក្រុមហ៊ុន Silicon Valley ដែលបានខាតបង់ទឹកប្រាក់ចំនួន៨០០ ០០០ ដុល្លារ ហើយសុំមិនបញ្ចេញឈ្មោះ ដោយសារមានភាពអៀនខ្មាស បាននិយាយថា «វាជាការឆបោកដ៏ឆ្លាតវៃ»។

ជាបទពិសោធលើកទីមួយសម្រាប់លោក ហ្វាន (Fan) ដែលបានចាកចេញពីប្រទេសចិនតាមយន្តហោះ ធ្វើដំណើរមកប្រទេសកម្ពុជា និងបានធ្វើចត្តាឡីស័កអស់រយៈពេលពីរសប្តាហ៍នៅក្នុងសណ្ឋាគារមួយក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។ បន្ទាប់មក គាត់ត្រូវបានគេដឹកទៅអគារខុនដូដែលមានជញ្ជាំងបិទជិត នៅក្នុងរាជធានីភ្នំពេញ ដើម្បីទទួលការបណ្ដុះបណ្ដាល។ ទើបតែនៅខែមេសា ឆ្នាំ២០២១ គាត់បានដឹងថា អ្វីៗមិនដូចការរំពឹងទុករបស់គាត់ឡើយ។ គាត់និងបងប្រុសមិនបានរៀនអំពីការដឹកជញ្ជូនម្ហូបអាហារ ឬធ្វើការនៅក្នុងផ្ទះបាយឡើយ បែរជាត្រូវបានគេឱ្យអង្គុយនៅមុខកុំព្យូទ័រ និងរៀនអំពីរបៀបឆបោកមនុស្សតាមអ៊ីនធឺណិតទៅវិញ។ (ហ្វាន (Fan) គឺជាឈ្មោះដែលលោកស្នើសុំឱ្យប្រើប្រាស់ក្នុងការសម្ភាស។ គាត់បានស្នើឱ្យ ProPublica មិនដាក់ឈ្មោះពេញរបស់គាត់ ដោយខ្លាចអ្នកចាប់បង្ខាំងគាត់)។ បទពិសោធរបស់គាត់ គឺស្រដៀងនឹងជនរងគ្រោះពីការជួញដូរផ្សេងទៀតដែល ProPublica បានសម្ភាស និងយោងតាមព័ត៌មានផ្តល់ដោយអ្នកជំនាញ និងអ្នកផ្សេងទៀត។

លោក ហ្វាន (Fan) និងបងប្រុសរបស់គាត់ បានធ្វើការក្នុងគម្រោងឆបោក «pig butchering» អស់រយៈពេល៦ខែ មុនពេលដែលថៅកែរបស់ពួកគាត់ផ្លាស់ប្តូរទីតាំងទៅខេត្តព្រះសីហនុ។ ថៅកែផ្តល់ជម្រើសពីរដល់ពួកគាត់គឺ ទីមួយ ពួកគាត់អាចបង់ប្រាក់ចំនួន​៧ ០០០ដុល្លារដើម្បីចាកចេញ ទីពីរ ពួកគាត់អាចផ្លាស់ទៅក្រុមហ៊ុនផ្សេង។ លោក ហ្វាន (Fan) និងបងប្រុសរបស់គាត់ ពុំមាន​លទ្ធភាព​បង់​ប្រាក់ក្នុងចំនួនដ៏ច្រើននេះឡើយ។ ដូច្នេះ​ពួកគាត់បាន​ផ្លាស់​​មកនៅ​ខេត្ត​ព្រះសីហនុ នៅ​ជាន់​ខាងលើ​នៃ​សណ្ឋាគារ និង​កាស៊ីណូវិមានខ្សាច់ស ដែល​ស្ថិត​នៅកណ្ដាល​ក្រុងព្រះសីហនុ។

លោក ហ្វាន (Fan) បាននិយាយថា គាត់បានឃើញបុរសម្នាក់ត្រូវបានវាយស្ទើរស្លាប់ដោយសន្តិសុខ។ គាត់ឮមនុស្សស្រែកថា «ជួយគាត់ផង! ជួយគាត់ផង!» ប៉ុន្តែ​គ្មាន​នរណា​ម្នាក់ជួយ​គាត់ឡើយ។ គ្មាន​អ្នក​ណា​ហ៊ានជួយ​ទេ។

លោក ហ្វាន (Fan) បាននិយាយថា ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគាត់និងបងប្រុសរបស់គាត់បានទៅសណ្ឋាគារ និងកាស៊ីណូវិមានខ្សាច់សពួកគាត់ចាប់ផ្ដើមមានសង្ឃឹម។ មានបុរសម្នាក់មកជួបគាត់ និងបងប្រុសរបស់គាត់ និងប្រាប់ថានឹងជួយឱ្យពួកគាត់ចេញពីទីនោះ។ ផ្ទុយពីអ្វីដែលគាត់គិត បុរសនោះបានលក់ពួកគាត់ទៅឱ្យអង្គការឧក្រិដ្ឋកម្មមួយផ្សេងទៀត។ ទីតាំងថ្មីនោះមានឈ្មោះថា Arc de Triomphe នៅក្រុងព្រះសីហនុ។ ចំនួនទឹកប្រាក់ដែលគាត់និងបងប្រុសរបស់គាត់ត្រូវបង់ជាថ្នូរនឹងការដោះលែង បានកើនឡើងពីម្នាក់៧ ០០០ដុល្លារ ទៅម្នាក់ចំនួន១១ ៧០០ដុល្លារ ហើយតម្លៃនេះអាចនឹងបន្តកើនឡើងទៀត។ 

ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតនៅអាស៊ី រួមទាំងទីតាំងដែលលោក ហ្វាន (Fan) បានធ្វើការ មានការរៀបចំយ៉ាងល្អ ហើយមានទីតាំងមួយចំនួនទៀតមានការបណ្ដុះបណ្ដាលអំពីរបៀបឆបោក។ ProPublica ទទួលបានឯកសារជាង២០០ ដែលនិយាយអំពីប្រតិបត្តិការទាំងនោះពីសកម្មជនដែលបានជួយសង្រ្គោះជនរងគ្រោះ។

ជំហានដំបូងក្នុងការងារឆបោកសម្រាប់លោក ហ្វាន (Fan) និងអ្នកផ្សេងទៀត គឺដាក់រូបភា​ពមនុស្សដែលភាពទាក់ទាញតាមអ៊ីនធឺណិត។​ នៅ​ពេល​ទាក់ទងជាមួយនរណាម្នាក់តាមអ៊ីនធឺណិត គាត់នឹងដាក់រូបភាពជាមនុស្សស្រី។ ទីតាំងប្រតិបត្តិការឆបោកដែលគាត់បានបម្រើការ បាន​ទិញរូបថត និងវីដេអូពីគេហទំព័រដែលបម្រើដល់ប្រតិបត្តិការឆបោក។ ឧទាហរណ៍ រូបថតរាប់រយសន្លឹករបស់ស្រ្តី និងបុរសដែលមានភាពទាក់ទាញមានតម្លៃថោកជាងកាហ្វេមួយពែង ពីគេហទំព័រមួយឈ្មោះថា YouTaoTu។ គេហទំព័រមួយផ្សេងទៀតមានលក់រូបភាពមនុស្សប្រុសដែលមានរូបរាងសង្ហារជាច្រើនសម្រាប់ប្រតិបត្តិការឆបោក ដែលរូបភាពមួយមានតម្លៃ១២ដុល្លារ។ មិនមានគេហទំព័រណាមួយដែលលក់រូបភាពទាំងនោះ ឆ្លើយតបទៅនឹងសំណើសុំការអធិប្បាយឡើយ។ ជាញឹកញាប់ រូបភាពទាំងនោះត្រូវបានលួចយកចេញពីគណនីអ៊ីនធឺណិតរបស់មនុស្សដែលមិនមែនជាបុគ្គលគួរឱ្យសង្ស័យ។ ProPublica បានរកឃើញថា រូបភាពដែលប្រើដោយជនឆបោកម្នាក់ ត្រូវបានលួចយកចេញពីគណនី Instagram របស់អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន។

ការណែនាំអំពីការឆបោកដែល ProPublica ទទួលបាន​ គឺណែនាំអំពីរបៀបប្រើរូបភាពទាំងនោះ ដើម្បីរៀបចំគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបន្ទាប់មកបង្ហោះរូបភាពទាំងនោះភ្ជាប់ជាមួយរថយន្តទំនើប រួមទាំងការពិពណ៌នាអំពីចំណង់ចំណូលចិត្ត ដូចជា ការវិនិយោគ ជាដើម។ ការណែនាំអំពីការឆបោកមួយបាននិយាយថា ការបង្ហាញពីការទទួលខុសត្រូវរបស់អ្នកចំពោះគ្រួសារ គឺជាវិធីដែលអាចធ្វើឱ្យជនរងគ្រោះទុកចិត្ត។

យោងតាមរបាយការណ៍របស់នគរបាល បានឱ្យដឹងថា បុរសជនជាតិកាណាម្នាក់ និងមិត្តភក្តិរបស់គាត់ បានចាញ់បោកគេអស់ប្រាកចំនួន៤០០ ០០០ដុល្លារ បន្ទាប់ពីហ្វេសប៊ុកបានណែនាំបុគ្គលម្នាក់ឱ្យគាត់ស្នើ [Add] ធ្វើជាមិត្តដែលជាជនឆបោក។ ជនរងគ្រោះផ្សេងទៀតបានប្រាប់ ProPublica ថាពួកគេបានជួបជនឆបោកនៅលើបណ្តាញសង្គម ដូចជា LinkedIn, OkCupid, Tinder, Instagram ឬ WhatsApp ។ ក្រុមហ៊ុន Meta ដែលគ្រប់គ្រងលើ Facebook, WhatsApp និង Instagram បាននិយាយថា ខ្លួនបានហាមឃាត់ការបង្ហោះទាំងឡាយណាដែលមានលក្ខណៈជាការឆបោកជាយូរមកហើយ និងកំពុងតែធ្វើការដើម្បីបិទការបង្ហោះទាំងនោះចោល។ ក្រុមហ៊ុន Match Group ដែលគ្រប់គ្រងលើ Tinder និង OkCupid បាននិយាយថា ខ្លួនកំពុងប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោក។ ក្រុមហ៊ុន LinkedIn មិនបានឆ្លើយតបអ៊ីម៉ែលដែលសុំការអធិប្បាយឡើយ។

