Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងសាងសង់ទំនប់ដូនទ្រី អនុវត្តបានលទ្ធផល ៧១ ភាគរយ នៃគម្រោងទាំងមូលហើយ

Views: 1

ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយ នៅថ្ងៃទី៨ ខែកញ្ញា បានអញ្ជើញចុះពិនិត្យគម្រោងសាងសង់ ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ជាគម្រោងមួយទទួលបានកម្ចីសម្បទាន ពីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលមកដល់ពេល សម្រេចលទ្ធផលការងារ បាន ៧១ ភាគរយ នៃគម្រោងទាំងមូល និងគ្រោងបញ្ចប់ នៅក្នុងឆ្នាំ២០២៥។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ ក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យគម្រោងខាងលើ បន្ទាប់ពីលោកបានអញ្ជើញ ចុះត្រួតពិនិត្យស្ថានភាពទឹក និងជួបសំណេះសំណាលផ្ទាល់ ជាមួយសហគមន៍កសិករ ប្រើប្រាស់ទឹក នៅប្រព័ន្ធធារាសាស្ត្រ ដំណាក់អំពិល ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ រួចមក។

នៅក្នុងឱកាសចុះពិនិត្យស្ថានភាពទឹក នៅក្នុងខេត្តពោធិសាត់នេះ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សហគមន៍កសិករ ប្រើប្រាស់ទឹកទាំងអស់ ឱ្យជួយថែរក្សាសមិទ្ធផល ដែលមានស្រាប់ និងបានគាំទ្រសំណើ របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ សម្រាប់គម្រោងជួសជុលថែទាំ ប្រព័ន្ធធារាសាស្ត្រ ដំណាក់អំពិល និងប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ។

ប្រព័ន្ធធារាសាស្ត្រ ដំណាក់អំពិល ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ជាប្រព័ន្ធធារា សាស្ត្រមួយ មានលក្ខណៈពេញលេញ មានសមត្ថភាពផ្តត់ផ្គង់ទឹក ស្រោចស្រពលើផ្ទៃដី ស្រូវវស្សាចំនួន ២៧.០០០ ហិកតា និងស្រូវប្រាំង ចំនួន ៩.០០០ ហិកតា ។ ក្រៅពីផ្តល់ទឹកសម្រាប់បង្កបង្កើនផល ប្រព័ន្ធធារាសាស្ត្រ ដំណាក់អំពិល មានសក្តានុពល ផ្តល់ជាប្រភពទឹកប្រើប្រាស់ ខួបប្រាំងខួបវស្សា ដល់កសិករ ប្រមាណជា ៤ ម៉ឺននាក់។

នៅថ្ងៃដដែលនេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តចុះ ត្រួតពិនិត្យ ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលជាគម្រោងមួយ ទទួលបានកម្ចីសម្បទាន ពីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។

គម្រោងសាងសង់ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង មានគោលបំណង ដើម្បីផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ ដល់ប្រព័ន្ធធារាសាស្ត្រ ស្ថិតនៅផ្នែកខាងក្រោម នៃអាងស្ទឹងដូនទ្រី និងដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ បានមួយភាគ នៅតំបន់ផ្នែកខាង ក្រោម ជាប់បឹងទន្លេសាប។

ទំនប់ដូនទ្រីជាទំនប់ ដែលមានផ្ទៃរងទឹកភ្លៀង ប្រមាណជា ៦១៣ គីឡូម៉ែត្រក្រឡា មានសមត្ថភាពស្តុកទឹក បានប្រមាណជា ១៦៣ លានម៉ែត្រគូប និងមានសក្តានុពល ស្រោចស្រពផ្ទៃដីស្រូវវស្សា ចំនួន ៣៣.០០០ ហិកតា និងស្រោចស្រពផ្ទៃដីស្រូវប្រាំង ៤.៥០០ ហិកតា។ គម្រោងសាងសង់ទំនប់ដូនទ្រី មកដល់ពេលនេះ សម្រេចបានលទ្ធ ផល ៧១ ភាគរយ និងគ្រោងបញ្ចប់ការងារសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០២៥ ខាងមុខ៕ V / N

Post navigation