Views: 3
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ គ្រាប់បាល់របស់កីឡាករ អាប់ឌូឡាយ៉េ ឌូកូរ៉េ (Abdoulaye Doucoure) បានធ្វើឱ្យក្រុមស្ករគ្រាប់ Evertonរួចផុតពីការគំរាមកំហែងនៃការកាត់ចោលនៅថ្ងៃចុងក្រោយនៃរដូវកាល Premier League ខណៈ Leicester និង Leeds បានធ្លាក់ពីក្របខ័ណ្ឌកំពូលរបស់អង់គ្លេសហើយ។
ដោយក្រុមជើងឯកត្រូវបានរកឃើញនិងក្រុមកំពូលតារាងទាំងបួនបានដឹងរួចជាស្រេច ក្រសែភ្នែកទាំងអស់បានសម្លឹងទៅលើសមរភូមិនៅតំបន់បាតតារាង។
លោក ស៊ន ដាយ (Sean Dyche) ប្រហែលមិនមែនជាជម្រើសស័ក្តិសមនោះទេ នៅពេលដែល Everton ងាកមករកគាត់ បន្ទាប់ពីការចាកចេញរបស់លោក ហ្វ្រែង ឡាំផាត (Frank Lampard) ប៉ុន្តែគាត់បានធ្វើគ្រប់គ្រាន់ដើម្បីជួយក្រុមស្ករគ្រាប់រក្សាជីវិតក្នុងក្របខ័ណ្ឌកំពូល បន្ទាប់ពីជ័យជម្នះ ១-០ លើ Bournemouth កាលពីថ្ងៃអាទិត្យ។
ការសម្រេចចិត្តធំបំផុតរបស់លោកដាយគឺការដាក់កីឡាករ អាប់ឌូឡាយ៉េ ឌូកូរ៉េ លេងក្នុងជម្រើសដំបូងឡើងវិញ ហើយវាជាខ្សែបម្រើម៉ាលីរូបនេះហើយដែលរកបានគ្រាប់បាល់ដ៏សំខាន់នៅកីឡដ្ឋាន Goodison Park។ បទពិសោធន៍របស់លោកដាយក្នុងការតស៊ូគេចពីបាតតារាងបានជួយក្លិបរក្សាដង្ហើមរស់ចំពេលមានសម្ពាធយ៉ាងខ្លាំង។
ដោយហេតុថាពួកគេកំពុងមានបញ្ហាហិរញ្ញវត្ថុ ការរក្សាជីវិតក្នុងក្របខ័ណ្ឌកំពូលហាក់ជារឿងអព្ភូតហេតុណាស់សម្រាប់ Everton។ រដូវក្តៅដ៏ធំកំពុងរង់ចាំខណៈអ្នកគាំទ្របន្តអំពាវនាវឱ្យមានការផ្លាស់ប្តូរនៅកម្រិតក្រុមប្រឹក្សាភិបាល ហើយការស៊ើបអង្កេតរបស់ Premier League លើលទ្ធភាពបំពានច្បាប់ស្តីពីប្រាក់ចំណេញនិងនិរន្តរភាពកំពុងលេចស្រមោលស្ទង់ៗ។ ប៉ុន្តែការដោះស្រាយបញ្ហាទាំងនោះគួរតែងាយស្រួលក្នុងនាមជាក្លិបនៅក្របខ័ណ្ឌ Premier League។
Leicester ត្បិតតែឈ្នះ West Ham ២-១ ក៏មិនគ្រប់គ្រាន់ ហើយ Leeds ក៏ត្រូវកាត់ចោលដែរ ក្រោយចាញ់ Spurs ៤-១ កាលពីថ្ងៃអាទិត្យ។ ចំណែក Southampton ដែលធ្លាក់មុនគេតាំងពីយូរ បានស្មើ ៤-៤ ជាមួយ Liverpool៕

លោកដាយជួយ Everton រក្សាជីវិតរស់ក្នុងក្របខ័ណ្ឌ EPL