ដោយៈ សុខុម / ស្ទឹងត្រែងៈ ទណ្ឌិតពាក់ព័ន្ធករណីគ្រឿងញៀនម្នាក់ បានស្លាប់ ក្រោយដឹកចេញពីពន្ធនាគារ ទៅដល់មន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
មន្ត្រីអនុរក្សពន្ធនាគារ បានអោយដឹងថាៈ ទណ្ឌិតឈ្មោះ សេក សុភ័ក្ក ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានតុលាការ ខេត្តស្ទឹងត្រែង កាត់ទោសអោយជាប់ពន្ធនាគារ រយៈពេល ៦ ឆ្នាំ និង ៦ ខែ ពីបទជួញដូរថ្នាំញៀន។ ជនជាប់ចោទ ត្រូវបានអនុវត្តទោសរបស់ខ្លូន ជាង ៥ ឆ្នាំ ហើយនៅសល់តែ ៧ ខែទៀតប៉ុណ្ណោះ នឹងត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ។
លោក អ៊ុក មឿន នាយការិយាល័យ កោសល្យវិច័យ និងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងថាៈ ដោយមានការចូលរួមពិនិត្យ ជាមួយលោកវេជ្ជបណ្ឌិត ហុង ហៃ និងកញ្ញា វេជ្ជបណ្ឌិត ញឹម ចាន់លក្ខិណា បានបញ្ជាក់ថា ទណ្ឌិតម្នាក់នេះ គឺស្លាប់ដោយសារ គាំងបេះដូង៕/V