Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងពង្រីក និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៣៣ សម្រេចបាន ៣៥,៨%

Views: 2

ដោយៈ សុផល / កំពត៖ គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ វឌ្ឍនភាពនៃគម្រោង ស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៣៣ បានសម្រេចលទ្ធផលការងារសរុប ចំនួន ៣៥,៨% ក្នុងនោះរួមមាន (១) ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៥២,៥៧ គ.ម (២) ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤៩,៨៧ គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ៣៧,៦៦ គ.ម ។ នេះបើយោងតាមប្រភពក្រសួង សាធារណការ និងដឹកជញ្ជូន។

ទាក់ទងនឹងគម្រោងនេះ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង សម្របសម្រួលគម្រោងពង្រីក និងលើកកម្រិត គុណភាពផ្លូវជាតិលេខ ៣៣ កាលពីព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញ ដឹកនាំក្រុមការងារ ចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារសាងសង់ និងចុះពិនិត្យ ដំណើរការផលិត នៃរោងចក្រផលិតបេតុងកៅស៊ូ AC (Asphalt Concrete) ដោយមានការចូលរួមពី មន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវ វ៉ាងអាន ផងដែរ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពសាងសង់ និង ត្រួតពិនិត្យលើការងារបច្ចេកទេស សាងសង់ផ្លូវ តាំងពីទីរួមខេត្តកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ដើម្បីធានាឱ្យបានថា គម្រោងផ្លូវជាតិលេខ ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់ បានយូរអង្វែង។

លោករដ្ឋលេខាធិការ បានធ្វើការណែនាំ ដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារ ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ បងប្អូនប្រជាពលរដ្ឋ ជាពិសេស នារដូវកាលបុណ្យទាន ខាងមុខនេះ លើសពីនេះទៅទៀត ក្រុមហ៊ុន ត្រូវគិតគូរឱ្យបាន ហ្មត់ចត់ពីសុវត្ថិភាព នៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញា បញ្ជៀសចរាចរណ៍ ប្រើប្រាស់សម្លៀកបំពាក់ និងឧបករណ៍ការពារសុវត្ថិភាព ឱ្យបានត្រឹមត្រូវ៕/V/r

Post navigation