Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ ទាំងអស់ ឱ្យ​ចូលរួម​ក្នុងការ​បង្ការ ទប់ស្កាត់ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ

Views: 1

ដោយៈ ទេព មង្គល / ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃ​សៅរ៍ ទី ៣០ ខែកញ្ញា ឆ្នាំ​២០២៣ បាន​អំពាវនាវ​ដល់​សាធារណជន ជា​អ្នក​ប្រើ ប្រាស់​ផ្លូវ​ទាំងអស់ ឱ្យចូល​រួម ក្នុងការ​បង្ការ ទប់ស្កាត់ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃទី ៣០ ខែកញ្ញា ដល់​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០២៣ ។​

​នៅក្នុង​សេចក្តីអំពាវនាវ​នោះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ថ្លែង​នូវ​ការកោតសរសើរ ប្រកបដោយ​ក្តី​មោទនភាព​ជាទីបំផុត ចំពោះ​អ្នកប្រើប្រាស់ ផ្លូវ​ដ៏​ច្រើន​លើសលប់ ដែលមាន​ឆន្ទៈ​ក្នុងការ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍ ផ្លូវគោក យ៉ាង​ផុសផុល ក្នុង​ពេលធ្វើ​ចរាចរណ៍ រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការបាត់បង់ ជីវិត រងរបួស និង​ការខូចខាត​ទ្រព្យសម្បត្តិ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នាពេល​កន្លងទៅ​។​

​ទោះជា​យ៉ាងនេះ​ក្តី គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បាន និង​កំពុង​គំរាមកំហែង​ដល់​អ្នក​ប្រើ ប្រាស់​ផ្លូវ បង្កឱ្យមាន​សោកនាដកម្ម បាត់បង់​ជីវិត រងរបួស និង​ខូចខាត​ទ្រព្យសម្បត្តិ ជា​រៀងរាល់ថ្ងៃ ហើយ​តែងតែមាន កំណើន​ខ្ពស់ ក្នុងពេល​មាន​ពី​ធី​បុណ្យ​នានា ដែលមាន កំណើន​ចរាចរណ៍​មមាញឹក ដោយ​ការបើកបរ មិន​គោរព​ច្បាប់ ការធ្វេសប្រហែស ឬ​ខ្វះ​ការយោគយល់​អធ្យាស្រ័យ​។​

​ក្នុងន័យនេះ នាឱកាស​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​អំពាវនាវ​ដល់​សាធារណជន ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ សូមមេត្តា​ខិតខំ​យកចិត្តទុកដាក់​បង្កើន​ស្មារតី​ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បើកបរ​យានយន្ត​តាម​វិធានការ ដូចខាងក្រោម​៖

១-​ត្រូវ​បន្ថយល្បឿន​បើកបរ​តាមច្បាប់​កំណត់ និង​តាម​ស្ថានភាព​ជាក់ស្តែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវ​គ្រលុក ផ្លូវ​កោង ផ្លូវ​ប្រសព្វ ផ្លូវ​ចំណោត ផ្លូវ​ចង្អៀត ឬ​ផ្លូវ​រអិល ។​ល​។ មូលហេតុ​ចម្បង ដែល​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ការបើកបរ លឿន ហួស​ល្បឿន​កំណត់​។​

២-​ត្រូវគោរព​សិទ្ធិ​អាទិភាព​នៅត្រង់​ផ្លូវ​ប្រសព្វ ដោយ​ត្រូវ​បើកបរ​បន្ថយល្បឿន និង​ត្រូវ​ទុក សិទ្ធិ​ឱ្យ​អ្នកបើកបរ លើផ្លូវ​ដែលមាន​សិទ្ធិ បានធ្វើ​ចរាចរណ៍​ទៅមុន​។​

៣-​មុននឹង​វ៉ា​ជែង ត្រូវ​ដឹង​ច្បាស់​ថា ផ្លូវ​ខាងមុខ​ទំនេរ អាច​ជែង​បាន ដោយ​សុវត្ថិភាព ចៀសវាង ការ​វ៉ា​ជែង ដោយ​ប្រថុយប្រថាន ដែល​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ ជាយថាហេតុ​។​

៤-​ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​រថយន្ត​ដឹកទំនិញ សូមកុំ​ផ្ទុក​មនុស្ស ឬ​ទំនិញ លើស​ច្បាប់​កំណត់ ជាពិសេស​រថយន្ត​ដឹក​អ្នកដំណើរ មិនត្រូវ​ផ្ទុក​មនុស្ស​នៅ លើដំបូល និង​មិនត្រូវ​ដំឡើងថ្លៃ​ធ្វើដំណើរ ក្នុងឱកាស​នេះ​។​

៥-​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​រប​ស់​ខ្លួន មុន​ពេលធ្វើ​ចរាចរណ៍​។​

៦-​អ្នកបើកបរ​រថយន្ត និង​អ្នករួមដំណើរ សូម​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ឱ្យបាន​ត្រឹមត្រូវ ជាប់​ជាប្រចាំ​។​

៧-​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ទាំងអស់​ត្រូវ​ពាក់មួក​សុវត្ថិភាព ឱ្យបាន​ត្រឹមត្រូវ គ្រប់ៗ​គ្នា ទោះ​ធ្វើដំណើរ​ជិត ឬ​ឆ្ងាយ និង​គ្រប់ពេលវេលា​។ ត្រូវ​ចងចាំ​ជានិច្ច​ថា ” មួកសុវត្ថិភាព​មួយ អាចជួយ​ការពារ​នូវ ការរង​របួស​ក្បាល ឬ​អាច​ការពារ​ជីវិត​បាន “​។​

៨-​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ឬ​សារធាតុ​ញៀន និង​សូម​ចងចាំ​ជានិច្ច​នូវ ពាក្យស្លោក “​បើ​ពិសា​គ្រឿង​ស្រវឹង កុំ​បើកបរ ។ ស្ថានភាព​ស្រវឹង នឹង​បង្ក​ឱ្យ​អ្នកបើកបរ បាត់​ការចងចាំ វង្វេងស្មារតី មិនអាច​បញ្ជា​យាន​បាន ដោយ​សុវត្ថិភាព ងាយ​ប្រឈម​នឹង ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍​។​

៩-​នៅពេល​បើកបរ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សុជីវធម៌ សីលធម៌ និង​ការ​អធ្យាស្រ័យ​គ្នា ទៅវិញទៅមក ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ ឬ​ការកកស្ទះ​ចរាចរណ៍​។
​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​សម្តែង​នូវ​សេចក្តីសង្ឃឹម និង ជឿទុកចិត្ត លើ​ស្មារតី​ប្រុងប្រយ័ត្ន​របស់ សាធារណជន ក្នុងការ​អនុវត្ត​សេចក្តីអំពាវនាវ នេះ ដើម្បី​នាំមក​នូវ​សុវត្ថិភាព និង​សេចក្តីសុខ​សប្បាយ រីករាយ​ជាមួយ​ក្រុមគ្រួសារ ក្នុងឱកាស​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិ កុំឱ្យ​ថ្ងៃ​សប្បាយ ក្លាយជា​ថ្ងៃ​កើតទុក្ខ​៕/V

Post navigation