ជំហានបន្ទាប់សម្រាប់ការងាររបស់លោក ហ្វាន (Fan) គឺទាក់ទងជនរងគ្រោះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ គាត់បានប្រាប់ថា គាត់ធ្វើការនៅក្នុងក្រុមមួយដែលមានមនុស្ស៨នាក់ ដោយមានប្រធានក្រុមម្នាក់ ហើយម្នាក់ៗត្រូវបានផ្ដល់ឱ្យទូរសព្ទចំនួន១០គ្រឿង ដើម្បីងាយស្រួលក្នុងការទាក់ទងជាមួយមនុស្សជាច្រើន រួមជាមួយនឹងបញ្ជីលេខទូរសព្ទដែលត្រូវទាក់ទង។ ការងាររបស់លោក ហ្វាន (Fan) គឺចាប់ផ្តើមការសន្ទនានៅលើ WhatsApp និងធ្វើពុតជាច្រឡំលេខ។ ក្រៅពីនេះគាត់ចាប់ផ្តើមការសន្ទនា ដោយនិយាយថា «សួស្តី»។ 

នៅពេលដែលមានការឆ្លើយតប លោក ហ្វាន (Fan) ចាប់ផ្តើមបង្កើនទំនាក់ទំនង។ នោះជាពេលវេលាដែលជនឆបោក​ចាប់ផ្តើមស្គាល់ជនរងគ្រោះកា​ន់តែច្បាស់ ហើយវាក៏ជាឱកាសក្នុងការប្រមូលព័ត៌មានអំពីទ្រព្យសម្បត្តិ និងភាពងាយរង​គ្រោះរបស់ពួកគេ ដើម្បីងាយស្រួលបញ្ចុះបញ្ចូលពួកគេឱ្យធ្លាក់ចូលក្នុងការឆបោក។ 

ការប្រើប្រាស់ WhatsApp បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។ ដំបូងលោក ហ្វាន (Fan) បាន​និយាយ​ថា ក្រុម​របស់​គាត់​មាន​គោល​ដៅឆបោកប្រជាជននៅក្នុងប្រទេស​អាល្លឺម៉ង់។ លោក ហ្វាន (Fan) មិនចេះភាសាអាល្លឺម៉ង់សូម្បីតែមួយម៉ាត់ ប៉ុន្តែមិនថ្វីឡើយ គាត់អាចប្រើកម្មវិធីសម្រាប់បកប្រែ។ លោក ហ្វាន (Fan) និងក្រុមរបស់គាត់ កត់សម្គាល់ជនរងគ្រោះដែលនិយាយភាសាអង់គ្លេស។ លោក ហ្វាន (Fan) បាននិយាយថាប្រសិនបើជនរងគ្រោះណាម្នាក់ចង់ឮសំឡេងរបស់ស្ត្រីដ៏គួរឱ្យទាក់ទាញ គាត់ថាមានបុគ្គលិកស្រីដែលនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ប៉ុន្តែតាមពិតគ្មាននោះទេ។ 

ដោយសារតែគាត់ជាបុគ្គលិកថ្មី ការងាររបស់លោក ហ្វាន (Fan) គឺទាញយកកម្មវិធីមួយឈ្មោះថា MetaTrader​ និងប្រាប់មិត្ត [ជនរងគ្រោះ] ថ្មីរបស់គាត់ថា ពួកគេអាចចំណេញប្រាក់ជាច្រើន។ លោក ហ្វាន (Fan) នឹងព្យាយាមបញ្ចុះបញ្ចូលពួកគេ [ជនរងគ្រោះ] ឱ្យទិញរូបិយបណ្ណឌីជីថល (cryptocurrencies) ដូចជា ethereum ឬ bitcoin និងដាក់រូបិយបណ្ណទាំងនោះទៅក្នុងឈ្មួញកណ្តាល [brokerage] ដែលគ្រប់គ្រងដោយប្រតិបត្តិការឆបោក។ បន្ទាប់មក ឈ្មួញកណ្ដាលនឹងបង្ហោះចំនួនទឹកប្រាក់ក្លែងក្លាយ រួមទាំងចំនួនទឹកប្រាក់ដែលតំណាងឱ្យប្រាក់ចំណេញក្នុងគណនីរបស់ពួកគេ។

លោក ហ្វាន (Fan) បាននិយាយថា ប្រសិនបើអតិថិជនធ្វើតាមការណែនាំ ហើយចាប់ផ្តើមដាក់ប្រាក់យ៉ាងច្រើន គាត់នឹងប្រគល់ទូរសព្ទទៅឱ្យថៅកែរបស់គាត់។ 

ជនជាតិអាមេរិកម្នាក់ដែលមានឈ្មោះកណ្ដាថា យឿន (Yuen) រស់នៅក្បែរទីក្រុងសានហ្វ្រាន់ស៊ីស្កូ (San Francisco) បានទទួលសារពី WhatsApp កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ពីមនុស្សចម្លែកម្នាក់អះអាងថា ខ្លួនឈ្មោះ ជេស៊ីកា (Jessica)។ ឈ្មោះ Jessica នេះធ្វើពុតជាច្រឡំផ្ញើសារមកគាត់។ Jessica បានសួរគាត់ថា តើធ្លាប់ស្គាល់នាងដែរឬទេ? នាង​បាន​និយាយ​ថា នាង​ឃើញ​លេខ​របស់​គាត់​នៅ​ក្នុង​ទូរសព្ទ​របស់​នាង។ លោក យឿន (Yuen) បាន​ឆ្លើយ​ថា ​គាត់​មិន​ដែលស្គាល់​នាងទេ​។ ប៉ុន្តែ Jessica មានភាពរួសរាយរាក់ទាក់ ហើយរូបថតរបស់នាងមានភាពទាក់ទាញ ដូច្នេះពួកគេនៅតែបន្តនិយាយគ្នា។

លោក យឿន (Yuen) បានយល់ព្រមប្រាប់ពីដំណើររឿងនេះដល់ ProPublica។ លោកបានរក្សាទុកប្រវត្តិនៃការជជែករបស់គាត់ជាមួយ Jessica ដែលមានចំនួនប្រមាណជា១២៩ ០០០ពាក្យ ក្នុងរយៈពេលជាច្រើនខែ និងបានចែកចាយជាមួយ ProPublica។ លោក យឿន (Yuen) ក៏ប្រាប់ពីប្រវត្តិជជែករបស់គាត់ជាមួយ Jessica ដល់ Forbes ផងដែរ។

នៅពេល Jessica ចាប់ផ្តើមទាក់ទងលោក យឿន (Yuen) គាត់កំពុងស្ថិតក្នុងស្ថានភាពលំបាកខ្លាំង។ ឪពុក​របស់​គាត់​កំពុង​សម្រាក​ព្យាបាល​​​ជំងឺ​សួតដំណាក់កាលចុងក្រោយនៅមន្ទីរពេទ្យ។ គាត់ [ឪពុក] ពឹងផ្អែកលោក យឿន (Yuen) ដែលជាកូនពៅក្នុងចំណោមបងប្អូន៤នាក់ដែលមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តក្នុងគ្រួសារ។ លោក យឿន (Yuen) ក៏មានសិទ្ធិក្នុង​ការ​រៀបចំ​ពិធី​បុណ្យសព​ឪពុក​គាត់ និង​ចាត់ចែង​ទ្រព្យសម្បត្តិ​របស់​ឪពុក។

គ្រួសារលោក យឿន (Yuen) ​​បាន​ចាកចេញពីទីក្រុងហុងកុងទៅ​សហរដ្ឋ​អាមេរិក​ជាច្រើន​ទសវត្សរ៍មកហើយ​។ លោក យឿន (Yuen) ដែល​មាន​អាយុ​ប្រហែល៥០ឆ្នាំ ហើយ​ធ្វើ​ការ​ជា​គណនេយ្យករ​នៅ​សាកលវិទ្យាល័យ​មួយ មាន​ឥទ្ធិពលក្នុងគ្រួសារជាងបងៗរបស់គាត់។ គាត់មានអារម្មណ៍ថា គាត់មានភារកិច្ចក្នុងការមើលថែបងៗ ដូចដែលគាត់មើលថែឪពុកម្តាយដែរ។ Jessica បានប្រាប់គាត់ [លោក យឿន (Yuen)] ថា នាងកោតសរសើរការប្តេជ្ញាចិត្តរបស់គាត់ចំពោះគ្រួសារ។ នាងក៏​បាន​ប្រាប់រឿងរ៉ាងរបស់​នាង​​ដល់លោក យឿន (Yuen) អំពីជីដូនរបស់នា​ងដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។

Jessica ជាស្ត្រីដែលវ័យឆ្លាត និងប៉ិនប្រសប់។ នាង​បាន​អះអាង​ថា​ នាងជាជនទេសន្តប្រវេសន៍ជនជាតិចិន ​ធ្វើការ​​នៅធនាគារ J.P. Morgan Chase ក្នុង​ទីក្រុង​ញូវយ៉ក។ ទោះយ៉ាងណា អ្នកនាំពាក្យរបស់ធនាគារ J.P. Morgan Chase បាននិយាយថា បច្ចុប្បន្ន ធនាគារមិនមានបុគ្គលិកដែលមានឈ្មោះជាភាសាចិនថា វ៉ាង ហ្ស៊ីនយី (Wang Xinyi) [ជាឈ្មោះដែល Jessica បានប្រើ] ឡើយ។ តាមរូបថតរបស់ Jessica បានបង្ហាញថា នាងកំពុងលេងជាមួយកូនមិត្តភក្តិរបស់នាងដែលជាអ្នកមាន នៅកោះ Long Island នៅថ្ងៃចុងសប្តាហ៍។ នាងមើលទៅហាក់ដូចជាមនុស្សទាន់សម័យ ចូលចិត្តដើរទិញអីវ៉ាន់ និងហាត់យូហ្គាស្ទើរតែរាល់ថ្ងៃ។ នៅពេលដែល Jessica បង្ហោះរូបថតរបស់នាងនៅឯឆ្នេរដ៏ប្រណិតមួយលោក យឿន (Yuen) បានសរសេរ [comment] ថា «ខ្ញុំស្រមៃថា ឥលូវនេះខ្ញុំកំពុងនៅទីនោះ»។ នាងបានឆ្លើយថា «យើងអាចទៅលេងជាមួយគ្នាបាន»

