Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ.ជ.ប អំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់

Views: 8

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំកាសរបោះឆ្នោត (គ.ជ.ប) បានអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួន ក្នុងឃុំ សង្កាត់។ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

ក្នុងឱកាសនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួន ក្នុងឃុំ សង្កាត់ ឬ ចូលពិនិត្យមើលតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ (App) NEC KH ដើម្បីឱ្យប្រាកដថា ខ្លួនពិតជាមានឈោ្មះ និងទិន្នន័យត្រឹមត្រូវ នៅក្នុងបញ្ជីបោះឆ្នោត។ ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់បងប្អូន ពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំទៅក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឱ្យបាន ត្រឹមត្រូវទៅតាមឯកសារសំអាងច្បាស់លាស់។

ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោត ពីមុនមក ប្រជាពលរដ្ឋខ្មែរ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦ ឬប្រជាពលរដ្ឋខ្មែរ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី សូមអញ្ជើញបងប្អូន ទៅចុះឈ្មោះបោះឆ្នោត តាមប្រតិទិនរបស់ក្រុមចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវដល់ភាគីពាក់ព័ន្ធ ទាំងអស់ រួមមាន គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយខ្លឹមសារ នៃសេចក្តីអំពាវនាវនេះ ជូនប្រជាពលរដ្ឋខ្មែរ ឱ្យបានយល់ជ្រួតជ្រាប និងជួយជំរុញឱ្យ ប្រជាពលរដ្ឋ ទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។

ដើម្បីធានាឱ្យដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅល្អ ប្រកបដោយសន្តិសុខ សុវត្ថិភាព និងចៀសផុតពី ជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ និងមន្ត្រីបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ដែលចូលរួមក្នុងដំណើរការនេះ យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ តាមវិធានការ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការតាមការអំពាវនាវ ក្នុងស្មារតីទទួលខុស ត្រូវខ្ពស់ ដោយគោរពតាមច្បាប់ជាធរមាន ដើម្បីឱ្យដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាស ស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ៕ V / N

Post navigation