Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទឹកទន្លេមេគង្គ នៅចតុមុខ ក្នុងរដូវវស្សា ឆ្នាំ២០២៣ អាចឡើងដល់កម្ពស់ត្រឹមតែ ៨,៣៥ ម៉ែត្រ ជាប្រភេទជំនន់តូច

Views: 1

ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងស្តីពីការព្យាករ កម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ សម្រាប់ឆ្នាំ២០២៣ នៅស្ថានីយជលសាស្ត្រ បាសាក់-ចតុមុខ ទឹកអាចមានកម្ពស់ ត្រឹមតែប្រមាណជា ៨,៣៥ ម៉ែត្រ ចាត់ទុកជាប្រភេទ​ ជំនន់តូច ។

នៅក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខា ដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣  បានសរសេរ ដោយយោងតាមដាន អង្កេត ស្រាវជ្រាវ លើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ទន្លេមេគង្គជាច្រើនឆ្នាំ បន្តបន្ទាប់រួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង អំពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ សម្រាប់ឆ្នាំ២០២៣ថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ស្ថានភាពភ្លៀងនៅអាង ទន្លេមេគង្គ រួមទាំងកម្ពុជា មានកម្រិតប្រហាក់ប្រហែលមធ្យមច្រើនឆ្នាំ ដោយសារតែ ឥទ្ធិពលអែលនីណូ (El Nino) មានត្រឹម ៦០ ភាគរយ និងបាតុភូតអែនសូ (Neutral) មាន ៤០ ភាគរយ  ដែលជាបាតុភូតអន្តរកាល ចន្លោះរវាងបាតុភូតអែលនីណូ (El Nino) និងបាតុភូតឡានីណា (La Nina)។

ចាប់ពីខែឧសភា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ បាតុភូតអែលនីណូ (El Nino) អាចកើន ឡើងដល់ ៨០ ភាគរយ និងបាតុភូតអែនសូ (Neutral) មានត្រឹមតែ ២០ ភាគរយ។ ផ្អែកតាមការវិវដ្តយ៉ាងរហ័ស នៃបាតុភូតអែលនីណូ (El Nino) ក្នុងរយៈពេលចុងក្រោយ នេះ បានធ្វើឲ្យស្ថានភាពអាកាសធាតុ ក្នុងរដូវវស្សា ឆ្នាំ២០២៣ ជួបនឹងរបបទឹកភ្លៀង ធ្លាក់មិនបានរាយប៉ាយល្អ ភ្លៀងអាចមានក្នុងកម្រិតពីតិចទៅមធ្យម និងផ្នែកខ្លះជាបង្គួរ  ជាមួយភ្លៀងធ្លាក់ភាគច្រើន ជាលក្ខណៈផ្ទាល់ (Localize rain) មិនជាប្រព័ន្ធ ទាំងនៅក្នុងអាងទន្លេមេគង្គ និងនៅក្នុងប្រទេសកម្ពុជា ។

ក្នុងសេចក្តិជូនដំណឹង បានសរសេរទៀតថា ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣  ទឹកទន្លេមេគង្គ-ស្ទឹងត្រែង មានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,២៧ ម៉ែត្រ ។ ទន្លេមេគង្គ-ក្រចេះ មានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណជា ០,៤០ ម៉ែត្រ ។ ទន្លេមេគង្គ-កំពង់ចាម មានកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ។ នៅស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ ។ ទឹកក្នុងបឹងទន្លេសាប នៅស្ថានីយក្រគរ-កំពង់លួង មានកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំ ប្រមាណជា ០,០៧ ម៉ែត្រ ។

នៅក្នុងសេចក្តិជូនដំណឹង បានសរសេរយោងតាមលក្ខណៈខាងលើថា ស្ថានភាពទឹក ទន្លេមេគង្គ សម្រាប់ដើម ឆ្នាំ២០២៣  នៅទន្លេមេគង្គ ផ្នែកខាងលើខេត្តកំពង់ចាម ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ, នៅទន្លេមេគង្គផ្នែកខាងក្រោម ទឹកមានកម្រិតកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ។ រីឯនៅទន្លេបាសាក់ និងបឹងទន្លេសាប ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំបន្តិចបន្តួច ។
យោងលើស្ថានភាពអាកាសធាតុក្នុងតំបន់ ដែលកំពុងទទួលឥទ្ធិពលពីបាតុភូត អែលនីណូ (El Nino) បើទោះបីជាស្ថានភាពទឹកទន្លេ នៅដើមឆ្នាំ ២០២៣នេះ មានស្ថានភាពប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំក្តី តែបន្តទៅមុខ ទឹកភ្លៀង ដែលនឹងកើតមាននៅអាងទន្លេមេគង្គ រួមទាំងកម្ពុជាផងនោះ  មានការថយចុះទាបជាង មធ្យមភាគច្រើនឆ្នាំ ដែលជាកត្តានាំឲ្យទឹកជំនន់ទន្លេមេគង្គ នៅឆ្នាំនេះ មានលក្ខណៈតូច ដោយនៅស្ថានីយជលសាស្ត្រ បាសាក់-ចតុមុខ សម្រាប់ឆ្នាំ២០២៣ ទឹកអាចនឹមាន កម្ពស់ត្រឹមតែ ៨,៣៥ ម៉ែត្រ ចាត់ទុកជាប្រភេទជំនន់តូច៕ V / N

Post navigation