Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងសាងសង់ប្រឡាយបេតុងព្រែកថីជិតរួចរាល់ជាស្ថាពរហើយ

Views: 2

ដោយៈប.ខុន/ភ្នំពេញៈ គម្រោងសាងសង់ប្រឡាយបេតុងព្រែកថីសម្រាប់ទទួលទឹកជំនន់ស្ទឹងព្រែកត្នោតជិតរួចរាល់ជាស្ថាពរហើយនៅឡើយតែប្រឡាយលេខ៩៤និង៩៦ទេ ដែលក្រសួងធនធានទឹកនិងឧតុនិយមមិនទាន់បានធ្វើដោយសាររដ្ឋបាលខេត្តកណ្តាលអះអាងថាមានគម្រោងធ្វើដែរ។


លោក ជា សុខនី នាយករងខុទ្ទកាល័យក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២២ខែមីនាឆ្នាំ២០២៣ថា គម្រោងសាងសង់ប្រឡាយបេតុងព្រែកថីដើម្បីដោះទឹកជំនន់ស្ទឹងព្រែកត្នោតធ្លាក់ចូលទន្លេបាសាកដែលអនុវត្តដោយក្រុមហ៊ុនចិនជិតរួចរាល់ជាស្ថាពរហើយគិតមកដល់ពេលនេះ(២២មីនា)។
លោកនាយករងខាងលើនិយាយឱ្យដឹងផងដែរថាប្រឡាយព្រែកថីដែលត្រូវសាងសង់ជាប្រឡាយបេតុងនេះមានប្រវែង៣.៦០០ម៉ែត្រ ដោយប្រវែង៣.០០០ម៉ែត្រ បានធ្វើរួចកាលពីក្នុងរដូវវស្សាឆ្នាំ២០២២។ការសាងសង់ប្រឡាយបេតុងដែលមានការយឺតយ៉ាងកន្លងទៅដោយសារពាក់ព័ន្ធជាមួយនឹងការដោះស្រាយផលប៉ះពាល់ហើយមកដល់ពេល នេះនៅមានកន្លែងមួយចំនួនទៀតដោះមិនទាន់ចេញនៅឡើយទេ។ តែសម្រាប់ព្រែកថីគឺបានដោះចប់ហើយ។
លោកជា សុខនី បានឱ្យដឹងទៀតថាចំពោះប្រឡាយលេខ៩៤និង៩៦ ដែលត្រូវធ្វើការកាយស្តារដែរនោះក្រសួងនឹងចាប់ផ្តើមអនុវត្តនៅពេលឆាប់ៗនេះដែរ តែ
ដោយសារខាងរដ្ឋបាលខេត្តកណ្តាលថាមានគម្រោងធ្វើដែរនោះ ទើបក្រសួងរង់ចាំការបញ្ជាក់ពីក្រសួងសេដ្ឋកិច្ចសិន។ ប្រសិនបើប្រឡាយ៩៤និងប្រឡាយ៩៦ មិនទាន់បានធ្វើ ការកាយស្តារទេនោះ ដល់រដូវវស្សាភ្លៀងធ្លាក់ជោគជាំមកដល់បញ្ហាលិចលង់ដោយជំនន់ទឹកស្ទឹងព្រែកត្នោតនៅតែអាចកើតមាន។
គម្រោងខាងលើនេះស្ថិតនៅក្នុងគម្រោងសាងសង់ប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកដែលអនុវត្តដោយក្រុមហ៊ុនThe Consortium of Guangdong Foreign Construction Co., Ltd & Guangdong Yuantian Engineering Company Co., Ltd. ដោយប្រើប្រាស់ជំនួយហិរញ្ញប្បទានសម្បទានបានមកពីសាធារណរដ្ឋប្រជាមានិតចិន ជាគម្រោងដ៏មានសារៈសំខាន់ក្នុងការកាត់បន្ថយជំនន់ទឹកស្ទឹងព្រែកត្នោត ដែលតែងតែយាយីដល់រាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាល។
គម្រោងខាងលើដឹកនាំផ្ទាល់ដោយលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនេះរួមមានការងារស្តារស្ទឹងព្រែកត្នោតប្រវែង២៦គីឡូម៉ែត្រ , ស្តារស្ទឹងតូចប្រវែង២,៥ គីឡូម៉ែត្រ ពង្រឹងទំនប់សណ្តរការពារទឹកជំនន់សងខាងស្ទឹងព្រែកត្នោតប្រវែងត្រូវបុកដែកសន្លឹក(Sheet pile) ខាងឆ្វេងច្រាំងប្រវែង ៨,៨២គីឡូម៉ែត្រខាងស្តាំប្រវែង៦,៥៥គីឡូម៉ែត្រ។ចំពោះកំណាត់ច្រាំងដែលងាយច្រោះដីត្រូវបានការពារដោយសំណាញ់ Reynolds mat slope proctection ប្រវែង ៣,៣៤ គីឡូ ម៉ែត្រនិងរៀបជញ្ជាំងការពារប្រវែង៤១៧ ម៉ែត្រ ។ សាងសង់និងជួសជុលប្រឡាយភា្ជប់លេខ១ប្រវែង១៥០ម៉ែត្រ, ប្រឡាយភា្ជប់លេខ២ប្រវែង៩០០ម៉ែត្រ (ចាក់បេតុងត្រង់៥០០ម៉ែត្រ),ប្រឡាយភា្ជប់លេខ៣ប្រវែង ស្តារ៥.៧០០ម៉ែត្រ, ប្រឡាយលេខ៧៨ ធ្វើការជួសជុលនិងចាក់បេតុងប្រវែង ២.៨០០ម៉ែត្រ, ប្រឡាយជីកថ្មីប្រវែង៤.៥០០ម៉ែត្រ,ប្រឡាយ ស្រោចស្រពហនុមាន ប្រវែងជួសជុល៣.៦០០ម៉ែត្រ (ក្នុងនោះចាក់បេតុង១.០០០ម៉ែត្រ), ព្រែកហូរ ប្រវែងស្តារនិងចាក់បេតុង ៧.២០០ម៉ែត្រ,ព្រែកយាយជាប្រវែងស្តារ ១.៤០០ ម៉ែត្រនិងព្រែកថី ប្រវែងស្តារ និងចាក់បេតុង៣.៦០០ម៉ែត្រ។សាងសង់សំណង់សំណង់យកទឹកមួយកន្លែង, សំណង់សម្រួលចរន្តទឹកចំនួន៤កន្លែង, សំណង់បង្វែរចរន្តទឹកចំនួន៣កន្លែង, សំណង់ដោះទឹកចំនួន០២កន្លែង និងសំណង់តាមប្រឡាយចំនួន៥៨កន្លែង ។
ក្រោយការសាងសង់រួចគម្រោងខាងលើនេះជួយកាត់បន្ថយទឹកជំនន់បានមួយផ្នែកធំនិងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែបានចំនួន១០.១៥០ហិកតា នៅរដូវប្រាំងនិង បានចំនួន១៧.៧៣០ហិកតានៅរដូវវស្សា ។ P / N

Post navigation