Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងសាងសង់ផ្លូវថ្មី លើអតីតផ្លូវដែក គីឡូម៉ែត្រលេខ៦ បានចាប់ផ្តើមធ្វើបន្ត

Views: 1

ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងសាងសង់ផ្លូវថ្មី លើអតីតផ្លូវដែក ពីចាប់ពីផ្លូវលេខ៧០(ទំនប់ទួលគោក) ទៅដល់ផ្លូវជាតិលេខ៥ មានប្រវែងប្រមាណជា ៥.០០០ ម៉ែត្រ ទទឹង ២០ ម៉ែត្រ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តាំងពីសម័យលោក ប៉ា សុជាតិវង្ស នៅធ្វើជាអភិបាលរាជធានី តែធ្វើមិនហើយ ដោយសារដោះស្រាយ ផលប៉ះពាល់មិនទាន់ចប់នោះ ពេលនេះ បានចាប់ផ្តើមធ្វើ បន្តទៀតហើយ បន្ទាប់ពីប្រជាពលរដ្ឋ ចំនួន ៣២០ គ្រួសារ ស្នាក់នៅបណ្តោះអាសន្ន លើផ្លូវនេះ បានស្ម័គ្រចិត្តចាកចេញ ទៅនៅទីតាំងថ្មីស្របច្បាប់ ដែលផ្តល់ឱ្យដោយរដ្ឋបាល រាជធានីភ្នំពេញ នៅស្របនឹងប្រឡាយអូរវែងរួចមក។

លោក ឯក ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ថាៈ គម្រោងសាងសង់ផ្លូវថ្មី លើអតីតផ្លូវដែកគីឡូម៉ែត្រលេខ៦ បានចាប់ផ្តើមធ្វើបន្តទៀតហើយ បន្ទាប់ពីប្រជាពលរដ្ឋ​ស្នាក់នៅបណ្តោះអាសន្ន លើផ្លូវនេះ យល់ព្រម បានចាកចេញទៅរស់នៅទីតាំងថ្មី មានកម្មសិទ្ធិស្របច្បាប់ នៅស្របនឹង ប្រឡាយ អូរវែងរួចមក គ្រឿងចក្រក៏បានចូលធ្វើឈូសឆាយធ្វើគ្រឹះជាបណ្តើរៗហើយ។

លោកអភិបាលខណ្ឌ បាននិយាយឱ្យដឹងទៀតថាៈ ប្រជាពលរដ្ឋ ស្នាក់នៅលើអតីតផ្លូវដែក ចាប់ពីផ្លូវលេខ៧០(ទំនប់ទួលគោក) ដល់ផ្លូវជាតិលេខ៥ ត្រង់ម្តុំគីឡូម៉ែត្រលេខ៦ មានចំនួនសរុប ៣២០ គ្រួសារ ដោយមកដល់ពេលនេះ ចំនួន ៣០០ គ្រួសារ បានចាកចេញទៅ នៅលើទីតាំងថ្មី ស្របច្បាប់ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្តល់ជូន នៅស្របប្រឡាយអូរវែង ដោយមួយគ្រួសារ ទទួលបានដីឡូត៍ទំហំ ៤ម៉ែត្រ គុណនឹង ១៥ ម៉ែត្រ។ នៅសល់ចំនួន ២០ គ្រួសារ មិនទាន់បានចាកចេញ ពីលើគម្រោងសាងសង់ផ្លូវថ្មី ដោយសារយើងបុកស៊ីផាយ និងចាក់ដី សម្រាប់ផ្តល់ឱ្យ គាត់មិនទាន់រួច។

ទីតាំងថ្មីស្របនឹងប្រឡាយអូរវែងនេះ លោក ឯក ឃុនឌឿន បានបញ្ជាក់ថាៈ រដ្ឋបាលខណ្ឌ បានរៀបចំបណ្តាញទឹកស្អាត ភ្លើង ប្រព័ន្ធលូ និងផ្លូវ តែផ្លូវនៅមិនទាន់ចាក់បេតុងនៅឡើយ ទេ។ រដ្ឋបាលខណ្ឌ បាននឹងកំពុងលើកគម្រោងសាងសង់ផ្លូវបេតុង នៅពេលបន្ទាប់ទៀត។ ចំណែកគម្រោងសាងសង់ផ្លូវថ្មី ពីផ្លូវលេខ៧០ ដល់ផ្លូវជាតិលេខ៥ ម្តុំគីឡូម៉ែត្រលេខ៦ ដែលមានប្រវែងប្រមាណជា ៥.០០០ ម៉ែត្រ មានទទឹង ២០ ម៉ែត្រ កន្លងទៅ​ នៅកន្លែងខ្លះ បានចាក់បេតុងរួច ទំហំ ២០ ម៉ែត្រ ហើយកន្លែងខ្លះ ចាក់បានតូច និងកន្លែងខ្លះ នៅមិនទាន់ បានចាក់។ តែចាប់ពីពេលនេះទៅ ចាប់ផ្តើមធ្វើគ្រឹះបានទាំងអស់ បន្ទាប់ពីប្រជាពលរដ្ឋ បានចាកចេញអស់រួចមក។

លោក ប៊ុត សារ៉េត ប្រធានអង្គភាពលទ្ធកម្ម នៃរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យ​រស្មីកម្ពុជាដឹង នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ថាៈ គម្រោងសាងសង់ផ្លូវថ្មី លើអតីតផ្លូវដែក ចាប់ពីផ្លូវលេខ៧០(ទំនប់ទួលគោក) ដល់ផ្លូវជាតិលេខ៥​ ម្តុំគីឡូម៉ែត្រលេខ៦ បានចាប់ផ្តើមធ្វើ តាំងពីជំនាន់លោក ប៉ា សុជាតិវង្ស នៅកាន់តំណែងជាអភិបាលរាជធានី ភ្នំពេញ តែធ្វើមិនហើយ ដោយសារដោះស្រាយផលប៉ះពាល់ មិនទាន់ចប់។ តែពេលនេះ ដោះស្រាយចប់ហើយ​គម្រោងនេះ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ៕/V/R

Post navigation