Jessica បានប្រាប់លោក Yuen ថានាងទើបតែបានធ្វើកិច្ចសន្យាជួញដូរមាសដែលមានតម្លៃ១០០ ០០០ដុល្លារ។ នាងបានប្រាប់លោក Yuen ទៀតថា នាងមានពូម្នាក់ជាអ្នកមាននៅទីក្រុងហុងកុង ដែលមានក្រុមអ្នកវិភាគអំពីតម្លៃមាស។ នាងថា រាល់ពេលដែលនាងទទួលដំណឹងអំពីតម្លៃមា​សពីពូរបស់នាង នាងធានាថានឹងទទួលប្រាក់ចំណេញ ១០%។

Jessica បានស្ម័គ្រចិត្តបង្រៀនតែលោក Yuen ប៉ុណ្ណោះ។ លោក Yuen បានសួរថា «ហេតុអ្វីបង្រៀនតែខ្ញុំ?»។ Jessica បាននិយាយថាដោយសារតែនាងអាណិតលោក Yuen ដែលឪពុករបស់គាត់កំពុងឈឺធ្ងន់។ នាងបន្ថែមថា «ប្រាក់ដែលអ្នករកបានអាចជួយឪពុកអ្នកកាន់តែប្រសើរ»។ Jessica សុំឱ្យលោក Yuen រក្សាការសម្ងាត់អំពីរឿងនេះ។ លោក Yuen បានប្រាប់ Jessica ថា «ប្រាកដណាស់ ខ្ញុំនឹងមិនប្រាប់នរណាទេ»។ 

ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងលោក Yuen និង Jessica កាន់តែជិតស្និទ្ធ។ ជនដែលប្រើឈ្មោះ Jessica កំពុងប្រើបច្ចេកទេសឆបោកប្រកបដោយភាពវ័យឆ្លាត។ នេះបើយោងតាម ម៉ាទីនណា ដូវ៍ (Martina Dove) អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យា និងជាអ្នកនិពន្ធសៀវភៅ «ចិត្តវិទ្យានៃការឆបោក ការបញ្ចុះបញ្ចូល និងបច្ចេកទេសឆបោក» ដែលបានពិនិត្យមើលប្រវត្តិជជែករបស់លោក Yuen តាមសំណើរបស់ ProPublica។ ជនឆបោកព្យាយាមដើម្បីធ្វើឱ្យជនរងគ្រោះទុកចិត្តខ្លួន។ ដោយការរក្សាការសម្ងាត់ ប្រពន្ធនិងកូនរបស់លោក Yuen មិនបានដឹងអំពីការជជែករបស់គាត់ជាមួយនឹង Jessica ឡើយ។

នៅពេលដែលលោក Yuen យល់ព្រមដាក់ប្រាក់មួយចំនួន Jessica បានប្រាប់គាត់ឱ្យទាញយកកម្មវិធី MetaTrader ពី App store។ បន្ទាប់មក នាងបានប្រាប់គាត់ឱ្យប្រើកម្មវិធីនេះ ដើម្បីស្វែងរកឈ្មួញកណ្ដាលដែលមានឈ្មោះថា S&J Future Limited។

លោក Yuen បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់មិនអាចខាតបង់ប្រាក់ក្នុងចំនួនណាមួយឡើយ។ បើគាត់ខាតបង់ប្រាក់ គាត់​នឹង​សម្លាប់​ខ្លួន។ Jessica ថាមិនចាំបាច់បារម្ភឡើយ។ ពូខ្ញុំមិនដែលព្យាករពីតម្លៃមាសខុសឡើយ។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ជាថ្ងៃដែលគាត់ត្រូវទៅមន្ទីរពេទ្យ ដើម្បីទៅមើលឪពុករបស់គាត់ លោក Yuen បានដាក់ប្រាក់នៅក្នុងការវិនិយោគនោះជាលើកដំបូង។ គាត់បានដាក់ប្រាក់ចំនួន២ ០០០ដុល្លារទៅឱ្យឈ្មួញកណ្ដាល។ Jessica បានបញ្ចុះបញ្ចូលគាត់ឱ្យដាក់ប្រាក់ចំនួន១០ ០០០ដុល្លារ ហើយបង្រៀនគាត់ពីវិធីចំនួនពីរ ដើម្បីបង្កើនប្រាក់ចំណេញ។ ដំបូង គាត់ត្រូវផ្ទេរប្រាក់ពីធនាគាររបស់គាត់ ដើម្បីទិញរូបិយបណ្ណឌីជីថល (cryptocurrency) ដែលហៅថា ethereum។ បន្ទាប់មក គាត់ផ្ទេររូបិយបណ្ណ ethereum នេះទៅកាបូបលុយអេឡិចត្រូនិច (crypto wallet) តាមអាសយដ្ឋានដែលនាងផ្តល់ឱ្យ។

Jessica បានប្រាប់គាត់ថា ការប្រើប្រាស់រូបិយបណ្ណឌីជីថលនឹងជួយលោក Yuen កាត់បន្ថយថ្លៃបង់ពន្ធ។ លោក Yuen បានសារភាពថា គាត់មិនសូវយល់អំពីអ្វីដែលគាត់កំពុងធ្វើឡើយ។ គ្មានបញ្ហាទេ នៅពេលដែលការផ្ទេរប្រាក់ត្រូវបានបញ្ចប់ គណនី S&J របស់គាត់នឹងបង្ហាញពីចំនួនទឹកប្រាក់ដែលគាត់បានដាក់ ហើយនៅ​ថ្ងៃ​បន្ទាប់ នៅពេល​ពូ [ដូចដែល Jessica ប្រាប់លោក Yuen ថាជាពូ] ផ្ដល់ដំណឹងដល់ Jessica លោក Yuen ត្រៀម​ទិញ។ គណនីរបស់គាត់បានបង្ហាញថា គាត់ទទួលបានប្រាក់ចំនួន៧៤៦ដុល្លារ បន្ទាប់ពីបង់ថ្លៃសេវារួច។

Jessica បានអះអាងថា នាងទទួលបានប្រាក់ចំនួន៥០០ ០០០ដុល្លារពីការជួញដូរនេះ។ នាងបានប្រាប់គាត់ឱ្យដាក់ប្រាក់រហូតដល់៥០ ០០០ដុល្លារ ដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើន។ លោក Yuen បានយល់ព្រម និងបានផ្ទេរប្រាក់ចំនួន២០ ០០០ដុល្លារនៅថ្ងៃបន្ទាប់ ហើយប៉ុន្មានថ្ងៃបន្ទាប់ គាត់បានផ្ទេរប្រាក់ចំនួន២០ ០០០ដុល្លារទៀត។ នៅពេលដែល Jessica ឃើញថាលោក Yuen កំពុងធ្វើតាមការណែនាំរបស់នាង នាងបានសរសើរគាត់ថា «អ្នកឆ្លាតណាស់» និងបានប្រាប់គាត់ថា គាត់ដាក់ប្រាក់កាន់តែច្រើន គាត់នឹងចំណេញកាន់តែច្រើនសម្រាប់ជួយបងៗនិងឪពុករបស់គាត់។ 

Jessica បានបញ្ចុះបញ្ចូលលោក Yuen ឱ្យវិនិយោគកាន់តែច្រើនឡើង។ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក Yuen បានផ្ទេរប្រាក់ជិត៥៨ ០០០ដុល្លារ។ នៅពេលដែលពូបានផ្ដល់ដំណឹងអំពីតម្លៃមាស គណនី MetaTrader របស់គាត់បានបង្ហាញថា គាត់ទទួលបានប្រាក់ចំនួន១៧ ០០០ដុល្លារ។

លោក Yuen ចាប់ផ្តើមរំភើបចិត្តជាមួយ Jessica។ គាត់បានហៅនាងថា «ជាទេវតាពិត» នៅក្នុងសារមួយដែលគាត់ផ្ញើទៅនាង ប៉ុន្តែ Jessica បានសរសេរតបវិញថា «ខ្ញុំមិនមែនជាទេវតាទេ ខ្ញុំជាបិសាច»។ 

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រុងព្រះសីហនុបានប្រែក្លាយពីរមណីយដ្ឋានឆ្នេរដ៏ស្ងប់ស្ងាត់ទៅជាទីក្រុងកាស៊ីណូ។ ការរីកដុះដាលនៃអគារជាច្រើន គឺទទួលបានប្រាក់សម្រាប់សាងសង់ពីអ្នកវិនិយោគជនជាតិចិន ដែលប្រើប្រាស់ទឹកប្រាក់រាប់លានដុល្លារនៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីឆ្នាំ២០១៦ នៅពេលដែលប្រទេសហ្វីលីពីនបានបើកប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិត ដែលសំដៅលើពលរដ្ឋចិន។ ប្រទេសកម្ពុជាមានច្បាប់គ្រប់គ្រងល្បែងស៊ីសងកាន់តែធូររលុង ហើយរដ្ឋាភិបាលស្វាគមន៍ការវិនិយោគរបស់ចិន។

មិនយូរប៉ុន្មាន បន្ទាប់ពីការហូរចូលនៃជនជាតិចិន មានឧក្រិដ្ឋកម្មដែលមានការរៀបចំដែលធ្លាប់ត្រូវបានបង្ក្រាបនៅក្នុងប្រទេសហ្វីលីពីន បានកើតឡើងនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់។ កម្ពុជាដែលស្ថិតក្រោមសម្ពាធរបស់រដ្ឋាភិបាលចិន បានប្រកាសហាមប្រាមល្បែងស៊ីសងតាមអ៊ីនធឺណិត កាលពីខែសីហា ឆ្នាំ២០១៩។ ប៉ុន្មានខែបន្ទាប់ពីការរាតត្បាតនៃកូវីដ-១៩ កាស៊ីណូនៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមអស់ភ្ញៀវ និងបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់។ 

