Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ទឹកជំនន់​នៅ​ស្រុក​ភ្នំស្រុក និង​ស្រុក​ព្រះ​នេ​ត​ព្រះ មិនទាន់​ស្រក​

Views: 7

ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកជំនន់​នៅ​ស្រុក​ភ្នំស្រុក និង​ស្រុក​ព្រះ​នេ​ត​ព្រះ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ផ្លូវ​ខេត្ត ផ្លូវ​ស្រុក ភូមិដ្ឋាន និង​វាលស្រែ​ល្វឹងល្វើយ ដែលជា​ទឹក​ធ្លាក់ចុះ មកពី​ស្ទឹង​ស្រែង មកដល់ពេលនេះ មិនទាន់​ស្រក​នៅឡើយ​ទេ តែ​ទឹកជំនន់​នៅ​ខាង​ស្រុក​មង្គលបុរី បាន​ស្រក​អស់ហើយ​។​

​លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២២​ថាៈ ទឹកជំនន់​នៅ​ខាង ស្រុក​មង្គលបុរី បាន​ស្រក​អស់ហើយ តែ​នៅ​ខាង​ស្រុក​ភ្នំស្រុក និង​ស្រុក​ព្រះ​នេ​ត​ព្រះ ជា​ទឹក​ធ្លាក់ចុះ​មកពី​ស្ទឹង​ស្រែង (​ស្ទឹង​ក្រឡាញ់​) ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ឡើង លើសពី​កម្រិត​ត្រូវ ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​នោះ នៅ​មិនទាន់​ស្រក​នៅឡើយ​ទេ​។​

​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ទឹកជំនន់​បាន​លិច វាលស្រែ​ល្វឹងល្វើយ តែ​មិនមាន​ផលប៉ះពាល់ ដល់​ដំណាំ​ស្រូវ​ធ្ងន់ធ្ងរ​នោះទេ ដោយ សារ​ជា​តំបន់ ដែល​ប្រជាពលរដ្ឋ ធ្វើ​ស្រូវស្រាល​បាន​ច្រូតកាត់​អស់ហើយ តែ​ទឹកបាន​លិច ផ្លូវ​ខេត្ត ផ្លូវ​ស្រុក ជា​ផ្លូវ​កៅស៊ូ ផ្លូវ​ក្រួស​ក្រហម លិច​ភូមិដ្ឋាន ដោយ​មិនមាន​គ្រោះថ្នាក់​ដល់ អាយុជីវិត​ប្រជាពលរដ្ឋ​ទេ មូលហេតុ ពួកគាត់​បានដឹង​មុន ហើយ​ជម្លៀស​សត្វពាហនៈ ទៅកាន់​ទីទួល​សុវត្ថិភាព អស់​មុនពេល​ទឹក​ជន់​លិច​។​

​លោក យឹម ប៊ុន​រ៉ុ​ម បាន​និយាយ​ឱ្យដឹងទៀតថាៈ ទឹកជំនន់​នៅ​ស្រុក​ភ្នំស្រុក ស្រុក​ព្រះ​នេ​ត​ព្រះ ស្រក​យឺត​ដោយសារ​ផ្លូវទឹក ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ មាន​កម្រិត ទើប​ធ្វើ ឱ្យមាន​ការលិចលង់​យូរ​នៅ​ផ្នែក​ខាងលើ​ផ្លូវជាតិ​។ ចំណែក​ទឹកជំនន់ នៅ​ខាង​ស្រុក​មង្គលបុរី ដែល​កើតមាន​ញឹកញាប់ នៅក្នុង​ឆ្នាំនេះ តែ​បាន​ដោះ​លឿន​ចូល​បឹង​ទន្លេសាប បន្ទាប់ពី​បាន​ជីក​ប្រឡាយ​ចា ប្រវែង​ជាង ៣០ គីឡូម៉ែត្រ ដោយមាន​ទទឹង​នៅ​កន្លែង​ខ្លះ ដល់​ពី ៥០ ទៅ ៦០ ម៉ែត្រ​រួចមក​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​២៨ ខែកញ្ញា ដល់​ថ្ងៃទី​៤ ខែតុលា​ថាៈ នៅ​ថ្ងៃទី​២៨ និង ២៩ ខែកញ្ញា ប្រទេស​កម្ពុជា បន្ត​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ​ទី​១៦ ឈ្មោះ ណូ​រុ (NORU)​។ ព្យុះ​នេះ នឹង​ចូល​លើ​ប្រទេស​វៀតណាម ភាគ​កណ្ដាល នៅវេលា​ម៉ោង ០១ យប់ ថ្ងៃទី​២៨ ខែកញ្ញា ក្នុង​កម្រិត​ជា (STS)​រួច​បន្ថយឥទ្ធិពល ទៅជា​វិ​សម្ពាធ (TD) ដើរ​លើ​តំបន់​អាង​ទន្លេមេគង្គ មុននឹង​ថមថយ​ឥទ្ធិពល ទៅជា​សម្ពាធ​ទាប (LOW) ។ បន្ទាប់មក ប្រទេស​កម្ពុជា ទទួលរង​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​មធ្យម ។​

​សេចក្តីជូនដំណឹង ខាងលើ បាន​សរសេរ​ទៀតថាៈ ស្ថានភាព​អាកាសធាតុ បែប​ខាងលើ ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣០ ទៅ ៣២ អង្សា​សេ​។ នៅ​ថ្ងៃទី​២៨ និង​ទី​២៩ ខែកញ្ញា បណ្ដា​ខេត្ត​ក្នុងភូមិ​សាស្ត្រ​ជាប់​ព្រំដែន​ថៃ អាចមាន​ភ្លៀង ក្នុង​កំរិត​ពី​បង្គួរ​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។ រីឯ​រាជធានី និង​បណ្តា​ខេត្ត​ដទៃទៀត អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កំរិត​ពី​តិច​ទៅ​បង្គួរ​។ បន្ទាប់ពីនោះ ភ្លៀង​អាច​ធ្លាក់​ក្នុង​កម្រិត ពី​ខ្សោយ​ទៅ​មធ្យម​។​

​សម្រាប់​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព អប្បបរមា​ពី ២១ ទៅ ២៣ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ២៩ ទៅ ៣១ អង្សា​សេ ។ នៅ​ថ្ងៃទី​២៨ និង​ទី​២៩ ខែកញ្ញា អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា​ទៅ ភ្លៀង​អាច​ធ្លាក់ ក្នុង​កំរិត​ពី​ខ្សោយ ទៅ​បង្គួរ​។​

​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ២៨ ទៅ ៣០ អង្សា​សេ ។ អាចមាន​ភ្លៀង​ក្នុង​កំរិត​ពី​មធ្យម ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀង លាយឡំ និង​ខ្យល់​បក់បោក​ខ្លាំង រលក​សមុទ្រ​ខ្ពស់ៗ បន្ត​រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា​។​

​យោង​លើ​ស្ថានភាព​ធាតុអាកាស ដូច​បាន ជម្រាបជូន​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​សូម​អាជ្ញាធរ​ដែនដី និង​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតធម្មជាតិ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ៕ V / N

Post navigation