Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ្រឿងចក្រធុនស្រាលជាជំនួយជប៉ុនសម្រាប់ថែទាំប្រព័ន្ធស្រោចស្រពនិងដោះទឹកជំនន់បានទៅដល់ខេត្តគោលដៅអស់ហើយ

Views: 2

ដោយៈប.ខុន/ភ្នំពេញៈគ្រឿងចក្រធុនស្រាលចំនួន៩គ្រឿងដែលជាជំនួយរបស់ជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា( JICA) ផ្តល់ឱ្យក្រសួងធនធានទឹកនិងឧតុនិយមសម្រាប់ធ្វើការថែទាំប្រព័ន្ធស្រោចស្រពនិងដោះទឹកជំនន់នៅខេត្តគោលដៅខាងលិចបឹងទន្លេសាបនោះ ត្រូវបានក្រុមការងារនៃគម្រោងបានប្រគល់ជូនដល់ខេត្តគោលដៅរួចរាល់អស់ហើយ។

លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៣ថា គ្រឿងចក្រធុនស្រាលចំនួន៩ គ្រឿងដែលជាជំនួយរបស់ជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជាត្រូវបាន ក្រុមការងារនៃគម្រោងបានប្រគល់ជូនដល់ខេត្តគោលដៅរួចរាល់អស់ហើយ កាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៣។

លោកអនុរដ្ឋលេខាធិការបាននិយាយឱ្យទៀតថាជំនួយគ្រឿងចក្រធុនស្រាលនេះជាគម្រោងចាស់តាំងពីឆ្នាំ២០២០នៅពេលបន្ទាប់ពីគម្រោងជួសជុលស្តារឡើងវិញប្រព័ន្ឌ ស្រោចស្រពនិងដោះទឹកជំនន់នៅលើខេត្តគោលដៅខាងលិចបឹងទន្លេសាបដែលរួមមានខេត្តកំពង់ឆ្នាំង ពោធិសាត់ និង ខេត្តបាត់ដំបង  បានបញ្ចប់កាលពីក្នុងឆ្នាំ២០១៩ហើយក្នុងន័យដើម្បី ឱ្យប្រព័ន្ធនេះធានាការប្រើប្រាស់បានយូរអង្វែងភាគីជប៉ុនបានជួយគ្រឿងធុនស្រាលចំនួន៣គ្រឿងសម្រាប់ខេត្តគោលដៅនីមួយៗ ដើម្បីធ្វើការថែទាំប្រព័ន្ធបន្តក្រោយពីគម្រោងបានសាងសង់រួច។

លោកពេជ្រ វាសនា បានបញ្ជាក់ថាគម្រោងជួសជុលស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិងដោះទឹកជំនន់ខាងលិចបឹងទន្លេសាប  មានអនុគម្រោងលំហាច ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង អនុ គម្រោងដំណាក់អំពិលវត្តលួងនិងវត្តជ្រែក្នុងខេត្តពោធិសាត់ និង អនុគម្រោងរាមគុណក្នុងខេត្តបាត់ដំបង ។ គម្រោងទាំងនេះបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០១៩ហើយ គ្រឿងចក្រធុនស្រាលដែលជប៉ុនបានសន្យាផ្តល់ឱ្យខេត្តគោលដៅសម្រាប់ធ្វើការថែទាំនៅក្នុងខេត្តនីមួយៗរួមមានអេស្កាវ៉ាទ័រកង់កៅស៊ូមួយគ្រឿង សាហ្សើរមួយគ្រឿងនិងរថយន្តដឹកដីមួយគ្រឿង៕ P / N

Post navigation