Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ្រាប់ស្វាយចន្ទីនៅខេត្តកំពតដែលកសិករផលិតបានជួបបញ្ហាខ្វះទីផ្សារ

Views: 1

ដោយ:បូកគោ/កំពត: តាមការបញ្ជាក់របស់មន្ត្រីជំនាញបានឱ្យដឹងថាគ្រាប់ស្វាយចន្ទីដែលប្រជាកសិករនៅខេត្តកំពតដាំដុះ និងប្រមូលបានមិនមានទីផ្សារល្អប្រសើរដូចបណ្តាផលិផលសក្តានុពលដទៃទៀតឡើយ ស្របដែលដំណាំនេះជាដំណាំសក្តានុពលលំដាប់ទី៤ក្នុងខេត្តកំពតបន្ទាប់ពីម្រេច ទុរេន និងចេកអំបូងលឿង។


លោក តេង ប៊ុនធឿនប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានប្រាប់ឱ្យដឹងថា ខេត្តកំពតមានដំណាំសក្តានុពលយ៉ាងច្រើន ដូចជា ម្រេច ទុរេន ចេកអំបូងលឿង ស្វាយចន្ទី ដូង ដូងប្រេង និងស្វាយកែវរមៀតជាដើម។ បើនិយាយអំពីដំណាំស្វាយចន្ទី គិតត្រឹមដំណាច់ឆ្នាំ២០២២ ផ្ទៃដីដាំដុះមានទំហំ១.៩៥០ហិកតា និងផ្ទៃដីប្រមូលផល១.៨១៩ហិកតា។ ក្នុងនោះ បរិមាណផលសរុបទទួលបាន៣.៦៥៤តោនក្នុង១ឆ្នាំ ពោលគឺទិន្នផលជាមធ្យម១ហិកតាប្រមូលបានទម្ងន់២តោន។ លោកប្រធានការិយាល័យបានបន្តថា តម្លៃទីផ្សារនៅខេត្តកំពតមិនទាន់បានល្អដូចដំណាំសក្តានុពលផ្សេងៗឡើយ ហើយគ្រាប់ស្វាយចន្ទីភាគច្រើនត្រូវបានអាជីវករ និងឈ្មួញក្នុងស្រុកទិញយកទៅកែច្នៃជាផលិតផលសម្រេចដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ភ្ញៀវតាមអាហារដ្ឋាន ភោជនីយដ្ឋាន ពិធីមង្គលការ ជប់លាង ឡើងគេហដ្ឋានប៉ុណ្ណោះ។ នៅពេលគ្រាប់ស្វាយចន្ទីដល់រដូវប្រមូលផលបានច្រើនគឺឈ្មួញទម្លាក់តម្លៃតែម្តង។ លោក តេង ប៊ុនធឿន បានបញ្ជាក់ថា ក្រោយពេលសម្តេចតេជោបានចេញគោលនយោបាយជំរុញកម្ពុជាជាប្រទេសផលិត និងនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេ ទាំងការិយាល័យ ក៏ដូចជាជាមន្ទីរកសិកម្មសង្ឃឹមថាទីផ្សារគ្រាប់ស្វាយចន្ទីនឹងល្អប្រសើរឡើង។ ពេលនោះ ប្រជាកសិករនឹងមិនបន្តកាប់ដើមស្វាយចន្ទីចោលដើម្បីដាំដំណាំផ្សេងៗដូចគ្រាកន្លងមកទៀតឡើយ។ លោកប្រធានការិយាល័យបានប្រាប់ឱ្យដឹងទៀតថា ដើម្បីឆ្លើយតបតាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានជំរុញកម្ពុជាឱ្យក្លាយជាប្រទេសផលិត និងនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេនោះ មន្ទីរកសិកម្មខេត្តនឹងចុះបណ្តុះបណ្តាលជំនាញដល់កសិករ ពង្រឹងបន្ថែមនូវបច្ចេកទេសដាំដុះដំណាំស្វាយចន្ធីជូនកសិករស្របតាមលក្ខណៈបច្ចេកទេស និងតម្រូវការរបស់ទីផ្សារ។ ជាមួយនេះ មន្ត្រីជំនាញនឹងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្មជូនដល់ប្រជាកសិករ ក៏ដូចជាអ្នកដាំដុះដំណាំស្វាយចន្ធីដើម្បីបានជ្រាប ហើយត្រៀមខ្លួនក្នុងការផលិតគ្រាប់ស្វាយចន្ទីបន្ថែមទៀត៕ P / N

Post navigation