ដោយៈភ្នំស្វាយ / បន្ទាយមានជ័យ: នៅបន្ទាយមានជ័យ អ្នកជំនាញកងទ័ពគ្រោងជ្រើសរើសទីតាំងខ្លះធ្វើជាតំបន់ប្រវត្តិសាស្ត្រយោធា ។
យោងមន្ត្រីយោធាចំពោះកិច្ចវិមានឈ្នះឈ្នះនិងមន្ត្រីអាជ្ញាធរដែនដីឲ្យកាសែតរស្មីកម្ពជាដឹងកាលពីថ្ងៃទី២៣ខែវិច្ឆិកាថា ទីតាំងទី១ ដែលអាចជ្រើសរើសនោះ មានដូចតំបន់ការទូតសាតាំង ស្ថិតនៅភូមិដូង ឃុំ/ស្រុកម៉ាឡៃ ដែលជាអតីតទីតាំងធ្វើពិធីទទួលសាតាំងពីឯកអគ្គរាជទូត /រដ្ឋទូតប្រទេសនានា របស់ប្រមុខរដ្ឋកម្ពុជានៃភាគីរដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៨២ -៨៩ ។
តំបន់នោះ គ្រប់គ្រង់អោយអតីតភាគីកងទ័ពខ្មែរក្រហម ៤៥០ ។ ទីនោះស្ថិតនៅជិតច្រកព្រំដែនម៉ាឡៃនិងព្រំដែនថៃ មិនដល់មួយគីឡូម៉ែត្រឡើយ។ទីនោះជាអតីតអគារទទួលសាតាំង ផ្ទះភ្ញៀវបរទេស សាលមហោស្រព(សិល្បៈ) ផ្អះបាយ និងជុំវិញជាលំនៅដ្ឋានលោកអៀង សារី លំនៅដ្ឋានក្រុមបញ្ញាជនខ្មែរក្រហម …។
ប្រភពបន្តថា ទីតាំងទីពីរ នៅតំបន់អតីតយោធាខ្មែរក្រហមដែរនៅភ្នំប្រាក់ ៥១៩ ដែលជាទីបញ្ជាការក្បាលម៉ាសុីនចាត់តាំងនយោបាយ និងយោធា ហើយប៉ុល ពត បានចល័តនិងស្នាក់នៅអំឡុងទសវត្សរ៍ទី៨០ ។តំបន់ភ្នំប្រាក់ស្ថិតនៅភូមិក្តិបថ្មឃុំគោករមៀតស្រុកថ្មពួក ឬចំណាយមិនដល់១គមទេពីព្រំដែនថៃ ។ហើយស្ថិតនៅក្បែរបង្គោលព្រំដែនលេខ៣៧,៣៨,៣៩និង៤០ ។ទីនោះ ជាអតីតទីតាំង ផ្ទះប៉ុល ពត ផ្ទះបាយប៉ុលពត.រោងកែឆ្នៃនៃគ្រាប់និងសាលានយោបាយនិងអាងទឹក ។
មន្ត្រីបន្តថា ការគ្រោងជ្រើសរើសដើម្បីកសាងឡើងវិញជាតំបន់ប្រវត្តិសាស្ត្រយោធានោះ គីមានបំណង ធ្វើកំណត់ ហេតុរក្សា ទុក ជាប្រវត្តិសាស្ត្រ សំរាប់ កូនចៅជំនាន់ក្រោយបានយល់ដឹងអំពីប្រវត្តិសាស្ត្រសង្គ្រាមនៅកម្ពុជា ។
ទោះយ៉ាងណា នៅតំបន់អតីតសង្គ្រាមសំខាន់ៗជាច្រើនចំណុច/គោលដៅទៀត មិនទាន់ត្រូវបានក្រុមការងារចុះពិនិត្យនិងគ្រោងជ្រើសរើសដូចតំបន់ខាងលើនៅឡើយ ។
ក្នុងនោះ មានអតីតទីបញ្ជការកណ្តាលនៃកងទ័ពរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ(KP) នៅម្តុំផ្សារបឹងត្រកួននិង ស្តូបរំលឹកវិញ្ញាណក្ខន្ធវីរជន យុទ្ធជន យុទ្ធនារីនៃកងទ័ពចលនាតស៊ូខ្មែរមិនមែនកុំមុយនីស្តនេះនៅខាងលិចនោះ ស្ថិតនៅភូមិបន្ទាយមានរឹទ្ធិឃុំគោករមៀតស្រុកថ្មពួក ។
អតីតទីតាំងមហោស្រពលោកតាសីន សាន នៅភូមិបឹងតាស្រី(មហោស្រព)ឃុំគោករមៀត ដែរនិងអតីតជំរំជនភៀសខ្លួនខ្មែរធំៗ នៅក្នុងភូមិសាស្ត្រស្រុកថ្មពួក ស្វាយចេក អូរជ្រៅ នាបណ្តោយព្រំដែនកម្ពុជា ថៃ ក៏មិនបានជ្រើសរើសនៅឡើយ ។
រីឯ អតីតមូលដ្ឋានសំខាន់ៗរបស់កងទ័ពប្រជាជនបដិវត្តកម្ពុជា ក៏មិនទាន់បានចុះពិនិត្យនិងគ្រោងជ្រើសរើសនៅឡើយដែរ ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអមដំណើរលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងប្រតិភូបានអញ្ជើញលើកស្លាកតំបន់ប្រវត្តិសាស្ត្រយោធាសាតាំងម៉ឡៃ ។
ដល់រសៀលថ្ងៃទី ២០ វិច្ឆិកា ២០២០ លោកយ៉ែម សារឿន តំណាងជួសមុខឲ្យក្រុមការងារចំពោះកិច្ចវិមានឈ្នះឈ្នះ និងមន្ត្រីក្រុមការងារបានជូនដំណើរលោកអ៊ុ រាត្រី ទៅទស្សនាតំបន់ប្រវត្តិសាស្ត្រយោធាភ្នំប្រាក់ស្រុកថ្មពួក ៕