Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សម្រេចបាន ៩០ ភាគរយហើយ

Views: 2

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ គិតមកដល់ត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សម្រេចបាន ៩០ ភាគរយហើយ។

គួរបញ្ជាក់ថា គណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាបអង្គរ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដែលដឹកនាំដោយ លោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងការចុះពិនិត្យការដ្ឋាន សាងសង់ នៅទីតាំងគម្រោងមួយនេះ។

បើយោងតាមប្រភពខាងលើនេះ បានបញ្ជាក់ឱ្យដឹងថា៖ គិតមកត្រឹមដំណាច់ខែមីនា នេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សម្រេចបាន ៩០ ភាគរយ តាមផែនការដែលបានគ្រោងទុក ហើយត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បង នៅខែឧសភា ខាងមុខ សំដៅសម្រេចឱ្យបានការដាក់ដំណើរការជាផ្លូវការ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។

បន្ថែមពីនេះ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់នេះ នឹងមានអគ្គិសនីប្រើប្រាស់ ព្រោងព្រាត ចាប់ពីថ្ងៃនេះទៅ ដែលតភ្ជាប់ពីអនុស្ថានីយ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។

សមិទ្ធផលដែលសម្រេចបាន នាពេលនេះ កើតឡើងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំ ប្រឹងប្រែងរបស់ក្រុមហ៊ុន អនុវត្តគម្រោង ដោយមានការយកចិត្តទុកដាក់ និងជួយ ជ្រោមជ្រែងពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសការតម្រង់ទិស និងសម្រប សម្រួល ពីគណៈកម្មការដោយផ្ទាល់។ ទិសដៅបន្ត គឺជាដំណាក់កាលចាប់ផ្តើម អនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការរួមចំណែកធានាសម្រេចឱ្យបានតាមផែនការ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលរាជរដ្ឋាភិបាល ឯកភាព ជាគោលការណ៍ដាក់ឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ត្រូវបានអភិវឌ្ឍន៍ ដោយក្រុមហ៊ុន AIAI លើផ្ទៃដីប្រមាណ ៧០០ ហិកតា ដោយគ្រោងចំណាយទុនវិនិយោគ ប្រមាណ ៨៨០ លានដុល្លារ ជាមួយរយៈពេល​សាងសង់ ៣ ឆ្នាំ ក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល ៥៥ ឆ្នាំ។

គម្រោងព្រលានយន្តហោះនេះ បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយគ្រោងបញ្ចប់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឲ្យ ដំណើរការសាកល្បង នៅអំឡុងខែតុលា ឆ្នាំ២០២៣ បើពុំមានការប្រែប្រួល និងផលប៉ះពាល់អ្វីកើតឡើង ជាយថាហេតុ៕/V/R

Post navigation