Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឯកអគ្គរដ្ឋទូតរុស្សី៖ សហភាពសូវៀតបានចូលរួមចំណែកយ៉ាងធំ ជួយដោះស្រាយប្រកបដោយសន្តិវិធីនូវសង្រ្គាម​ស៊ីវិលនៅកម្ពុជា កិច្ចព្រមព្រៀងទីក្រុងប៉ារីស

Views: 8

ដោយៈប៉ូលីទិក/ភ្នំពេញ: ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៣ បានធ្វើសន្និសីទសារព័ត៌មាននៅស្ថានទូតក្រោមប្រធាន​បទទំនាក់ទំនងរវាងរុស្ស៊ីនិងកម្ពុជា ព្រមទាំងប្រធានបទសំខាន់ៗនៃគោលនយោបាយការបរទេសរុស្ស៊ី។

នៅក្នុងសន្និសីទសារពត៌មាន ទាក់ទងនឹងទំនាក់ទំនងរវាងកម្ពុជា រុស្សី លោក អាណាតូលី បូរ៉ូវីក(Anatoly Borovik)ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា បានថ្លែងថា ទំនាក់ទំនងការទូត​រវាងសហភាពសូវៀត ដែលមានសហព័ន្ធរុស្ស៊ីជារដ្ឋស្នង និងព្រះរាជាណាចក្រកម្ពុជាត្រូវបានបង្កើតក្នុងខែឧសភា ឆ្នាំ១៩៥៦ ក្នុងគោលបំណងអភិវឌ្ឍកិច្ចសហ​ប្រតិបត្តិការអន្តរជាតិ និងការពង្រឹងសន្តិភាពពិភពលោក។ ដំណើរទស្សនកិច្ចរបស់សម្ដេចព្រះ នរោត្តម សីហនុ នៅសហភាពសូវៀត ជាច្រើនដងក្នុ​ទសវត្សរ៍​៥០-៦០ នៃសតវត្សទី២០ បានជួយពង្រឹងចេតនាក្នុងការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី។

តាំងពីឆ្នាំដំបូងមក ប្រទេសរុស្សីបានសម្តែងបំណងប្រាថ្នារបស់ខ្លួនក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាការពង្រឹងសក្តានុពល​ធនធាន​មនុស្ស។ ដោយឡែក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងគ្រឹះស្ថានសិក្សាបច្ចេកទេសជាន់ខ្ពស់ ដែលមានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជាវិទ្យា​ស្ថានស្នងត្រូវបានសាងសង់ឡើងជាអំណោយជូនព្រះរាជាណាចក្រកម្ពុជា។

ប្រទេសរបស់យើងក៏បានផ្តល់ជំនួយជូនប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាពិសេសការផ្ទុះជំងឺអុត។

លោកឯកអគ្គរដ្ឋទូត បានបន្តថា ទំនាក់ទំនងរវាងសហភាពសូវៀតនិងកម្ពុជាដែលត្រូវបានផ្តាច់នៅក្នុងអំឡុងពេលរបបប្រល័យពូជសាសន៍ខ្មែរក្រហមត្រូវ​បានស្តារឡើងវិញ នៅឆ្នាំ១៩៧៩។ ប្រទេសយើងបានផ្តល់ជំនួយដ៏ធំធេង ក្នុងការស្តារសេដ្ឋកិច្ចរបស់កម្ពុជា។ ជំនាញការសូវៀតបាន​កសាង ស្ថាប័នអប់រំ និងវេជ្ជសាស្រ្ត សាងសង់ទីតាំងថាមពល ឧស្សាហកម្ម និងកសិកម្មថ្មីៗ។ ពេលនោះនិស្សិតកម្ពុជាជាច្រើនបានសិក្សានៅទូទាំងសហភាពសូវៀត។​ចាប់ពី​ទសវត្សរ៍៨០ នៃសតវត្សទី២០មក និស្សិតកម្ពុជាជាង ៨ពាន់នាក់ បានបញ្ចប់សិក្សានៅសាកលវិទ្យាល័យសូវៀត/រុស្ស៊ី។ ការសន្ទនាមនុស្សធម៌នៅ​តែជាទិដ្ឋភាព ក្នុងទំនាក់ទំនងទ្វេភាគី។

