
ដោយ: ម៉េងឆៃ/ ភ្នំពេញ: កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានៅទីស្តីការក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានទទួលជួបឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា។ ក្រៅពីចូលជួបសម្តែងការគួរសម លោកឯកអគ្គរដ្ឋទូតក៏បានប្រគល់មូលប្បទានប័ត្រ ជាទឹកប្រាក់ចំនួន ២៥ ០០០ ដុល្លារអាម៉េរិក ជូនលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សម្រាប់ជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់ កាលពីខែតុលាកន្លងមក។
ជំនួយរបស់ម៉ាឡេស៊ីនេះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចាត់ទុកថា គឺជាការបង្ហាញនូវកាយវិការសាមគ្គីភាព រវាងប្រទេសទាំងពីរ នៅក្នុងឋានៈជាប្រទេសសមាជិកអាស៊ានដូចគ្នា និងជាកាយវិការល្អប្រសើររបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនម៉ាឡេស៊ី ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ម៉ាឡេស៊ី ផ្តល់ជំនួយដល់កម្ពុជានេះ គឺកើតឡើងភ្លាមៗ ក្រោយពីកម្ពុជា បានផ្តល់ជំនួយសប្បុរសជាម៉ាស និងបរិក្ខារពេទ្យ ជាបន្តបន្ទាប់ដល់ប្រទេសសមាជិកអាស៊ាន គឺឡាវ និងមីយ៉ាន់ម៉ា។ នោះគឺកាលពីថ្ងៃទី១៦ ខែវិច្ឆិកា កម្ពុជាផ្តល់ម៉ាសជាង ២លាន និងបរិក្ខារពេទ្យ ១២មុខ ដល់ប្រទេសឡាវ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយនៅថ្ងៃទី២៦ ខែវិច្ឆិកា ជំនួយជាម៉ាស និងបរិក្ខារពេទ្យដូចគ្នានេះ ត្រូវបានកម្ពុជា ផ្តល់ជូនមីយ៉ាន់ម៉ា។
ជាងនេះទៅទៀត កម្ពុជា ក៏បានប្រកាសផ្តល់ជំនួយជាម៉ាស និងបរិក្ខារពេទ្យសម្រាប់ទប់ទល់នឹងកូវីដ១៩ ដល់ប្រទេសទីម័រលេស្តផងដែរ។ ជំនួយទាំងនេះ ស្មើនឹងពាក់កណ្តាលនៃជំនួយកម្ពុជា ផ្តល់ឲ្យប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ហើយនឹងត្រូវដឹកជញ្ជូនតាមយន្តហោះពិសេស យកទៅប្រទេសទីម័រខាងកើត នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកាខាងមុខ។

និយាយទៅបើតាមធម៌ព្រះពុទ្ធ គឺអំពើល្អរបស់កម្ពុជា ពិតជាហុចផលភ្លាមៗ ដោយមិនរង់ចាំដល់ជាតិក្រោយឡើយ។ អំពើល្អ ក៏មិនសាបសូន្យ ពោលគឺយើងធ្វើល្អ បានល្អ ហើយបើយើងធ្វើល្អដាក់អ្នកណាម្នាក់ ទោះបីជាអ្នកនោះ ដឹងគុណយើង ឬមិនដឹងគុណយើង ក៏គង់តែមានអ្នកផ្សេង ធ្វើអំពើល្អដាក់យើងវិញ ជាក់ជាមិនខាន ហើយក៏មិនចាំបាច់ រង់ចាំដល់ជាតិក្រោយទេ។ នេះបើយើងនិយាយពីទ្រឹស្តីកម្មផល។
តែបើមើលពីទំនាក់ទំនងការទូតវិញ កម្ពុជាមានទំនាក់ទំនងល្អលើគ្រប់ប្រទេសទាំងអស់លើពិភពលោក ពិសេសនៅតំបន់អាស៊ាន ដែលមាន ១០ប្រទេស ហើយកម្ពុជា ក៏ជាសមាជិកដ៏សំខាន់ ក្នុងអាស៊ានដែរ។ ទឹកចិត្តដ៏សប្បុរសរបស់កម្ពុជាក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញកាន់តែច្បាស់ ហើយច្រើនលើកមកហើយ ក្នុងអំឡុងពេលកូវីដ១៩ បានឆ្លងរាតត្បាត នៅឆ្នាំ២០២០នេះ។
ក្នុងនោះ យើងរាប់ត្រួស មានជាអាទិ៍ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងពេលប្រទេសចិន កំពុងឆ្លងរាលដាលជំងឺកូវីដ១៩ កាលពីអំឡុងខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យនាវាទេសចរណ៍អាមេរិក MS Westerdam ចូលចត ដើម្បីសង្គ្រោះអ្នកទេសចរ និងនាវិកសរុបជាង ២០០០នាក់ រួមទាំងការជួយសង្គ្រោះ និងព្យាបាលអ្នកជំងឺកូវីដ១៩ ដែលជាជនបរទេស រួមទាំងពលរដ្ឋកម្ពុជា ដែលមកដល់ពេលនេះ មានចំនួនដល់ទៅ ៣០៧នាក់ហើយ។ ក្នុងនោះ ២៩៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ ហើយកម្ពុជា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និងក៏មិនមានការឆ្លងក្នុងសហគមន៍រវាងប្រជាជនកម្ពុជា ពីម្នាក់ ទៅម្នាក់ឡើយ។
ជារួម កម្ពុជា ពីមុនដែលធ្លាប់តែជាប្រទេសទទួលជំនួយទាំងស្រុង តែពេលនេះកម្ពុជាអាចក្លាយជាប្រទេស ផ្តល់ជំនួយសង្គ្រោះដល់ប្រទេសដទៃ ហើយក៏កម្ពុជានៅតែបន្តទទួលបានជំនួយពីប្រទេសជាមិត្ត ដែលទាំងការផ្តល់ជំនួយឲ្យគេ និងទាំងការទទួលជំនួយពីគេ គឺសុទ្ធតែជាកាយវិការ បង្ហាញពីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក ក្នុងគ្រាជួបការលំបាក៕