យោងតាមលោក ចេសុន ថូវឺ (Jason Tower) នាយកវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិកប្រចាំប្រទេសមីយ៉ាន់ម៉ា និងអ្នកសង្កេតការណ៍ផ្សេងទៀតនៅក្នុងតំបន់ បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនប្រើប្រាស់អគារដែលត្រូវបានទុកចោលសម្រាប់ប្រតិបត្តិការឆបោក។ 

ទីតាំងទាំងនេះ ដែលមានចាប់ពីអគារការិយាល័យ រហូតដល់អគារកាស៊ីណូដ៏ស្រស់បំព្រង មិនមែនស្ថិតនៅតំបន់ដាច់ស្រយាលទាំង​អស់ឡើយ។ អគារខ្លះស្ថិតនៅចំកណ្តាលទីក្រុង។ បើតាមអតីតបុគ្គលិកបម្រើការនៅសណ្ឋាគារ និងកាស៊ីណូវិមានខ្សាច់ស បាននិយាយថា ទីនោះ​មិន​ត្រឹម​តែ​មាន​កន្លែង​លេង​ល្បែង​ស៊ីសង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ប្រតិបត្តិឆបោក​ផងដែរ និងស្ថិត​នៅ​ទល់មុខនឹងផ្ទះលំហែ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ សណ្ឋាគារ និងកាស៊ីណូវិមានខ្សាច់ស មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ឡើយ។

ទីតាំងប្រតិបត្តិការឆបោកភាគច្រើនត្រូវបានព័ទ្ធដោយរបងលួសបន្លា។ បង្អួច និងយ៉ ត្រូវបានបាំងជិតដោយរបារ។ នៅតំបន់ Chinatown ក្រុងព្រះសីហនុ អគារខ្លះមើលទៅដូចធម្មតា ទាល់តែអ្នកដើរចូលទៅខាងក្នុង ទើបឃើញមានរបារការពារ មិនឱ្យមនុស្សចេញពីអគារ ដែលត្រូវបានយាមយ៉ាងតឹងរ៉ឹង។ 

កាលពី​ឆ្នាំ​កន្លង​ទៅ សកម្មជន អ្នក​កាសែត និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​បាន​ចាប់​ផ្តើម​បើកការស៊ើបអង្កេតរកអ្វីដែល​នៅ​ពី​ក្រោយ​របារ​​ក្នុង​អគារ​ទាំង​នេះ។ លោក ង៉ោ មិញហ៊ីវ (Ngô Minh Hiếu) ដែលឥលូវនេះជាអ្នកវិភាគសន្តិសុខតាមអ៊ីនធឺណិតសម្រាប់រដ្ឋាភិបាលវៀតណាម គឺជាមនុស្សដំបូងគេដែលបានកំណត់ពីទីតាំងទាំងនោះ។ អង្គការមិនមែនរដ្ឋាភិបាល ដូចជា គណៈកម្មការ​យុត្តិធម៌​អន្តរជាតិ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ជាពិសេស វីអូឌី បានបង្ហាញផ្សព្វផ្សាយពីប្រតិបត្តិការទាំងនោះ។ (ProPublica សហការ​ជាមួយ​អ្នក​រាយការណ៍​ព័ត៌មាន​៣​នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ វីអូឌី ដើម្បី​សរសេរអត្ថបទនេះ។)

អ្នកផ្សេងទៀត ដូចជា លោក លូ ហ្ស៊ាងរី (Lu Xiangri) ដែលបានក្លាយជាអ្នកជួយសង្គ្រោះស្ម័គ្រចិត្ត បន្ទាប់ពីបានរត់គេចពីទីតាំងឆបោកក្នុងក្រុងព្រះសីហនុ បានប្រមូលវីដេអូដែលបង្ហាញពីការរំលោភបំពាននៅក្នុងប្រតិបត្តិការទាំងនេះ។ លោក លូ ហ្ស៊ាងរី (Lu Xiangri) បានឃើញការធ្វើបាបយ៉ាងព្រៃផ្សៃ នៅពេលដែលគាត់ត្រូវបានបង្ខាំងមួយរយៈខ្លីនៅក្នុងអគារ Arc de Triomphe កាលពីខែតុលា ឆ្នាំមុន។ គាត់បានឃើញបុរសម្នាក់ដែលបាក់ជើង និងខ្នងមានស្នាមជាំ សុំឱ្យគេលក់គាត់ ដើម្បីគេចចេញពីការវាយដំ។ លោក លូ ហ្ស៊ាងរី (Lu Xiangri) បាន​និយាយ​ថា​ ក្រោយ​មក​បុរស​នោះ​បាន​ស្លាប់​ដោយសារ​របួស។ ដោយប្តេជ្ញាថានឹងជួយអ្នកដទៃឱ្យចៀសផុតពីស្ថានភាពស្រដៀងគ្នានេះ លោក លូ ហ្ស៊ាងរី (Lu Xiangri) បានចូលរួមជាមួយក្រុមជួយសង្គ្រោះស្ម័គ្រចិត្ត។ (ProPublica បានពិនិត្យមើលរូបថត និងវីដេអូស្រដៀងគ្នាជាច្រើន ដែលរូបភាពខ្លះបង្ហាញពីការធ្វើទារុណកម្ម រួមទាំងការប្រើប្រាស់ឧបករណ៍ឆក់នៅលើប្រដាប់ភេទរបស់បុគ្គលិក។ ទោះជាយ៉ាងណា ProPublica នឹងចេញផ្សាយតែរូបភាពណាដែលត្រូវបានផ្ទៀងផ្ទាត់ដោយលោក លូ ហ្ស៊ាងរី (Lu Xiangri) តែប៉ុណ្ណោះ។)

ProPublica បានទៅដល់ទីតាំងចំនួន៣ ក្នុងក្រុងព្រះសីហនុ ដែលមានការបង្ខាំងមនុស្ស និងបង្ខំឱ្យធ្វើការជាជនឆបោក។ ទីតាំងទាំងនោះរួមមាន អគារ Arc de Triomphe អគារមួយនៅ Chinatown និងអគារខ្សាច់ស២ (White Sand 2)។ សន្តិសុខនៅទីតាំងទាំង៣ បានបដិសេធថា មិនមានអ្វីខុសច្បាប់នៅក្នុងទីតាំងរបស់ខ្លួនឡើយ និងបដិសេធមិនឆ្លើយសំណួរ។ សន្តិសុខម្នាក់និយាយថា «និយាយជាមួយថៅកែខ្ញុំទៅ» ដោយមិនបានបញ្ជាក់ថានរណាជាថៅកែឡើយ។ 

លោក Fan បាននិយាយថា ជីវិតរបស់គាត់ត្រូវបានដាក់កំហិតយ៉ាងតឹងរ៉ឹង នៅពេលដែលគាត់ធ្វើការ និងរស់នៅក្នុងទីតាំង Arc de Triomphe។ គាត់និយាយថា គាត់អាចត្រឹមតែចេញពីអគាររបស់គាត់ ហើយចូលកាស៊ីណូ និងខារ៉ាអូខេដែលនៅជាប់គ្នាប៉ុណ្ណោះ។ គាត់ថា គាត់មិនចាប់អារម្មណ៍ទៅនឹងកាស៊ីណូ ឬខារ៉ាអូខេឡើយ។ ទោះយ៉ាងណា នៅពេលដែលបុគ្គលិកទៅលេងល្បែង ឬទៅខារ៉ាអូខេ តែងតែមានសន្តិសុខតាមឃ្លាំមើលជានិច្ច។ គាត់បាននិយាយថា ក្នុងអំឡុងពេល៤ខែដែលគាត់នៅ Arc de Triomphe គាត់មិនដែលបានដើរចេញក្រៅបរិវេណអគារឡើយ។

លោក Fan ធ្វើការនៅជាន់ទី២ នៃ Arc de Triomphe ចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង៩យប់ និងមួយវេនទៀត ពីម៉ោង១១យប់ ដល់​ម៉ោង​៥​ព្រឹក។ គាត់​ស្នាក់នៅ​ក្នុង​បន្ទប់​មួយដែលមាន​គ្រែដែកជាថ្នាក់​ ដោយ​មាន​មនុស្ស​៤​ទៅ​៥​នាក់​ក្នុង​មួយ​បន្ទប់។ មានគ្លីនីកតូចមួយនៅក្នុងបរិវេណ ដែលផ្តល់ការសង្រ្គោះ និងការព្យាបាលបឋម។ លោក Fan បាន​និយាយ​ថា «អ្នក​មិន​អាច​ទៅ​ណាឡើយ។ អ្នកញ៉ាំ គេង និងធ្វើការនៅទីនោះ»។ 

លោក Fan មិនចូលចិត្តការងារគាត់ឡើយ។ នៅពេលគាត់ឆ្លើយតបអំពីដំណឹងជ្រើសរើសបុគ្គលិក​ គាត់គិតថា ការឆបោកមនុស្សយកប្រាក់គឺជាលើកចុងក្រោយសម្រាប់គាត់ហើយ។ ប៉ុន្តែ​គាត់​មិន​អាច​ចាក​ចេញ​ពី​បរិវេណ​ឡើយ ហើយ​ក៏​មិន​មាន​លទ្ធភាព​បង់ថ្លៃឱ្យថៅកែ ដើម្បីចេញពីទីនោះដែរ។ ថៅកែរបស់គាត់នៅ Arc de Triomphe ទារប្រាក់ពីគាត់ និងបងប្រុសគាត់ ចំនួន២៣ ៤០០ដុល្លារ។ ថៅកែរបស់គាត់បង់កម្រៃជើងសាឱ្យគាត់ ដែលមានន័យថា បើគាត់ចង់មានសេរីភាព គាត់ត្រូវឆបោកមនុស្សឱ្យបានច្រើន។

