Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទ្វារទឹក​ស្ទឹងព្រែកត្នោត​ត្រូវបានបើក ខណៈ​អាជ្ញាធរ​ប្រាប់​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​កម្រិត​ទឹក​ទន្លេមេគង្គ

អាជ្ញាធរបានប្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងព្រែកត្នោតឱ្យមានការប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកកើនឡើង ហើយទ្វារទឹកខាងលើត្រូវបានបើកដើម្បីរំដោះសម្ពាធទឹក រីឯក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេល៣ទៅ៥ថ្ងៃខាងមុខ។

ស្ទឹងព្រែកត្នោត ដែលមានប្រភពចាប់ពីភ្នំឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដល់រាជធានីភ្នំពេញ បានបង្កឱ្យមានទឹកជំនន់ ហើយប្រជាពលរដ្ឋរាប់រយគ្រួសារនៅរាជធានីភ្នំពេញត្រូវបានជម្លៀសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

នៅ​រសៀល​ថ្ងៃ​ពុធម្សិលមិញ ទឹក​បាន​ហូរចេញពី​ទំនប់​រលាំងជ្រៃ ​ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ។ កម្រិត​ទឹក​នៅ​ទីនោះ​បាន​កើនឡើង​ជិត​កន្លះ​ម៉ែត្រ​​។

លោកស្រី សាយ ប៊ូ អាយុ៨១ឆ្នាំ បាននិយាយថា ផ្ទះរបស់លោកស្រីដែលមានចម្ងាយប្រហែល១៥ម៉ែត្រពីស្ទឹងព្រែកត្នោត ប្រាកដជាជន់លិច ប្រសិនបើទឹកឡើងខ្ពស់ជាងនេះ។

លោកស្រីបានមានប្រសាសន៍ថា៖ «យើងកំពុងតាមដានកម្រិតទឹកជារៀងរាល់ថ្ងៃ ដើម្បីយើងអាចត្រៀមខ្លួននៅពេលមានទឹកជំនន់កើតឡើង»។

លោកស្រីបន្ថែមថា៖ «ពេល​មាន​ទឹក​ជំនន់ យើង​នឹង​យក​សត្វដូច​ជា​គោ ព្រម​ទាំង​ចៅៗ និងសម្ភារចាំបាច់​ផ្សេង​ទៀត​ ទៅ​ស្នាក់​នៅ​លើ​ទំនប់​ជា​បណ្ដោះ​អាសន្ន»។

លោកស្រី​បន្តថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះជួបការលំបាក ជាពិសេស​អ្នកធ្វើស្រែនិង​ចិញ្ចឹម​សត្វ ដោយសារ​មានទឹកជំនន់​ញឹកញាប់និង​ធ្ងន់ធ្ងរ និងជារឿយៗ​ជន់​លិច​ភូមិ​ទាំងមូល​។

លោកស្រីបន្ថែមថា៖ «នៅឆ្នាំ២០២០ ផ្ទះរបស់យើងលិច២ម៉ែត្រ។ យើង​បង្ខំចិត្ត​​ស្នាក់​នៅ​ជា​បណ្ដោះ​អាសន្ន​លើទំនប់​រលាំង​ជ្រៃ​ អស់​រយៈ​ពេល​ជិត​មួយ​សប្ដាហ៍ ព្រោះ​មានតែទីនោះទេដែល​មិនលិច​ទឹក»។

មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងសប្ដាហ៍នេះ ហើយអាជ្ញាធរបានប្រាប់ឱ្យមានការប្រុងប្រយ័ត្នចំពោះព្យុះទីហ្វុងណូរុ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅខាងក្រោមទំនប់រលាំងជ្រៃ ត្រូវប្រុងប្រយ័ត្ន ខណៈព្យុះទីហ្វុងណូរុ ឆ្លងកាត់ប្រទេសកម្ពុជាក្នុងសប្ដាហ៍នេះ ដែលបង្កឱ្យមានភ្លៀងធ្លាក់ និងកម្ពស់ទឹកកើនឡើង។ លោកបាននិយាយថា ទ្វារទឹកត្រូវបានបើក ដើម្បីរំដោះសម្ពាធទឹក កាលពីថ្ងៃពុធម្សិលមិញនេះ។

