ប្រែសម្រួល : កញ្ញាដាលីស ៖ គ្រោងឆ្អឹងដាយណូស័រពូជធីរិច (T-rex) រក្សាបានល្អទាំងស្រុងដំបូងបង្អស់លើពិភពលោកដែលកប់នៅក្នុងដីល្បាប់បន្ទាប់ពីប្រយុទ្ធមួយស្មើរហូតដល់ងាប់ជាមួយដាយណូស័រពូជត្រាយសេរ៉ាថប់ (Triceratops) កាលពី ៦៧ លានឆ្នាំមុន ត្រូវបានបង្ហាញដោយអ្នកវិទ្យាសាស្ត្រ។
ដាយណូស័រទាំងពីរ ដែលមានឈ្មោះហៅក្រៅថា “ដាយណូស័រវ៉ៃមួយស្មើ” ត្រូវបានរក្សារួមគ្នាបានយ៉ាងល្អនៅក្នុងអ្វីដែលគេគិតថាជាការប្រទូសរ៉ាយរវាងសត្វមំសាសីទាំងពីររហូតដល់ងាប់។
រូបរាងសាកសព ស្នាមលើស្បែក និង របួសរួមទាំងធ្មេញរបស់ដាយណូស័រធីរិចជាប់នៅក្នុងខ្លួនរបស់ដាយណូស័រត្រាយសេរ៉ាថប់ នៅតែអាចមើលឃើញនៅ ៦៧ លានឆ្នាំ ក្រោយការប្រយុទ្ធគ្នាដ៏សាហាវ។
គ្រោងឆ្អឹងរបស់ពួកវាត្រូវបានមើលឃើញដោយមនុស្សតែប៉ុន្មានសិបនាក់ប៉ុណ្ណោះ ចាប់តាំងពីពួកវាត្រូវបានរកឃើញក្នុងឆ្នាំ ២០០៦ នៅរដ្ឋម៉ុនតាណា សហរដ្ឋអាម៉េរិក ដោយពួកអ្នកប្រមាញ់ហ្វូស៊ីលអាជីព។
គេត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីទាញយកគ្រោងឆ្អឹងទម្ងន់សរុប ១៤តោននិងរៀបចំការលក់គ្រោងឆ្អឹងពួកវាដោយអង្គការសារមន្ទីរវិទ្យាសាស្ត្រធម្មជាតិខារ៉ូលីណាខាងជើងក្នុងតម្លៃមួយដែលគេមិនបញ្ចេញឱ្យដឹង។
អង្គការនេះបានបរិច្ចាគលុយទាំងអស់ឱ្យទៅសារមន្ទីរវិទ្យាសាស្ត្រធម្មជាតិខារ៉ូលីណាខាងជើង នៅទីក្រុងរ៉ាលិច នៃរដ្ឋខារ៉ូលីណាខាងជើងដែលគ្រោងនឹងចាប់ផ្តើមសាងសង់កន្លែងតាំងពិព័រណ៍សម្រាប់គ្រោងឆ្អឹងដាយណូស័រទាំងពីរនៅឆ្នាំក្រោយ៕
គ្រោងឆ្អឹងរបស់ “ដាយណូស័រវ៉ៃមួយស្មើ” ត្រូវបានបង្ហាញជាសាធារណៈ