ប្រាក់​ចំណូល​ច្រើន​បំផុត​ដែល​គាត់រក​បាន​គឺ៣០ ០០០ដុល្លារ។ គាត់បាននិយាយថា គាត់មានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីគាត់បានលុបព័ត៌មានទំនាក់ទំនងរបស់ជនរងគ្រោះចេញពីមូលដ្ឋានទិន្នន័យរបស់ក្រុមហ៊ុន ដើម្បីប្រាកដថា នរណាម្នាក់មិនអាចដកសាច់ប្រាក់បន្ថែមទៀតបានទេ។ គាត់បន្ថែមទៀតថា អ្នកផ្សេងទៀតនៅក្នុងក្រុមរបស់គាត់ឆបោកបានប្រាក់ចំនួន៥០០ ០០០ដុល្លារពីជនរងគ្រោះតែម្នាក់។

នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែល Jessica កំពុងជួយគាត់ក្នុងការផ្ទេរប្រាក់ចំនួន៧០ ០០០ដុល្លារទៅជារូបិយបណ្ណឌីជីថល (cryptocurrency) លោក Yuen បានទទួលដំណឹងថា ឪពុករបស់គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លោក Yuen បាន​ប្រញាប់ទៅជួបឪពុក ហើយ​ខណៈ​​គាត់​អង្គុយ​នៅ​ក្នុង​បន្ទប់​រង់ចាំ គាត់បានទទួលដំណឹងពី Jessica ថាពូរបស់នាងនៅហុងកុងបានប្រាប់ឱ្យនាងធ្វើការជួញដូរថ្មីមួយទៀត។ 

លោក Yuen បានប្រាប់ Jessica ថាឪពុករបស់គាត់ខ្សោះជាតិទឹក និងមិនចង់ញ៉ាំអ្វីឡើយ។ ពីរ​ថ្ងៃ​ក្រោយ​មក គាត់​បាន​ត្រលប់​មក​មន្ទីរពេទ្យ​វិញ ដោយ​យំ ខណៈ​គាត់​ជូត​ដៃនិង​មុខ​ឪពុកគាត់។

មិនយូរប៉ុន្មាន Jessica បានផ្ញើសារទៅសួរថា «តើគាត់បានផ្ទេរប្រាក់ចំនួន២០ ០០០ដុល្លារហើយឬនៅ?»។ លោក Yuen បានឆ្លើយថា «បាទ ផ្ទេររួចហើយ»។ គាត់​បាន​បន្ថែម​ថា គាត់​ចង់​ផ្តល់ភាពកក់ក្តៅ​ដល់​ឪពុក​របស់​គាត់​ ក្នុង​ថ្ងៃ​ដែលគាត់ជិតផុតដង្ហើម ​ដោយ​បញ្ជូន​គាត់​ទៅ​សង្គហដ្ឋាន។

Jessica ហាក់​មិន​យល់​ថា​សង្គហដ្ឋាន​នោះ​ជា​អ្វី​ឡើយ។ នៅពេលដែលលោក Yuen ប្រាប់ថា វាជាកន្លែងថែទាំសម្រាប់អ្នកជំងឺដែលជិតផុតដង្ហើម នាងបានលើកឡើងថា «អ្នកត្រូវរកលុយបន្ថែមទៀត»។ Jessica បានប្រាប់គាត់ថា គាត់គួរតែរកប្រាក់ឱ្យបាន៥០០ ០០០ដុល្លារ ដើម្បីរ៉ាប់រងថ្លៃចំណាយសម្រាប់ឪពុករបស់គាត់។

ក្នុងរយៈពេលប្រាំបួនថ្ងៃបន្ទាប់ លោក Yuen បានដាក់ប្រាក់ចំនួន២០ ០០០ដុល្លារ ដែលម្តាយរបស់គាត់បានចែកជាកេរឱ្យគាត់។ រាល់ពេលដែលគាត់ធ្វើពាណិជ្ជកម្មជាមួយ Jessica គណនីរបស់គាត់បានបង្ហាញពីចំនួនទឹកប្រាក់កើនឡើង ហើយមិនយូរប៉ុន្មាន ចំនួនទឹកប្រាក់របស់គាត់កើនឡើងលើស៥០០ ០០០ដុល្លារ។ 

ឪពុករបស់លោក Yuen បានស្លាប់នៅព្រឹកព្រលឹមថ្ងៃទី១៤​ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក Yuen គឺជាមនុស្សតែម្នាក់គត់នៅជាមួយឪពុកនៅដង្ហើមចុងក្រោយរបស់គាត់។ គាត់បានផ្ញើសារទៅ Jessica សុំកា​រអាណិតអាសូរពីនាង បែរជាទទួលបានការឆ្លើយតបបែបគំរោះគំរើយ។ លោកស្រី ដូ (Dove) អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យា បាននិយាយថា នេះគឺជាយុទ្ធសាស្ត្រដែលជនឆបោកប្រើប្រាស់ជាទូទៅ ដែលលោកស្រីហៅថា «ជាការព្រងើយកន្តើយ លុះត្រាតែជនរងគ្រោះធ្វើអ្វីដែលខ្លួនចង់បាន»។ នៅពេលលោក Yuen និយាយ​ពី​អ្វី​ដែល​ទាក់​ទង​នឹង​ប្រាក់ Jessica នឹងឆ្លើយតប។ នៅពេលដែលគាត់និយាយអំពីអ្វីផ្សេងពីប្រាក់ Jessica បង្វែរប្រធានបទទៅនិយាយអំពីការវិនិយោគ។

នៅថ្ងៃបន្ទាប់ពីឪពុកស្លាប់ Jessica បានផ្តល់ឱ្យលោក Yuen នូវគោលដៅថ្មីមួយទៀត។ នាងបានអួតថា នាងបានទិញផ្ទះមួយទៀតនៅទីក្រុងញូវយ៉ក។ លោក Yuen និង Jessica បានចាប់ផ្តើមការសន្ទនាអំពីអចលនទ្រព្យ។ លោក Yuen សួរថា ហេតុអ្វី? Jessica បាន​ឆ្លើយ​តប​ថា «ដើម្បីឱ្យយើងកាន់តែជិតស្និទ្ធជាមួយគ្នា»។ នាងថា ពូរបស់នាងប្រាប់ថានឹងមានទីផ្សារដ៏ធំក្នុងពេលឆាប់ៗនេះ។ នាងបាននិយាយថា «ប្រសិនបើអ្នកចង់ទិញផ្ទះនៅញូវយ៉ក អ្នកត្រូវរកប្រាក់ឱ្យបានច្រើន»។

លោក Yuen ​ប្រាប់ Jessica ថាគាត់​កំពុង​រៀបចំ​ពិធី​បុណ្យសព​ឪពុក​គាត់ ហើយ​គាត់​រវល់​ខ្លាំង​ក្នុងការងាររបស់គាត់។ ការទិញផ្ទះនៅញូវយ៉ក នឹងត្រូវរង់ចាំសិន។ Jessica បានជំរុញឱ្យគាត់ខ្ចីប្រាក់គេបន្ថែមទៀត។ នៅពេលលោក Yuen បដិសេធ នាង​ក៏​បានស្តីបន្ទោសគាត់​ថា «អ្នក​ជាមនុស្សមាន​ប្រាជ្ញា នេះ​គ្រាន់តែជាការខ្ចីមាន់មកឱ្យពងប៉ុណ្ណោះ»។ ប៉ុន្តែលោក Yuen មិន​បាន​ផ្លាស់ប្តូរឥរិយាបថ​ឡើយ។

គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ គាត់មិនបានដាក់ប្រាក់បន្ថែមទៅក្នុងគណនីរបស់គាត់រយៈពេល៦ថ្ងៃ។ នោះហើយជាពេលដែលការវិនិយោគរបស់គាត់ត្រូវបានបញ្ចប់។ នៅថ្ងៃនោះ កម្មវិធី MetaTrader ស្រាប់តែដកគាត់ចេញពីការវិនិយោគ ហើយគណនីរបស់គាត់បានបង្ហាញថា ទឹកប្រាក់ចំនួន៤៨០ ០០០ដុល្លារត្រូវបានកាត់ចេញពីគណនីរបស់គាត់។ 

លោក Yuen ភ័យស្លន់ស្លោ។ ​គាត់​គិត​ថា គ្មាន​អ្នក​ណា​ជួយ​គាត់បានឡើយ។ គាត់បានរក្សាការសម្ងាត់អំពីការវិនិយោគនេះ។ គាត់បានកុហកប្រពន្ធ និងកូនស្រីរបស់គាត់ នៅពេលដែលពួកគេសួរថាតើគាត់ផ្ញើសារទៅនរណា។ សូម្បីបងប្អូនរបស់គាត់ក៏មិនដឹងរឿងនេះដែរ។ គ្មាននរណាម្នាក់ដឹងឡើយក្រៅពី Jessica។ 

Jessica បញ្ចុះបញ្ចូលគាត់ថា វាជាកំហុសរបស់គាត់។ គាត់ត្រូវតែចេញពីកម្មវិធី MetaTrader ជំនួសឱ្យការធ្វើតាមការណែនាំរបស់នាង។ ទោះយ៉ាងណា នាង​បាន​និយាយ​ថា វា​មិនអីទេ។ នៅតែមានទីផ្សារដ៏ធំ ហើយគាត់អាចរកប្រាក់បានមកវិញយ៉ាងឆាប់រហ័ស។ នាង​បាន​និយាយ​ថា​ «​ត្រៀមប្រាក់ ដើម្បីយកប្រាក់ដែលខាតបង់មកវិញ​»​។

លោក Yuen មិន​យល់អ្វីឡើយ ប៉ុន្តែ​ឥលូវ​គាត់​បានចូលទៅក្នុងដំណាក់កាលចុងក្រោយនៃការឆបោក​។ នេះគឺជាពេលដែលជនឆបោកយល់ថា ជនរងគ្រោះទំនងជាមិនដាក់ប្រាក់បន្ថែមទៀតឡើយ។ បន្ទាប់មក ពួកគេប្តូរទៅឧបាយកលចុងក្រោយ ដោយធ្វើឱ្យជនរងគ្រោះដឹងថា ពួកគេបានបាត់បង់ប្រាក់ទាំងអស់របស់ពួកគេ និងបញ្ចុះបញ្ចូលឱ្យជនរងគ្រោះដាក់ប្រាក់បន្ថែម។ វិធីសាស្រ្តនេះមានគោលបំណងធ្វើឱ្យជនរ​ងគ្រោះកាន់តែរំជើបរំជួល។ ម៉ាទី ឌែលលីម៉ា (Marti DeLiema) អ្នកជំនាញខាងជរាសាស្រ្ត នៅសាកលវិទ្យាល័យមីនីសូតា (Minnesota) ដែលស្រាវជ្រាវពីរបៀបដែលជនជាតិអាមេរិកវ័យចំណាស់ត្រូវបានឆបោក បាននិយាយថា «ជាធម្មតា យើងមិនធ្វើការសម្រេចចិត្តបានល្អឡើយ នៅពេលដែលយើងមានភាព
រំជើបរំជួល»។