នៅពេលជាមួយគ្នានេះ នៅក្នុងដំណាក់កាលនោះ ឧបទ្ទវហេតុក៏បានកើតឡើងផងដែរ។ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣ ពួក ប៉ុល ពតដែលស្លៀកពាក់ឯក​សណ្ឋានយោធាទាហាននៃកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា បានបាញ់ផ្លោងក្បួនរថយន្ត ដែលដឹកជំនាញការសូវៀត និងកម្ពុជា ​និងតំណាងក្រសួងកសិកម្មនៃ​សាធារណរដ្ឋប្រជាមានិតកម្ពុជាកំពុងតែធ្វើដំណើរទៅវាលកប្បាសមួយសម្រាប់ធ្វើការពិសោធន៍នៅជិតក្រុងកំពង់ចាម។ពួកខ្មែរក្រហមបានបាញ់សម្លាប់ប្រជាពលរដ្ឋសូវៀតយ៉ាង​សាហាវ។ ជាអកុសលទាហានកម្ពុជាដែលអមដំណើរគេ ការពារជំនាញការ​នោះមិនកើតទេ។ ភាគីកម្ពុជាបានចាត់ទុកអំពើពួកប៉ុល ពត ជាការញុះញង់ ដែលមានបំណងប្រទូសរ៉ាយ ចំណងមិត្តភាពកម្ពុជា-សូវៀត និងដំណើរការស្តារសេដ្ឋកិច្ចកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ដែលពេលនោះជារដ្ឋមន្ត្រីក្រសួងការបរទេស បានផ្ញើសាររំលែកទុក្ខ ជូន លោក Andrei Gromyko ប្រមុខការទូតសូវៀត។

លោក អាណាតូលី បានគូសបញ្ជាក់ថា៖«សហភាពសូវៀតបានចូលរួមចំណែកយ៉ាងធំ ក្នុងការសម្របសម្រួលការដោះស្រាយប្រកបដោយសន្តិវិធីនូវសង្រ្គាម​ស៊ីវិលនៅកម្ពុជា ជាពិសេសក្នុងការសម្រេចកិច្ចព្រមព្រៀងទីក្រុងប៉ារីសកាលពីឆ្នាំ១៩៩១។ ទោះបីជាសហភាពសូវៀតបានដួលរលំនៅ​ឆ្នាំ១៩៩១ក៏ដោយ ក៏អ្នកសង្កេតការណ៍រុស្ស៊ី និង ជំនាញការបោសសម្អាតមីនចូលរួមយ៉ាងទូលំទូលាយ ក្នុងសកម្មភាពនៃអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅ​កម្ពុជា (អ៊ុនតាក់)»។

ក្នុងស្ថានភាពដ៏លំបាក សម្រាប់ប្រទេសយើងទាំងពីរ ក្នុងទសវត្សរ៍ទី៩០ សតវត្សទី២០ មូស្គូនិងភ្នំពេញបានអះអាងសារជាថ្មីនូវភាពជឿជាក់ក្នុងតម្រូវការក្នុងការអភិវឌ្ឍបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ជាផលប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យជាច្រើន ​ក៏ដូចជាបង្កើតបរិយាកាសនៃការយោគយល់​គ្នាទៅវិញទៅមក ទំនុកចិត្ត កិច្ចសហប្រតិបត្តិការស្មើគ្នា រវាងបណ្តាប្រទេស អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដោយផ្អែកលើគោលការណ៍ខាងលើ សេចក្តីថ្លែងការណ៍​រួមស្តីពីមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពត្រូវបានអនុម័តនៅឆ្នាំ១៩៩៥ ។

មានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងកំពូល។ ដោយឡែក ក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ​ បាន បំពេញទស្សនកិច្ច​ជាប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ ឯកសារទ្វេភាគីមួយចំនួនស្តីពីទំនាក់ទំនងអន្តរគណបក្ស ព័ត៌មាន សុខាភិបាល សន្តិសុខ និងវប្បធម៌ត្រូវបានចុះហត្ថលេខា។ កាលពីខែឧសភា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចតេជោ ហ៊ុន សែន​បានធ្វើទស្សនកិច្ច​ទៅម៉ូស្គូ និងបន្ទាប់មកទៅទីក្រុង Sochi ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន លើកទី២០ ហើយបានចរចា ជាមួយលោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។

ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងសភានៃរដ្ឋទាំងពីរ ការផ្លាស់ប្តូរជាប្រចាំរវាងក្រសួងការបរទេស ក៏ដូចជាទំនាក់ទំនងរវាងមនុស្សធានាការពង្រឹង​ចំណងកម្ពុជា-រុស្ស៊ី។ ឆ្នាំមុន ពិតជាមានសារៈសំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើជាប្រធានអាស៊ាន។ ថ្នាក់ដឹកនាំនៃក្រសួងមន្ទីររុស្ស៊ីបានចូលរួមក្នុងព្រឹត្តិការណ៍ អាស៊ាន។ ជាពិសេស លោក Sergey Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានវត្តមាននៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅខែសីហា និងកិច្ចប្រជុំ កំពូលអាស៊ីបូព៌ានៅខែវិច្ឆិកា នៅភ្នំពេញ។

នៅថ្ងៃទី៥ ខែសីហា លោក Sergey Lavrov និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានចរចាគ្នា ប្រកបដោយផ្លែផ្កា ហើយចុះហត្ថលេខា​លើសេចក្តីថ្លែងការណ៍រួម និងផែនការនៃកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេសរបស់ប្រទេសយើងទាំងពីរ សម្រាប់ឆ្នាំ២០២២-២០២៤។​អ្នកការទូត​ជាន់ខ្ពស់បានព្រមព្រៀងគ្នា ជំរុញការអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងការគាំទ្ររវាងរដ្ឋទាំងពីរ ស្របទៅតាមគោលការណ៍ ជាមូលដ្ឋាន និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។

យើងមានបំណងពង្រឹងកិច្ចសន្ទនានយោបាយ ទំនាក់ទំនងជាប្រចាំរវាងរដ្ឋាភិបាល សភា រដ្ឋអំណាចមូលដ្ឋាន និង​គណបក្សនយោបាយ និងពង្រីកភាពជាដៃគូ​ជាផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យផ្សេងៗ។យើងចាត់ទុក ការគាំទ្រក្នុងបញ្ហាសំខាន់ៗក្នុងរបៀបវារៈអន្តរជាតិ និងតំបន់ដែលមានចែងក្នុងឯកសារ ​ដោយសង្កត់លើការពង្រឹងមជ្ឈភាពអាស៊ានក្នុងបរិបទនៃការពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាចំណុចដែលមានសារៈសំខាន់ណាស់​។ក្នុងពេលជាមួយគ្នានេះ គួរឱ្យយកចិត្តទុកដាក់ដល់គោលជំហររបស់ភ្នំពេញលើស្ថានភាពជុំវិញវិបត្តិនៅប្រទេសអ៊ុយក្រែន។ យើងបានតែងតែពន្យល់អំពីប្រភពដើមនៃវិបត្តិអ៊ុយក្រែន និងមូលហេតុនៃការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅក្នុងការសន្ទនាជាមួយដៃគូកម្ពុជា។ សភាពការណ៍ជាក់ស្តែងបានបង្ហាញអោយច្បាស់ លាស់ ថា គំនិតផ្តួចផ្តើមដែលលោកខាងលិចកំពុងតែផ្សព្វផ្សាយយ៉ាងសស្រាក់សស្រាំ លើប្រធានបទនេះទាំងនៅក្នុងរចនា សម្ព័ន្ធរបស់ខ្លួន និងនៅលើវេទិកានៃអង្គការសហប្រជាជាតិ គឺមិនសំដៅទៅលើដំណោះស្រាយដោយសន្តិវិធីនោះទេ ប៉ុន្តែទៅលើការអូសបន្លាយវិបត្តិនោះ។

វិបត្តិនៅប្រទេសអ៊ុយក្រែន។សព្វថ្ងៃនេះ គេនៅតែបន្តយកចិត្តទុកដាក់លើជម្លោះ នៅអ៊ុយក្រែន។ យើងបន្តលឺការចោទប្រកាន់រុស្ស៊ីពីអ្វីដែលគេហៅថា អំពើឈ្លានពានមិនបង្កហេតុ ដែល ឆ្ងាយពីស្ថនភាពជាក់ស្តែង។ តាមការពិត ប្រតិបត្តិការយោធាពិសេសគឺជាប្រតិកម្ម របស់ប្រទេសយើង ចំពោះការគំរាមកំហែងដោយផ្ទាល់ និងដែលចេះតែកើន ឡើងពីសំណាក់លោកខាងលិច និងរបបក្រុងកៀវក្រោមការគ្រប់គ្រងពីលោកខាងលិច៕សរន/R

Post navigation