Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងស្រូវនិរន្តរភាព ជាជម្រើសថ្មីដែលកសិករចូលចិត្តដាំដុះសម្រាប់ជួយថែរក្សាសត្វព្រៃនិងលើកស្ទួយជីវភាពគ្រួសារ

Views: 1

ដោយ:ដេប៉ូ/កំពង់ធំ៖ គម្រោងស្រូវ និរន្តរភាពដែលត្រូវបានប្រជាសហគមន៍ការពារធម្មជាតិប្រឡាយស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំបាននាំគ្នាដាំដុះកាន់តែច្រើនឡើង ដែលមិនត្រឹមតែជួយក្នុងការ ការពារសត្វព្រៃទេប៉ុណ្ណោះទេ ប៉ុន្តែស្រូវប្រភេទនេះនៅជួយក្នុងការបង្កើនជីវភាពគ្រួសារថែមទៀត។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ក្នុងដំណើរទៅកាន់ ខេត្តកំពង់ធំ និងក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដែលបានរៀបចំឡើងនាទីរួមខេត្តកំពង់ធំ កាលពីពេលថ្មីៗមកនេះបានថ្លែងឱ្យដឹងថាការចូលរួមអនុវត្តស្រូវនិរន្តរភាព មួយនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការបង្កើនចំណូល និងមុខរបរថ្មីដល់សហគមន៍ សំដៅកាត់បន្ថយភាពសម្ពាធទៅលើធនធានធម្មជាតិ។ជាមួយនឹងលទ្ធផលទទួលបានល្អប្រសើរនៃការអនុវត្តគម្រោងស្រូវ និរន្តរភាពក្រសួងបរិស្ថាន ចង់ឲ្យមានមានការពង្រីកគម្រោងនេះ ទៅ តំបន់ជុំវិញបឹងទន្លេសាប ត្បិតសត្វស្លាបជាច្រើនដែលត្រូវអភិរក្ស ។

ទោះយ៉ាងណាក្តី លោក រដ្ឋលេខាធិការបានថ្លែងដែរថា “ប្រជាសហគមន៍ដែលអាចចូលរួមអនុវត្តគម្រោងស្រូវនិរន្តរភាពនេះបាន គឺត្រូវភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួនចម្បងៗគឺ ការមិនទន្ទ្រានដី បន្ថែម មិនបរបាញ់ ដាក់អន្ទាក់សត្វព្រៃ ជាពិសេសសត្វខ្សិប ហើយតាមរយៈការអនុវត្តគម្រោងនេះពួកគាត់ក៏បានចំណូលពីសត្ខខ្សឹបថែមទៀត”។

លោក តឹក គឹមសុង អ្នកសម្របសម្រួលគម្រោងស្រូវនិរន្តរភាពនៃអង្គការ WCS បានបញ្ជាក់ប្រាប់ថា ប្រជាសហគមន៍មានប្រមាណជាង៣០០គ្រួសារ បាននិងកំពុងអនុវត្តគម្រោងស្រូវនិរន្តរភាព ហើយពួកគាត់កំពុងទទួលបានផលល្អប្រសើរជារៀងរាល់ឆ្នាំ។ គម្រោងស្រូវនិរន្តរភាព ត្រូវបានអនុវត្តនៅតំបន់អភរិក្សសត្វខ្សឹបចំនួន៦កន្លែង ដោយភាគច្រើននៅខេត្តកំពង់ធំ ដែលមានវត្តមានសត្វខ្សឹបច្រើនជាងគេ ។

អ្នកស្រី តែន សុឃី ជាកសិករដែលបានអនុវត្តនូវគម្រោងស្រូវនិរន្តរភាពនៅក្នុងភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានឱ្យដឹងថាអ្នកស្រីចាប់ផ្តើមអនុវត្តស្រូវនិរន្តរភាពនេះចាប់តាំងតែពីឆ្នាំ ២០១៦មកជាមួយនឹង នៅលើផ្ទៃដី៦៨អា ដោយក្នុងមួយរដូវទទួលបានទិន្នផលចន្លោះពី១តោន ទៅ២តោន។ ក្រោយប្រមូលផលបាន ខាងគម្រោងទទួលទិញ ក្នុងមួយគីឡូក្រាមតម្លៃពី១១០០ -១២០០រៀល ហើយដែលជាតម្លៃមួយខ្ពស់ជាងស្រូវធម្មតា ។ការដាំដុះស្រូវនេះងាយលក់បានតម្លៃខ្ពស់ ហើយក៏ជាការលើកទឹកចិត្តដល់កសិករ ក្នុងការងារចូលរួមអភិរក្សសត្វខ្សឹបនៅក្នុងតំបន់នេះផងដែរ។

ជាមួយគ្នានេះអ្នកស្រីបានបញ្ជាក់ប្រាប់ថា កសិករចាប់តាំងតែពីបានដាំដុះស្រូវនេះមកមិនបានជួបការលំបាកលក់ទេ ហើយតម្លៃទៀតសោតក៏ខ្ពស់គ្រាន់បើជាងស្រូវធម្មតាដែលបានតម្លៃក្រោម១០០០រៀលជាងក្នុងមួយគីឡូក្រាម។ក្រៅពីនេះការដាំដុះស្រូវវ និរន្តរភាពបែបធម្មជាតិ មិនត្រឹមជួយដល់សត្វព្រៃទេ នៅពេលអ្នកបរិភោគទិញយកទៅបានជួយដល់សុខភាពថែមទៀត។

គួរបញ្ជាក់ថាក្នុងគម្រោងស្រូវនិរន្តរភាព នេះដែរកំពុង បាននិងពង្រីកនៅតំបន់ផ្សេងទៀតនៅជុំវិញបឹងទន្លេសាប មានដូចជានៅបារាយតាំងគោកដែលមានប្រជាពលរដ្ឋចំនួន៦០០គ្រួសារ និងបន្តពង្រីកទៅស្រុកកំពង់ស្វាយ និងស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកបាកាន ខេត្តពោធិសាត់ ក្នុងគោលបំណងពង្រីកវិសាលភាពសត្វខ្សឹប ដែលត្រូវ បានប៉ាន់ប្រមាណថា មានប្រហែល៥៥០ក្បាលនៅកម្ពុជា ស្នើនឹង៧០ភាគរយ នៃចំនួនដែលកំពុងមានវត្តមាន នៅលើពិភពលោកប្រមាណជាង៨០០ក្បាលប៉ុណ្ណោះ ៕ សរន

Post navigation