ភ្លាមៗនោះ លោក Yuen បានទូរសព្ទទៅស្ថាប័នហិរញ្ញវត្ថុដែលគ្រប់គ្រងគណនីសន្សំរបស់គ្រួសារគាត់ ហើយបានបញ្ជាឱ្យលក់សង្គហមូលនិធិដែលមានតម្លៃ៥០០ ០០០ដុល្លារ។ ខណៈ​គាត់​រង់​ចាំ​ការ​ផ្ទេរ​ប្រាក់ គាត់​បាន​ពិភាក្សាជាមួយ Jessica​ ថា​តើ​ត្រូវ​ប្រាប់​គ្រួសារ​គាត់​អំពី​ការ​ខាតបង់នេះឬទេ។ Jessica បានប្រាប់គាត់ថា មិនបាច់និយាយអ្វីឡើយ។ ប្រសិនបើគាត់រង់ចាំតែពីរបីថ្ងៃទៀត ហើយដាក់ប្រាក់បន្ថែមទៀត គាត់នឹងទទួលបានប្រាក់ដែលខាតបង់មកវិញ។ លោក Yuen បាន​និយាយ​ថា ​«​បាទ យើង​នឹងទទួលបានប្រាក់មកវិញ»។

សប្តាហ៍បន្ទាប់ លោក Yuen បានខ្ចីប្រាក់ចំនួន១០០ ០០០ដុល្លារពីបងថ្លៃរបស់គាត់ ហើយបានបន្តការជួញដូរជាមួយ Jessica ខណៈគាត់រៀបចំពិធីបុណ្យសពរបស់ឪពុកគាត់ជាលើកចុងក្រោយ។ នៅថ្ងៃបុណ្យសពឪពុករបស់គាត់ គាត់បានផ្ញើសារទៅ Jessica។ នៅក្នុងសារគាត់បានសរសេរថា «ពេលខ្ញុំយំថ្ងៃនេះ ខ្ញុំមិនដឹងថាខ្ញុំយំព្រោះបាត់បង់ឪពុក ឬបាត់បង់ប្រាក់នោះទេ»។ Jessica ​បាន​ឆ្លើយ​តប​ថា «លុយ​អាច​រក​បាន ប៉ុន្តែ​មនុស្ស​បើស្លាប់ហើយ មិនអាចរស់ឡើងវិញឡើយ»។ លោក Yuen អរគុណ Jessica សម្រាប់ការលើកទឹកចិត្ត។

នៅពាក់កណ្តាលសប្តាហ៍បន្ទាប់ Jessica បានជំរុញឱ្យគាត់ខ្ចីប្រាក់គេបន្ថែមទៀត ប៉ុន្តែលោក Yuen បាននិយាយថា គាត់មិនមាននរណាម្នាក់ដែលគាត់អាចខ្ចីបានឡើយ។ Jessica ​បាន​និយាយ​ថា «ខ្ញុំ​គិតថា អ្នកមិនទាន់ដល់ចំនួនកំណត់ទេ»។

នៅពេលដែល Jessica​ ជំរុញគាត់ម្តងទៀត នៅថ្ងៃបន្ទាប់ លោក Yuen ផ្ទុះកំហឹង។ គាត់បានសរសេរនៅក្នុងសារថា «ព្រះជាម្ចាស់​អើយ! អ្នកមិនយល់ទេ! ខ្ញុំ​មិនដឹងថាទៅរកប្រាក់ពីណានោះទេ!»។ ចាប់តាំងពី​ពេល​នោះ គាត់​ដេកមិនលក់ មិនញ៉ាំបាយ ឬ​គ្មានអារម្មណ៍ធ្វើអ្វីឡើយ ​ក្រៅ​ពី​គិតរកវិធីធ្វើយ៉ាងណាដើម្បីបានប្រាក់ដែលខាតបង់មកវិញ។

នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១និង៣១ព្រឹក Jessica បានផ្ញើសារទៅកាន់លោក Yuen ដើម្បីត្រៀមខ្លួនធ្វើពាណិជ្ជកម្មមួយផ្សេងទៀតនៅពេលទទួលបានដំណឹងពីពូរបស់នាង។ បីនាទីក្រោយមក លោកYuen បានជួញដូរលើកទី២៣ ជាមួយ Jessica។ លោក Yuen ជួបគ្រោះមហន្តរាយជាថ្មីម្តងទៀត។ ផលប័ត្ររបស់គាត់ទាំងអស់បានបាត់។

លោក Yuen ភ័យស្លន់ស្លោជាថ្មីម្តងទៀត ខណៈទំហំនៃការខាតបង់ប្រាក់បានដក់ជាប់ក្នុងចិត្តរបស់គាត់។ គាត់បានអង្វរ Jessica ថា «សូមជួយដោះស្រាយខ្ញុំផង»។ នាងបានប្រាប់គាត់ឱ្យដាក់ប្រាក់បន្ថែម។ នៅពេលដែលគាត់ប្រាប់នាងថា គាត់នៅសល់ប្រាក់តែ១០៥ដុល្លារប៉ុណ្ណោះ Jessica បានឆ្លើយថា «ចាប់ផ្តើមជាមួយនឹងប្រាក់១០៥ដុល្លារនេះ ខ្ញុំជឿថាអ្នកអាចធ្វើបាន»។

​ក្រោយ​មក លោក Yuen បាន​សារភាព​ប្រាប់​​គ្រួសារ​របស់​គាត់។ គាត់បានប្រាប់ប្រពន្ធរបស់គាត់ថា គាត់បានបាត់បង់ប្រាក់ដែលសន្សំរយៈពេល៣០ឆ្នាំ។ គាត់​បាន​សារភាព​ថា ប្រាក់​ដែល​គាត់​ខ្ចី​ពី​បង​ប្រុសរបស់​គាត់ និងពី​ធនាគារ ក៏ខាតបង់អស់ដែរ។ សរុបជាទឹកប្រាក់ គាត់ខាតបង់ប្រាក់អស់ជាង១លានដុល្លារ។ លោក Yuen បានសុំឱ្យបងប្រុសរបស់គាត់ហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកគាត់ទៅពេទ្យវិកលចរិត។

ពីរ​ថ្ងៃ​ក្រោយ​មក លោក Yuen ត្រូវ​បានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ និងនៅតែឆ្ងល់ថា​មានរឿង​អ្វី​កើត​ឡើង។ Jessica លែងឆ្លើយតបសាររបស់គាត់ ប៉ុន្តែគាត់នៅតែបន្តសួរនាង។ គាត់បានផ្ញើសារនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ «បុណ្យណូអែលហើយ សង្ឃឹមថាអ្នកមានចិត្តចង់ជួយខ្ញុំ!!!»។(ProPublica មិនបានទទួលការឆ្លើយតបសារដែលបានផ្ញើទៅ Jessica តាម WhatsApp ឡើយ)

លោក Yuen បាននិយាយថា គាត់មិនគិតថាគាត់ចាញ់បោកគេឡើយ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅពេលដែលមិត្តភក្តិជិតស្និទ្ធនិងសាច់ញាតិពន្យល់ ទើបគាត់ទទួលស្គាល់ថា គាត់ចាញ់បោកគេ។ លោក Yuen បានរកឃើញអង្គការមួយដែលជួយជនរងគ្រោះពីការឆបោក ដែលមានឈ្មោះថា អង្គការប្រឆាំងការឆបោកជាសកល (Global Anti-Scam Organization) និងបានចាប់ផ្តើមធ្វើការជាមួយគ្នា ដើម្បីស្រាវជ្រាវរកព័ត៌មានលម្អិតអំពីករណីឆបោកនេះ។ 

យោងតាមការបង្ហោះមួយរបស់គេហទំព័រ Reddit បានឱ្យដឹងថា ក្រុមហ៊ុន S&J Future Limited គឺជាឈ្មួញកណ្តាលឆបោក។ 

ជនរងគ្រោះម្នាក់ក្នុងករណីឆបោកនេះដែរ បានបង្កើតគេទំព័រ GoFundMe ដើម្បីជួយលោក Yuen ហើយអ្នកផ្សេងទៀតបានចាប់ផ្តើមចូលរួម រួមទាំងស្ត្រីម្នាក់នៅរដ្ឋម៉ាសា​ឈូសេត (Massachusetts) ដែលបានចាញ់បោកគេអស់ប្រាក់ចំនួន២,៥លានដុល្លារ។

ទោះយ៉ាងណា លោក Yuen នៅតែពិបាកយល់ថាតើ Jessica ជាមនុស្សប្រភេទណា ហើយនៅទីណា។ គាត់បានទទួលសារមួយពី Jessica នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដែលនាងប្រើលេខទូរសព្ទផ្សេង។ សមាជិក GASO ម្នាក់ទៀតបានបង្រៀនគាត់ពីវិធីសាស្រ្តក្នុងការតាមដានអាសយដ្ឋាន IP របស់បុគ្គលណាម្នាក់ ដើម្បីស្វែងរកទីតាំងរបស់ពួកគេ។ នៅពេលទទួលបានព័ត៌មាន IP ត្រលប់មកវិញ លោក Yuen បាននិយាយថា គឺនៅក្នុងប្រទេសកម្ពុជា។

ងាកមកលោក Fan និង​បង​ប្រុស​របស់​គាត់ឯណោះវិញ ​ពួកគាត់បានចាប់ផ្តើម​មានសង្ឃឹមឡើងវិញ។ ពួកគាត់បានចាប់ផ្តើមរិះរកវិធី ដើម្បីចេញពី Arc de Triomphe។ កាល​ពី​ចុង​ខែ​មករា ឆ្នាំ២០២២ លោក Fan បាន​ផ្ញើ​សារ​ទៅ​អភិបាល​ខេត្ត​ព្រះសីហនុ​តាម​ហ្វេសប៊ុក។ លោក Fan ​បាន​និយាយ​ថា ការិយាល័យ​អភិបាលខេត្តព្រះសីហនុ​បាន​ឆ្លើយ​តប ដោយ​សុំ​លេខ​ទូរសព្ទ​របស់លោក Fan ហើយ​ភ្លាមៗនគរបាល​បាន​ទូរសព្ទ​មកលោក Fan។