លោកបន្ថែមថា៖ «យើងកំពុងតាមដានកម្រិតទឹកយ៉ាងយកចិត្តទុកដាក់ ព្រោះផ្អែកលើការព្យាករអាកាសធាតុ នឹងមានភ្លៀងធ្លាក់រហូតដល់ចុងខែនេះ»។

លោកបន្ថែមថា ទឹកមិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ប៉ុន្តែប្រជាពលរដ្ឋគួរត្រៀមខ្លួន។

លោក​បន្ថែម​ថា​៖ «​ប្រជាជន​ស៊ាំ​នឹង​ទឹក​ជំនន់ ដូច្នេះ​ពួកគាត់​ដឹង​ថា​ត្រូវ​ទៅ​ណា​ ពេល​មាន​ទឹក​ជំនន់​កើត​ឡើង»។

លោក កែម សារ៉ុម អនុ​ភូមិ​អន្លង់​ធំ ឃុំ​តាំងក្រូច បាន​ថ្លែង​ថា យើង​មិន​អាច​ទប់​ស្កាត់ការជន់លិច​បាន​ទេ។ លោក​ថា អ្វី​ដែល​អាជ្ញាធរ​អាច​ធ្វើ​បាន គឺ​ប្រាប់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​កម្រិត​ទឹក។

លោកបន្ថែមថា៖ ​«​ទឹកស្ទឹង​ព្រែក​ត្នោត​ តែងតែហក់ឡើងយ៉ាង​លឿន ហើយ​ធ្វើ​ឱ្យ​ភូមិ​ទាំង​មូល​ត្រូវ​ជន់​លិច»។

ប្រធានអាជ្ញាធរទន្លេសាប លោក ម៉ៅ ហាក់ បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ស្ទឹងព្រែកត្នោត ក្នុងរាជធានីភ្នំពេញ កំពុងស្ថិតក្រោមការឃ្លាំមើល ប៉ុន្តែមិនទាន់ចាត់ទុកថាស្ថិតក្នុងកម្រិតដែលគួរឱ្យព្រួយបារម្ភនៅឡើយទេ ហើយព្យុះទីហ្វុងណូរុនឹងវាយប្រហារតំបន់មួយចំនួននៃប្រទេសកម្ពុជា។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទីហ្វុងណូរុ អាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតាមដងទន្លេមេគង្គ ជាពិសេសក្នុងខេត្តកំពង់ចាម ស្ទឹងត្រែង ក្រចេះ និងផ្នែកខ្លះនៃរាជធានីភ្នំពេញ ក្នុងរយៈពេល៣ទៅ៥ថ្ងៃខាងមុខ។ ក្រសួងបានឱ្យដឹងទៀតថា ការហក់ឡើងនៃកម្រិតទឹកទន្លេមេគង្គ អាចនឹងបណ្ដាលឱ្យមានទឹកជំនន់នៅតាមតំបន់មួយចំនួនតាមដងទន្លេ។

ក្រសួងបន្តថា ក្នុងរយៈពេលពី៣ទៅ៥ថ្ងៃខាងមុខ កម្ពស់ទឹកទន្លេមេគង្គអាចឡើងដល់ប្រហែល១០ម៉ែត្រ នៅខេត្តស្ទឹងត្រែង, ២១ម៉ែត្រ នៅក្រចេះ, ១៤,៣ម៉ែត្រ នៅកំពង់ចាម និង ៩,៤ ម៉ែត្រនៅភ្នំពេញ។ ផ្អែកលើទិន្នន័យរបស់គណៈកម្មការទន្លេមេគង្គ បានឱ្យដឹងថា កម្រិតទឹកនឹងកើនឡើងប្រហែល២ទៅ ២,៥ម៉ែត្រ ពីកម្រិតដែលបានកត់ត្រាកាលពីថ្ងៃពុធម្សិលមិញ៕

បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Prek Tnaut River’s Dam Releases Rising Water, Flood Alert Issued for Mekong