Views: 1
ដោយៈប.ខុន / ភ្នំពេញៈ ទឹកបឹងទន្លេសាប នៅក្នុងរដូវវស្សា ឆ្នាំ២០២៣ នេះ អាចឡើង ដល់កម្ពស់ខ្ពស់បំផុត ត្រឹមជាង ៥ ម៉ែត្រ ជាកម្ពស់ទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ គឺប្រហាក់ប្រហែលនឹងកម្ពស់ទឹក ឆ្នាំ២០១៥ ដែលមានកម្ពស់ខ្ពស់បំផុតត្រឹមតែ ៥,៣២ ម៉ែត្រ ដោយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ទឹកបានឡើងដល់កម្ពស់ ៤,៦១ម៉ែត្រ គឺនៅទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ដល់ទៅ ២ ម៉ែត្រ បើធៀបរយៈពេលដូចគ្នា។
លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ថាៈ ស្ថានភាពទឹកបឹងទន្លេ សាប នៅថ្ងៃទី៨ ខែកញ្ញា ស្ថិតក្នុងកម្ពស់ទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ រហូតដល់ជិត ២ ម៉ែត្រ បើធៀបរយៈពេលដូចគ្នា។ ទឹកបឹងទន្លេសាប នៅក្នុងរដូវវស្សា ឆ្នាំ២០២៣ នេះ អាចឡើងដល់កម្ពស់ជាង ៥ ម៉ែត្រ គឺប្រហាក់ប្រហែលនឹងកម្ពស់ទឹកឆ្នាំ២០១៥ ដែលមានកម្ពស់ខ្ពស់បំផុត ៥,៣២ម៉ែត្រ។

មន្ត្រីជំនាញជលសាស្ត្រខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ទឹកបឹងទន្លេសាប នៅបន្តកើនឡើងថែមទៀត ដោយសារទឹកហូរចូលពីទន្លេមេគង្គ និងទឹកភ្លៀង មកពីតាម បណ្តាស្ទឹងជុំវិញបឹងទន្លេសាប។ ទឹកបឹងទន្លេសាប ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះ ទាបជាងគេគឺនៅឆ្នាំ២០១៥ គឺមានកម្ពស់ខ្ពស់បំផុតត្រឹមតែ ៥,៣២ ម៉ែត្រ និងខ្ពស់បំផុតនៅឆ្នាំ២០១១ មានកម្ពស់ ៩,៩០ ម៉ែត្រ និងឆ្នាំ២០០០ មានកម្ពស់ ៩,៧២ ម៉ែត្រ។
តាមព្រឹត្តិបត័្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានបង្ហាញឱ្យឃើញថាៈ ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង មានកម្ពស់ ៧,២៥ ម៉ែត្រ ទាបជាងថ្ងៃទី៧ កញ្ញា ០,០២ ម៉ែត្រ នៅខេត្តក្រចេះ ទឹកមានកម្ពស់ ១៦,៩៧ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៧ ខែកញ្ញា ០,៤៧ ម៉ែត្រ នៅកំពង់ចាម ទឹកមានកម្ពស់ ១០,៥៥ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៧ កញ្ញា ០,៤៣ ម៉ែត្រ នៅចតុមុខ ទឹកមានកម្ពស់ ៦,៣៣ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៧ ខែកញ្ញា ០,១១ ម៉ែត្រ នៅអ្នកលឿង ទឹកមានកម្ពស់ ៤,៦១ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៧ ខែកញ្ញា ០,០៧ ម៉ែត្រ នៅទន្លេបាសាក់កោះខែល ទឹកមានកម្ពស់ ៥,៧៦ ម៉ែត្រ នៅទន្លេសាបព្រែកក្តាម ទឹកមានកម្ពស់ ៥,៤៩ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៧ ខែកញ្ញា ០,១០ ម៉ែត្រ នៅបឹងទន្លេសាប ក្រគរ កំពង់លួង ទឹកមានកម្ពស់ ៤,៦២ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៧ ខែកញ្ញា ០,០៤ ម៉ែត្រ៕/V/r

