Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ពីភ្នំពេញទៅបាត់ដំបងប្រវែង២៩៤គីឡូម៉ែត្រ ជាខ្សែសំខាន់របស់បណ្តាញជាតិភាគត្បូង

Views: 31

ដោយៈសុក្ខារិន/ពោធិ៍សាត់: លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារនៅអនុស្ថានីយ៍ពោធិ៍សាត់ ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលជាផ្នែកមួយនៃការគ្រប់គ្រង ខ្សែបណ្តាញបញ្ជូនតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល តភ្ជាប់ពីភាគខាងលិចរាជធានីភ្នំពេញ មកខេត្តកំពង់ឆ្នាំង កាត់តាមខេត្តពោធិ៍សាត់ ឆ្ពោះទៅតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តបាត់ដំបង ដែលជាខ្សែបណ្តាញយ៉ាងសំខាន់របស់បណ្តាញជាតិភាគខាងត្បូង វិនិយោគដោយក្រុមហ៊ុន ខេមបូឌាន ផៅវ័រហ្គ្រីត (Cambodian Power Grid )។

លោក វ៉ាង ជុនវៃ ( WANG JUNWEI) អភិបាលក្រុមហ៊ុនស៊ី.អេច.ឌី (ខេមបូឌា) ហាយដ្រូផៅវ័រ ឌីវេឡុបមេន (គម្រោងវារីអគ្គិសនីស្ទឹងអាតៃ) និងក្រុមហ៊ុន ខេមបូឌាន ផៅវ័រហ្គ្រីត (គម្រោងខ្សែបញ្ជូន២៣០គីឡូវ៉ុល ពីភ្នំពេញទៅបាត់ដំបង) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ឆាយណា តាថាង (China Datang Corporation) បានអោយដឹងថា ៖ គម្រោងខ្សែបណ្តាញបញ្ជូនអគ្គិសនី២៣០គីឡូវ៉ុល ពីភ្នំពេញទៅបាត់ដំបង មានរយៈពេលសម្បទាន២៥ឆ្នាំ។

គម្រោងនេះ រួមបញ្ចូលទាំងការពង្រីកបន្ថែមនូវគន្លងខ្សែបញ្ជូនពីរ នៅអនុស្ថានីយភាគខាងលិចរាជធានីភ្នំពេញ បង្កើតបានថ្មីនូវអនុស្ថានីយចំនួន៣រួមមាន អនុស្ថានីយកំពង់ឆ្នាំង អនុស្ថានីយពោធិ៍សាត់ អនុស្ថានីយបាត់ដំបង និងបានសាងសង់នូវ បង្គោល២៣០គីឡូវ៉ុលខ្សែភ្លោះ ព្រមទាំងបំពាក់នូវបណ្តាញទូរគមនាគមន៍អុបទិចដែលមានប្រវែង២៩៤គីឡូម៉ែត្រ។ គម្រោងនេះចាប់ដំណើរការសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំ២០០៩ និងដាក់ឲ្យដំណើរការភ្ជាប់បណ្ដាញអគ្គិសនីក្នុងខែមេសា ឆ្នាំ២០១២ ។

លោក បានបន្តថា ដើម្បីការងារគ្រប់គ្រងបណ្តាញបញ្ជូនតង់ស្យុងខ្ពស់អោយកាន់តែមានប្រសិទ្ធភាព បច្ចុប្បន្នក្រុមហ៊ុនបាននាំចូលប្រភេទ យន្តហោះបញ្ជាDrone ខ្នាតធំ និង មនុស្សយន្ត (Robot) ដើម្បីបំពេញការងារបន្ថែមមួយចំនួនដែលមនុស្សពិបាកទៅដល់ និងការងារដែលមានហានីភ័យខ្ពស់សម្រាប់មនុស្ស ក្នុងនោះដែរក្រុមហ៊ុនមានបុគ្គលិកខ្មែរជាច្រើនរូបកំពុងបម្រើការងារជំនាញផ្សេងៗ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងត្រូវការជ្រើសរើសយុវជនខ្មែរចំនួន៣៥នាក់បន្ថែមទៀត ដែលរៀនជំនាញអគ្គិសនីដើម្បីចូលបម្រើការងារផងដែរ ។

ក្នុងឱកាសនោះដែរ លោក ស៊ុយ សែម បានមានប្រសាសន៍លើកឡើងថា បន្ទាប់ពីគម្រោងខ្សែបណ្តាញបញ្ជូនតង់ស្យុងខ្ពស់សាងសង់រួចរាល់ជាស្ថាពរ គឺបានរួមចំណែកផ្តល់មកនូវថាមពលដ៍គួរជាទីទុកចិត្ត ក្នុងការបម្រើផលប្រយោជន៍នៃការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។ លោក បានកោតសរសើរ ដល់ក្រុមហ៊ុន ខេមបូឌាន ផៅវ័រហ្គ្រីត ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ឆាយណា តាថាង (China Datang Corporation)ដែលបានអនុវត្តន៍គម្រោង បានដោយជោគជ័យ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានផ្តល់ឱកាសការងារជាច្រើនកន្លែងដល់យុវជនខ្មែរ ហើយលោកបានស្នើអោយខាងក្រុមហ៊ុន បន្តជួយបណ្តុះបណ្តាលដល់បុគ្គលិកខ្មែរលើការងារជំនាញបច្ចេកទេសនានាពាក់ព័ន្ធការងារគ្រប់គ្រងបណ្តាញបញ្ជូនតង់ស្យុងខ្ពស់នេះ ព្រោះថាពេលក្រុមហ៊ុនចប់កិច្ចសន្យាសម្បទាន បុគ្គលិកខ្មែរទាំងអស់នឹងដើរតួនាទីយ៉ាងសំខាន់បន្តពីខាងក្រុមហ៊ុនលើការងារទាំងអស់នេះ ៕/R

Post navigation