Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រជុំត្រៀមការរៀបចំ ពិធីបុណ្យចូលឆ្នាំថោះ ខាងមុខ

Views: 1

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាល​ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ប្រពៃណីជាតិ ខាងមុខនេះ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំ នៅសាលប្រជុំសាលាខេត្ត បន្ទាយមានជ័យថាៈ បុណ្យចូលឆ្មាំខ្មែ ឆ្នាំថោះ ប្រពៃណីខ្មែរ ខាងមុខនេះ គ្រប់ទីវត្តអារាម ផ្ទះសម្បែង ទីកន្លែងក្រុមហ៊ុន អាជីវកម្ម រោងចក្រ សហគ្រាស អង្គការ សមាគម មន្ទីរ អង្គភាព សាលារៀន រៀបចំសំអាត តុបតែងលំអរំលេច ទៅដោយបដា ពាក្យស្លោក ទង់ជាតិ ទង់ជ្វាលា និងរៀបចំជាគ្រឿងសក្ការៈបូជា មានផ្កាភ្ញី ទៀនធូប នំចំណី ផ្លែឈើជាដើម ដើម្បីថ្វាយព្រះរតនៈត្រ័យ មាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលមានរយៈពេល ៣ ថ្ងៃ ។

លោក អ៊ុំ រាត្រី បានបន្តថាៈ ហេតុនេះ ស្នងការនគរបាលខេត្ត អង្គភាពអាវុធហត្ថ យោធាគ្រប់ប្រភេទ ឈរជើងក្នុងខេត្តបន្ទាយមានជ័យ ត្រូវមានផែនការជាក់ស្តែង និងសហការគ្នា ការពារសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ដើម្បីបង្កភាពសប្បាយរីករាយ និងធានាសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិ មុនពេល កំពុង និងក្រោយប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រពៃណីរបស់ជាតិ នេះឲ្យបានសុខសាន្ត។

ក្នុងរយៈពេលចូលឆ្នាំ ៣ ថ្ងៃនោះ មានល្បែងប្រជាប្រិយ លេងកម្សាន្តដូចជា ល្បែងទាញព្រ័ត្រ ទាត់សី ល្បែងលាក់កន្សែង រាំវង់ កម្សាន្តនៅតាមទីវត្តអារាម នានា ហើយឆ្នាំនេះ លោកអភិបាលខេត្ត បានរៀបចំពិធីមហាសង្ក្រាន្តយ៉ាងធំ នៅក្នុងសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, រៀបចំបុណ្យចូលឆ្នាំធំ នៅប្រាសាទបន្ទាយឆ្មារ, សង្ក្រាន្តប៉ោយប៉ែត , សង្ក្រានមង្គលបូរី… និងតាមវត្តអារាម តាមភូមិនានា។ ក្នុងនោះ មានរាំកម្សាន្ត នៅពេលយប់ គ្រប់ ៣ រាត្រីទៀតផង។

ទន្ទឹមនឹងនេះ លោក អ៊ុំ រាត្រី បានធ្វើការហាមប្រាម រាល់ល្បែងទាំងឡាយណា ដែលនាំឲ្យខាតបង់ អន្តរាយទ្រព្យសម្បត្តិ និងនាំឲ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់ កិត្តិយស ផ្ទុយពីពីប្រពៃណីថ្លៃថ្នូរ របស់ជាតិ ដូចជាការប្រើអំពើហិង្សា បណ្តាល មកពីការរាំកម្សាន្តជាន់ជើងគ្នា ច្រណែនឈ្នាននីស ការលេងល្បែងស៊ីសង ល្បែងភ្នាល់ផ្សេងៗ ល្បែងជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ដល់អ្នកធ្វើ ដំណើរតាមផ្លូវ ត្រូវហាមដាច់ខាត។ ម៉្យាងវិញទៀត ត្រូវលើកកំពស់ស្មារតីប្រុង ប្រយ័ត្ន ក្នុងការដុតទៀនធូប ភ្លើងចង្ក្រាន ឬប្រើប្រាស់គ្រឿងឆេះផ្សេងៗ ដែលនាំ ឲ្យមានអគ្គិភ័យ និងត្រូវទប់ស្កាត់ ការដុតផាវ គ្រឿងផ្ទុះ គ្រាប់រំសេវ ដែលនាំឲ្យ មានគ្រោះថ្នាក់ដល់អាយុជីវិត និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាដើម៕ V / N

Post navigation