ទោះយ៉ាងណា ​ផែនការនោះត្រូវបានបរាជ័យ។ ថៅកែរបស់លោក Fan បានដឹងថា គាត់និយាយទូរសព្ទជាមួយនគរបាល និងបានហៅគាត់និងបងប្រុសគាត់ទៅជួប។ លោក Fan បាននិយាយថា ថៅកែបានស្តីបន្ទោសអ្នកទាំងពីរពីបទធ្វើឱ្យខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងគំរាមចាត់វិធានកា​រច្បាប់។ រឿងនេះត្រូវ​បានបញ្ចប់ដោយការសារភាពតាមវីដេអូ ដែលបងប្រុសរបស់លោក Fan បានអានឃ្លាមួយដែលរៀបចំដោយថៅកែរបស់ពួកគេ។ នៅក្នុងវីដេអូនោះបង្ហាញពីបងប្រុសរបស់លោក Fan កំពុងអានឃ្លាមួយដែលសរសេរថា «ពួកគាត់ខ្ចីប្រាក់ពីក្រុមហ៊ុន និងត្រូវសងក្រុមហ៊ុន»។ គាត់​បានបញ្ចប់ការអាននោះដោយនិយាយថា «​យើង​សូម​អភ័យទោស​ចំពោះ​អភិបាលខេត្ត​»​។

នៅពេលដែលលោក Fan ត្រលប់ទៅអង្គុយនៅតុរបស់គាត់វិញ ចៅហ្វាយរបស់គាត់ខឹងយ៉ាងខ្លាំង។ ថៅកែ​បាន​ទះកំផ្លៀង​គាត់ គប់​ដប​ទឹក​ត្រូវ​មុខ​គាត់ ហើយ​ប្រាប់​គាត់​ឱ្យ​ទៅ​រក​លុយ​ដើម្បីបង់ឱ្យក្រុមហ៊ុន នោះនឹងមានសេរីភាព។ លោក Fan និយាយថា ចៅហ្វាយរបស់គាត់បានព្រមានគាត់ថា «បើទោះបីអ្នកឯងស្លាប់នៅទីនេះក៏ដោយ ត្រូវរកលុយមកបង់»។ យ៉ាងហោចណាស់ សាកសពមនុស្ស៦នាក់ត្រូវបានប្រទះឃើញនៅលើឆ្នេរក្បែរទីតាំងឆបោកក្នុងក្រុងព្រះសីហនុ ដែលភាគច្រើនជាបុរសជនជាតិចិន។ 

របាយការណ៍របស់នគរបាលអំពីលោក Fan និងបងប្រុសរបស់គា​ត់ បានធ្វើឱ្យពួកគាត់ក្លាយទៅជាអ្នកបង្កបញ្ហានៅក្នុងក្រសែភ្នែករបស់ថៅកែពួកគាត់។ ថៅកែបាន​លក់ពួកគាត់​ទៅ​ឱ្យ​ប្រតិបត្តិការ​ឆបោក​មួយផ្សេង​ទៀត នៅរាជធានី​ភ្នំពេញ ​ដែលពួកគាត់កាន់តែមានបំណុលច្រើនឡើង។ ឥលូវនេះ លោក Fan និងបងប្រុសរបស់គាត់ ត្រូវបង់ម្នាក់១៥ ៥០០ដុល្លារ ដើម្បីបានសេរីភាព។

កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក Fan បានរកឃើញដំណោះស្រាយ។ លោក​បាន​កត់​សម្គាល់​ឃើញ​ថា ថៅកែ​ថ្មី​របស់​លោក​មិន​សូវ​តឹងរ៉ឹង​ដូចថៅកែមុនឡើយ។ ថៅកែថ្មីនេះ​​អនុញ្ញាត​ឱ្យ​បុគ្គលិក​ចេញ​ទៅ​ក្រៅ​បរិវេណ​អគារ​ម្តងម្កាល។ ដូច្នេះ លោក Fan បានចេញទៅក្រៅ ដោយយកលេសថា ទៅលេងមិត្តភក្តិ។ គាត់​សង្ស័យ​ថា ថៅកែ​​អនុញ្ញាត​ឱ្យ​គាត់​ទៅ​ ព្រោះ​ពួក​គេ​ជឿ​ថា​ ដរាបណាបងប្រុសរបស់គាត់នៅក្នុងកណ្ដាប់ដៃពួកគេ ​គាត់​នឹង​ត្រលប់​មក​វិញ​។

ប៉ុន្តែលោក Fan មិនបានត្រលប់មកវិញទេ។ បង​​ប្រុស​របស់​គាត់​បាន​ទូរសព្ទ​ទៅ​នគរបាល ហើយ​លើក​នេះ​នគរបាលមកដល់ទីតាំង។ គាត់​ត្រូវ​​បានសង្រ្គោះដោយ​អាជ្ញាធរ​មូលដ្ឋាន។ ​មុនពេល​ចាកចេញ បងប្រុសរបស់គាត់​ត្រូវ​បានបង្ខំឱ្យសារ​ភាពម្តងទៀត ដែលលើក​នេះធ្វើ​ជា​លាយលក្ខណ៍អក្សរ​។ការបង្ខំឱ្យសារភាពក្នុងសំណេរដោយដៃនោះ ដែលលោក Fan បានចែកចាយជាមួយ ProPublica បាននិយាយថា គាត់បានខ្ចីប្រាក់ចំនួន ៣១ ០០០ដុល្លារពីក្រុមហ៊ុន ហើយគាត់សប្បាយចិត្តនឹងធ្វើការដោយស្ម័គ្រចិត្ត ហើយមិនដែលត្រូវគេបានចាប់ជំរិតឬវាយដំឡើយ។

បន្ទាប់ពីមានសេរីភាព លោក Fan បានស្នាក់នៅសណ្ឋាគារ Great Wall ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងជាឋានសួគ៌សម្រាប់ជនរងគ្រោះពីការ​ឆបោកជាជនជាតិចិនដែលរត់គេចខ្លួន។ ជីវិតនៅក្នុង​សណ្ឋាគារ Great Wall មានសុវត្ថិភាព ប៉ុន្តគួរឱ្យធុញទ្រាន់។ អ្នកស្នាក់នៅទីនោះភាគច្រើនត្រូវរង់ចាំ ដើម្បីត្រលប់ទៅប្រទេសចិនវិញ ដែលត្រូវបានរឹតត្បិតក្នុងការធ្វើដំណើរ ដោយសារតែគោលនយោបាយគ្មានជំងឺកូវីដ-១៩របស់ប្រទេសចិន។ ស្របពេលដែលថ្លៃសំបុត្រយន្ត​ហោះកាន់តែឡើងថ្លៃ ធ្វើឱ្យជនរងគ្រោះដែលបានរត់គេចខ្លួនសឹង​តែគ្មានលទ្ធភាពក្នុងការត្រលប់ទៅប្រទេសវិញ។ 

នៅខែមិថុនា ឆ្នាំ២០២២ លោក Fan បានចាកចេញពីសណ្ឋាគារ Great Wall។ គាត់បដិសេធ​​បង្ហាញ​ពី​កន្លែងដែលគាត់ស្នាក់នៅពិត​ប្រាកដ​ដោយសារនៅ​តែ​ភ័យ​ខ្លាច​ថា គាត់​នឹង​ត្រូវ​ចាប់​ពង្រត់​ដោយ​អ្នក​ស្វែងរកចាប់ជនរងគ្រោះដែលរត់គេចខ្លួនដើម្បីបានប្រាក់រង្វាន់។ លោក Fan បានទទួលឯកសារដែលអាចឱ្យគាត់ត្រលប់ទៅប្រទេសចិនវិញ ដោយមិនចាំបាច់មានលិខិតឆ្លងដែន ដែលទីតាំងឆបោកបានដកទុក ហើយឪពុករបស់គាត់បានចេញប្រាក់សម្រាប់ទិញសំបុត្រយន្តហោះឱ្យគាត់ត្រលប់ទៅផ្ទះវិញ។ លោក Fan ចង់ត្រលប់ទៅធ្វើការក្នុងកសិដ្ឋានរបស់គ្រួសារគាត់វិញ ដោយចិញ្ចឹមមាន់ ទា និងស្នាក់នៅជាមួយឪពុកម្តាយរបស់លោកប្រកបដោយសន្តិភាព។ លោក Fan បាននិយាយថា «ខ្ញុំនឹងមិនចេញទៅធ្វើការទៀតទេ។ ធ្វើការ​ឱ្យអ្នកដទៃគ្មានអនាគតទេ»។ 

ជារឿយៗ ប្រតិបត្តិការ​ឆបោកនៅក្នុង​ប្រទេស​កម្ពុជា​​មាន​ទំនាក់ទំនង​មិន​ត្រឹម​តែ​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ដែល​មាន​ការ​រៀបចំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទាក់ទង​នឹង​ឥស្សរជន​នយោបាយ និង​អ្នកជំនួញលេចធ្លោនៅក្នុង​ប្រទេស​នេះផង​ដែរ។ ជាឧទាហរណ៍ Arc de Triomphe កាន់កាប់ដោយ K99 ដែលជាប្រតិបត្តិករអចលនទ្រព្យ និងកាស៊ីណូ ដឹកនាំដោយលោក ឫទ្ធី រស្មី បងប្រុសរបស់លោក ឫទ្ធី សំណាង។ លោក ឫទ្ធី សំណាង ក៏ជាកូនប្រសាររបស់សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច លោក កុក អាន ដែលពាក់ព័ន្ធករណីឆបោក ឱ្យធ្វើការទាំងបង្ខំ ហើយអគារនៅក្នុង Chinatown មានសណ្ឋាគារមួយដែលជាកម្មសិទ្ធិរបស់លោក ហ្ស៊ូ អៃមីន (Xu Aimin) ជាជនភៀសខ្លួនជនជាតិចិន ដែលត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ពីបទសមគំនិតក្នុងល្បែងស៊ីសងអន្តរជាតិដោយខុសច្បាប់។ គ្មាននរណាម្នាក់ក្នុងចំណោមបុគ្គលឬអង្គភាពទាំងនេះត្រូវបានផ្តន្ទាទោសពីបទជាប់ពាក់ព័ន្ធក្នុងទីតាំងឆបោកនៅកម្ពុជាឡើយ ហើយក៏គ្មាននរណាម្នាក់ឆ្លើយតបនឹងសំណើសុំការអធិប្បាយរបស់ ProPublica ដែរ។

