Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ.ជ.ប ផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោត ជិត ១០ លានសន្លឹក ចែកជូនប្រជាពលរដ្ឋ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

Views: 1

ដោយៈ មុនីរត្ន​/ ភ្នំពេញៈ ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានចាប់ផ្ដើមដំណើរការ នៅទូទាំងប្រទេស។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថាៈ គ.ជ.ប បានផលិត បណ្ណព័ត៌មានអ្នកបោះឆ្នោត ចំនួន ៩.៧១០.៦៥៥ សន្លឹ​ក ស្មើនឹងចំនួនសរុបអ្នកមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២។ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះ ឆ្នោត (គឃ.សប) ជាអ្នកចាត់តាំងក្រុមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត នៅតាមភូមិ ក្នុងឃុំ សង្កាត់សាមីនីមួយៗ ដែលមានរយៈពេល ១ ខែ គឺចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ហើយបណ្ណព័ត៌មាន ដែលនៅសល់ ត្រូវរក្សាទុក និងចែកបន្តនៅទីស្នាក់ការ គឃ.សប រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

គ.ជ.ប បានបន្តថាៈ ផ្អែកតាមសេចក្ដីសម្រេចលេខ ១២៥ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ គណបក្សនយោបាយ និងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមិនមែនជាសមាជិកក្រុមចែកបណ្ណព័ត៌មាន អាចបញ្ជូនតំណាងរបស់ខ្លួន ឱ្យតាមសង្កេតមើលដំណើរការ នៃការចែកបណ្ណព័ត៌មានក្នុងឃុំ សង្កាត់ពាក់ព័ន្ធបាន។

គ.ជ.ប បានបញ្ជាក់ថាៈ គោលបំណងនៃការផ្ដល់បណ្ណព័ត៌មានអ្នកបោះឆ្នោត គឺដើម្បី៖ – ជួយដល់អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ បានយល់ដឹងអំពី លេខរៀង ឈ្មោះ ទិន្នន័យ ពាក់ព័ន្ធនឹងសាមីខ្លួន ក្នុងបញ្ជីបោះឆ្នោត លេខកូដ និងទីតាំងការិយាល័យបោះឆ្នោត កាលបរិច្ឆេទ និងពេលវេលា នៃការបោះឆ្នោត ព្រមទាំងប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលត្រូវប្រើនៅពេលបោះឆ្នោត។ – ជួយដល់អ្នកបោះឆ្នោត អាចរកឃើញយ៉ាងងាយស្រួលនូវទីតាំងការិយាល័យបោះឆ្នោត​ដែលសាមីខ្លួនត្រូវទៅបោះឆ្នោត។ – ជួយដល់គណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ក្នុងការស្វែងរកឈ្មោះសាមី អ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោតផ្លូវការ បានឆាប់រហ័ស ដែលបង្កភាពងាយស្រួល ដល់​កិច្ចប្រតិបត្តិការបោះឆ្នោត ឱ្យកាន់តែមានភាពរលូន និងមិនឱ្យអ្នកបោះឆ្នោត រង់ចាំយូរ។

សូមបញ្ជាក់ថា អ្នកបោះឆ្នោត អាចយកបណ្ណព័ត៌មាននេះ មកជាមួយ នៅថ្ងៃបោះឆ្នោត ដើម្បីងាយស្រួលរកឈ្មោះ ក្នុងបញ្ជីបោះឆ្នោត។ ប៉ុន្តែទោះបីជាអ្នកបោះឆ្នោត មិនបានយកបណ្ណនេះ មកជាមួយ ឬពុំបានទទួលបណ្ណនេះ ក៏អាចបោះឆ្នោតបានដែរ ឱ្យតែសាមីខ្លួនមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ និងមានឯកសារបញ្ជាក់ អត្តសញ្ញាណផ្លូវការ ដែលជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពល ភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។ ដូចនេះ សូមប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត មេត្តាចូលរួម និងផ្ដល់កិច្ចសហការ ដើម្បីឱ្យដំណើរការនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ ប្រព្រឹត្តទៅរលូនល្អ៕/V/R

Post navigation