Views: 5
ដោយៈ ប.ខុន / ភ្នំពេញៈ ទឹកស្ទឹងព្រែកត្នោត នៅក្រោមខេត្តកំពង់ស្ពឺ ចាប់ផ្តើមងើបឡើង ក្រោយពីទ្វារទឹករលាំងជ្រៃ ចំនួន ៥ទ្វារ ត្រូវបានបើកទម្លាក់ទឹក ចូលស្ទឹងព្រែកត្នោត ដើម្បីរំដោះទឹក បន្ទាប់ពីកម្ពស់ ទឹក នៅអាងទឹកតាសាល ពាមឃ្លៃ និងនៅទំនប់រលាំងជ្រៃ បានកើនឡើងលើសកម្រិត ត្រូវរក្សាទុក តែវាមិនទាន់ឈានដល់មានជំនន់កើតឡើង នៅឡើយទេ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺបានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ថា ទឹកស្ទឹងព្រែកត្នោត មិន ទាន់មានសញ្ញាណជំនន់ទេ គួរឱ្យព្រួយបារម្ភនៅឡើយទេ នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ តែទ្វារទឹកទំនប់រលាំងជ្រៃ ត្រូវបានបើក ៥ទ្វារ ទម្លាក់ទឹកចូលស្ទឹងព្រែកត្នោត ដើម្បីរំដោះ ទឹកធ្វើឱ្យទឹកស្ទឹងព្រែកត្នោត នៅផ្នែកខាងក្រោម ទ្វារទឹករលាំងជ្រៃ កើនឡើងខ្ពស់ តែនៅគ្រប់គ្រងបាន។
ប្រធានមន្ទីរខាងលើ បាននិយាយឱ្យដឹងទៀតថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃមកនេះ មានបរិមាណច្រើន តែនៅលើពីរស្រុក និងភ្លៀងធ្លាក់ មិនជាប់រាល់ថ្ងៃ និងនៅថ្ងៃទី ២៨ ខែកញ្ញា មិនមានភ្លៀងធ្លាក់ទេ។ ទោះជាយ៉ាងណា កម្ពស់ទឹក នៅតាមប្រព័ន្ធសំខាន់ មួយចំនួន ភាគខាងលើ នៃស្ទឹងព្រែកត្នោត បានកើនឡើង លើសកម្រិតត្រូវរក្សាទុក ហើយត្រូវបានបើកទ្វារ បញ្ចេញទឹកចោល ដូចជានៅ អាងតាសាល និងទំនប់ រលាំងជ្រៃ។
ស្ថានភាពទឹក នៅអាងទឹកតាសាល ថ្ងៃទី ២៩ ខែកញ្ញា មានកម្ពស់ ១៨,៧៨ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៨ ខែកញ្ញា ១,៥៣ ម៉ែត្រ បើកទ្វារទឹកចំនួន បីទ្វារ ដោយទ្វារនីមួយៗ កម្ពស់ ០,៥០ ម៉ែត្រ។ នៅពាមឃ្លៃទឹក មានកម្ពស់ ៦,១២ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី ២៨ ខែកញ្ញា ១,៦២ ម៉ែត្រ។
នៅទំនប់រលាំងជ្រៃ បើកទ្វារទឹកចំនួន ៥ទ្វារ ដោយមួយទ្វារ កម្ពស់ ២,៥០ ម៉ែត្រ ពីរទ្វារ កម្ពស់ ១,៨០ ម៉ែត្រ និងពីរទ្វារ កម្ពស់ ០,៥០ ម៉ែត្រ សម្រាប់ទ្វារនីមួយៗ បន្ទាប់ពីទឹកស្ទឹងព្រែកត្នោត នៅរលាំងជ្រៃ បានឡើងដល់កម្ពស់ ៧,៣៦ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី ២៨ ខែកញ្ញា ០,៣០ ម៉ែត្ររួចមក៕ V / N