នៅខែកក្កដា ឆ្នាំ២០២២ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាដល់ថ្នាក់ទាបបំផុត ក្នុងរបាយការណ៍វាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន ចំពោះភាពខ្វះចន្លោះក្នុងការលុបបំបាត់ការជួញដូរមនុស្ស។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអះអាងថា អាជ្ញាធរកម្ពុជាមិនបានធ្វើការស៊ើបអង្កេត ឬចាត់វិធានការចំពោះមន្រ្តីណាដែលពាក់ព័ន្ធនឹងករណីនេះឡើយ ជាពិសេស បុរសស្ត្រីនិងកុមាររាប់ពាន់នាក់នៅទូទាំងប្រទេសត្រូវបានជួញដូរឱ្យទៅធ្វើការនៅក្នុងវិស័យកម្សាន្ត ទៅធ្វើការនៅក្នុងឡឥដ្ឋ និងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានសរសេរនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីខែសីហា ឆ្នាំ២០២២ ថាបុគ្គលិកដែលជាប់នៅក្នុងទីតាំងឆបោកនៅកម្ពុជាកំពុង «មានជីវិតរ​ស់នៅដូចឋាននរក»។ 

បន្ទាប់ពីអង្គការសហប្រជាជាតិចេញរបាយការណ៍ រដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថាមានការជួញដូរជនបរទេសមកកាន់កម្ពុជាឱ្យទៅធ្វើការនៅក្នុងប្រតិបត្តិការឆបោក បន្ទាប់ពីបានបដិសេធអស់រយៈពេលជាច្រើនខែ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង បានថ្កោលទោសចំពោះអ្វីដែលលោកហៅថាជា «អំពើអមនុស្សធម៌» និងបានសម្តែងការសោកស្តាយ។ សេចក្តីថ្លែងការណ៍ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានវីដេអូបង្ហាញពីបុរសនិងស្រ្តីជនជាតិវៀតណាមប្រមាណ៤០នាក់នាំគ្នាសម្រុករត់ចេញពីទីតាំងមួយកន្លែងដែលត្រូវបានរាយការណ៍ថាជាទីតាំងឆបោក និងលោតចូលទៅក្នុងទន្លេដែលខណ្ឌចែកប្រទេសកម្ពុជា និងប្រទេស​វៀតណាម។ 

មន្ត្រីជាន់ខ្ពស់របស់កម្ពុជាដែលធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានប្រាប់ ProPublica ក្នុងបទសម្ភាសកាលពីខែកក្កដា ឆ្នាំ២០២២ ថារដ្ឋាភិបាលរបស់លោកស្រីនៅតែរិះរកវិធីឆ្លើយតបទៅនឹងប្រតិបត្តិការឆបោក។ លោកស្រី​បាន​និយាយ​ថា​ «​នេះ​ជា​រឿង​ថ្មី​សម្រាប់​យើង​»។ មន្ត្រីនគរបាលកំពូលរបស់កម្ពុជា មន្រ្តីអន្តោប្រវេសន៍ និងភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត បានជួបប្រជុំគ្នានៅរាជធានីភ្នំពេញ កាលពីចុងខែសីហា ឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្របង្រ្កាបករណីជួញដូរមនុស្ស។ ពួកគេបានសន្យាថានឹងចាត់វិធានការ ក្រោយមកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបន្ទន់ជំហរនេះ ដោយបានចេញសេចក្តីថ្លែងការណ៍មួយកាលពីខែកញ្ញា ឆ្នាំ២០២២ ដោយអះអាងថា ការជួញដូរមនុស្សនៅកម្ពុជាមិនធ្ងន់ធ្ងរដូចដែលរបាយការណ៍បានចេញឡើយ។

ជារឿយៗ ជនរងគ្រោះដែលរត់គេចពីទីតាំងឆបោក ត្រូវបាននគរបាលកម្ពុជាចាត់ទុកថាជាជនអន្តោប្រវេសន៍ខុសច្បាប់ ឬឧក្រិដ្ឋជន។ មនុស្សដែលត្រូវបានសង្រ្គោះពីការឆបោក ត្រូវបានដាក់នៅក្នុងមណ្ឌលឃុំឃាំងអន្តោប្រវេសន៍ដែលមានមនុស្សច្រើន ដោយដេកនៅលើឥដ្ឋ ក្នុងបន្ទប់ចង្អៀត ដោយគ្មានម៉ាស៊ីនត្រជាក់។​ នេះបើយោងតាមរូបភាពដែលត្រូវបានចែករំលែកដោយជនរងគ្រោះម្នាក់។

ពេលខ្លះ នគរបាលបានតាមរកអ្នកជួយសង្គ្រោះ។ លោក ចេន បៅរ៉ុង (Chen Baorong) អតីតប្រធានក្រុមសប្បុរសធម៌មួយដែលជួយជនរងគ្រោះពីការជួញដូរមនុស្ស ត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយត្រូវបានចោទប្រកាន់ពីបទញុះញង់។ កាល​ពី​ចុង​ខែ​សីហា ឆ្នាំ២០២២ លោក​ត្រូវ​បាន​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ។ ឆ្លើយតបនឹងសំណួររបស់ ProPublica អគ្គស្នងការនគរបាលជាតិកម្ពុជា បានសរសេរថា «វាមិនមែនជាគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការគប់គិតជាមួយក្រុមឧក្រិដ្ឋជនណាមួយ ឬសម្របសម្រួលការប្រើប្រាស់ទឹកដីកម្ពុជាដោយឧក្រិដ្ឋជនជាកន្លែងសម្រាប់សកម្មភាពឆបោកនៅក្រៅប្រទេសឡើយ»

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសចិន ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ថៃ និងវៀតណាម បានក្រើនរំឭកអំពីការផ្តល់ជូនឱកាសការងារដែលមានប្រាក់ខែខ្ពស់នៅក្នុងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ អាជ្ញាធរតៃវ៉ាន់ និងហុងកុង បានចុះទៅការិយាល័យពលករនៅអាកាសយានដ្ឋាន ដើម្បីសួរនាំជនទេសន្តប្រវេសន៍ដើម្បីស្វែងរកការងារធ្វើនៅក្រៅប្រទេស និងក្រើនរំឭកពួកគេអំពីការឆបោក អំពីឱកាសការងារនៅក្រៅប្រទេស។ បើទោះបីជារដ្ឋាភិបាលនៃប្រទេសទាំងនោះក្រើនរំឭកពលរដ្ឋរបស់ខ្លួនអំពីប្រទេសកម្ពុជាក៏ដោយ​ ក៏មានប្រតិបត្តិការឆបោកកំពុងកើនឡើងយ៉ាងខ្លាំងនៅកន្លែងនានា ដូចជា ប្រទេសមីយ៉ាន់ម៉ា ដែលជាកន្លែងសម្រាប់ក្រុមឧក្រិដ្ឋជនបង្កើនប្រតិបត្តិការឆបោក បន្ទាប់ពីរដ្ឋប្រហារយោធា។

ជនរ​ងគ្រោះពីករណីឆបោកនៅសហរដ្ឋអាមេរិក កំពុងព្យាយាមដើម្បីបានប្រាក់ដែលពួកគេចាញ់បោកគេមកវិញ។ កាលពីខែឧសភា ឆ្នាំ២០២២ ការិយាល័យមេធាវីតំបន់ សាន់តាក្លារ៉ា​ (Santa Clara) បានរឹបអូសយកមកវិញនូវទឹកប្រាក់ចំនួន៣១៨ ០០០ដុល្លាររបស់ជនរងគ្រោះម្នាក់ដែលចាញ់បោកគេ។ លោកស្រី អេរីន វែស (Erin West) ដែលជាមេធាវីរងប្រចាំតំបន់សាន់តាក្លារ៉ា (Santa Clara) បាននិយាយថា ក្រុមការងាររបស់លោកស្រីរឹបអូសបានប្រាក់បន្ថែមចំនួន២៣៣ ០០០ដុល្លារទៀត។ ទោះជាយ៉ាងណា នៅតែមានចំនួនទឹកប្រាក់ជាច្រើនទៀតដែលមិនអាចរឹបអូសយកមកវិញបាន។ 

លោក Yuen មិនមានសង្ឃឹមថា គាត់នឹងទទួលបានប្រាក់ដែលខាតបង់មកវិញឡើយ​។ នៅពេលមួយ មានមនុស្សម្នាក់អះអាងថាជាភ្នាក់ងារ FBI និងសុំឱ្យលោក Yuen បង់ប្រាក់ចំនួន៥ ០០០ដុល្លារ ដើម្បីទទួលបានប្រាក់ដែលគាត់ចាញ់បោកគេមកវិញ ប៉ុន្តែគាត់បដិសេធ។ លោក Yuen បានសុំមើលកាត FBI របស់បុគ្គលនោះ។ គាត់បានកត់សម្គាល់ឈ្មោះ «Fox Mulder» ដែលជាអ្នកស៊ើបអង្កេតនៅ «The X-Files»៕

រឿងនេះត្រូវបានបោះពុម្ពចេញពីប្រភពដើម ProPublica

បកប្រែនិងសម្រួលចេញពីអត្ថបទភាសាអង់គ្លេស៖ Human Trafficking’s Newest Abuse: Forcing Victims Into Cyberscamming

អត្ថបទ៖ លោក ម៉ិច ដារ៉ា និង Danielle Keeton-Olsen ចូលរួមរាយការណ៍ពីប្រទេសកម្ពុជា និង Salina Li ពីហុងកុង