Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហេម ហ៊ី​ន​៖ អតីត​ពេទ្យ​សម័យ​ខ្មែរក្រហម​

Views: 3

ដោយៈគាត ស្រី​ឡែ​ន បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ កោះ​ថ្ម​/ភ្នំពេញ៖ ខ្ញុំ​ឈ្មោះ ហេម ហ៊ី​ន អាយុ​៦៤​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ ហេម ហីន ចំណែក​ម្ដាយ​ឈ្មោះ ប្រាក់ និង​មាន​បងប្អូន​បង្កើត​ចំនួន​៧​នាក់ គឺ​ស្រី​ចំនួន​៤​នាក់ និង​ប្រុស​ចំនួន​៣​នាក់​។បងប្អូន​របស់ខ្ញុំ​ស្លាប់​២​នាក់ដោយ​ម្នាក់​បានជា​ន់​គ្រាប់មីន​ផ្ទុះ​ស្លាប់​ពេល​ទៅ​ឃ្វាលក្របី និង​ម្នាក់ទៀត​ស្លាប់​ដោយសារ​ជំងឺ​។ខ្ញុំ​មាន​ប្ដី​ឈ្មោះ ស៊ូ​ន ប៉ាន់ និង​មានកូន​ចំនួន​៥​នាក់​។ កូនៗ​ខ្ញុំ​ស្លាប់​ពីរ​នាក់​ដោយសារ​ជំងឺ​។

​កាលពី​កុមារ​ខ្ញុំ​រៀន​នៅ​សាលា​វត្ត​រំចេកជាមួយ​គ្រូ ឈួន​។ នៅក្នុង​ថ្នាក់​ខ្ញុំ​រៀនមាន​សិស្ស​ចំនួន​២០​នាក់​។ពេលព្រឹកខ្ញុំ​ចូលរៀន​នៅ​ម៉ោង​៧ និង​ចេញពី​រៀន​នៅ​ម៉ោង​៩​។ បន្ទាប់ពី​ចេញពី​រៀនខ្ញុំ​ត្រូវ​ឃ្វាលគោ​ក្របី​ជាមួយ​ក្មេងៗ​នៅ​ភូមិ​។​


ហេម ហ៊ីន ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិរំចេក ឃុំរំចេកស្រុកមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
(បណ្ណសារមជ្ឈណ្ឌលឯកសារកម្ពុជា)

នៅពេលនោះ​មាន​កងទ័ព​វៀត​កុង​ឬ​យួន​ខាងជើង​បានរស់នៅ​ពេញ​ព្រៃ​ក្បែរៗ​ភូមិ​។ មិនយូរប៉ុន្មាន​ក៏មាន​ការទម្លាក់​គ្រាប់​បែប​លើ​កងទ័ព​វៀត​កុង​ទាំងនោះ​។ឃើញ​ហេតុការណ៍​ដូច្នេះ តា​យាយ​របស់ខ្ញុំ​ក៏​ហៅ​ខ្ញុំ​ឲ្យ​ចូល​ពួន​ក្នុង​រណ្ដៅ​ត្រង់​សេ រហូតដល់​ឈប់​ឮ​សំឡេង​ទម្លាក់​គ្រាប់បែក​ទើប​ខ្ញុំ​រត់​មក​ផ្ទះ​វិញ​។ នៅ​ឆ្នាំ​១៩៧៥ នៅ​ក្នុងភូមិ​របស់ខ្ញុំ​មាន​បង្កើតជា​សហករណ៍ និង​ប្រមូល​ចាន ឆ្នាំង ដាក់​រួម គឺ​នៅសល់តែ​គោ​-​ក្របី​មិនទាន់​ដាក់​រួម​។បន្ទាប់មកទៀត​ខ្មែរក្រហម​ឲ្យ​ប្រជាជន​ហូប​រួម នៅ​សាលារៀន​ក្នុងភូមិ​។
​ខ្មែរក្រហម​ឲ្យ​ខ្ញុំ​ធ្វើការ​នៅ​កងចល័តគឺ ច្រូតស្រូវ​, ដក និង ស្ទូង​។ ខ្ញុំ​ក្រោក​ធ្វើការ​នៅវេលា​ម៉ោង​៣​ភ្លឺ ប៉ុន្តែ​ខ្ញុំ​មិនអាច​ស៊ូទ្រាំ​នឹង​ការងារ​ដូច​ចាស់ៗ​ឡើយ ព្រោះ​ខ្ញុំ​ទើបតែ​អាយុ​១៥​ឆ្នាំ​។ ឪពុក​របស់ខ្ញុំ​គឺជា​ប្រធាន​ក្រុម​ខ្ញុំ ហើយ​រយៈ​៣​ថ្ងៃ​ខ្មែរក្រហម​ផ្លាស់ប្តូរ​ប្រធាន​ក្រុម​ម្ដង ដែល​ប្រធាន​ក្រុម​ទាំងនោះ​មានឈ្មោះ​ដូចជា តា តុម​, តា អួន​, តា ហ៊ី​ន គឺជា​ឪពុក​របស់ខ្ញុំ​។ ក្រុម​របស់ខ្ញុំ​មាន​សមាជិក​ចំនួន​១៥​នាក់ ជីក​ប្រឡាយ និង​លើក​ទំនប់ ខ្ញុំ​ធ្វើការ​នៅ​ភូមិ​ព្នៅ​។

​ក្រោយពេល​ឪពុក​ខ្ញុំ​ឈឺ និង​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្នៅ ខ្ញុំ​ត្រូវបាន​ដក​មក​ធ្វើការ​នៅ​ពេទ្យ​ស្រុក និង​បម្រើ​ឪពុក​ខ្ញុំ​នៅ​ទីនោះ​។ តា​គួ​ង គឺជា​អ្នក​ប្រាប់​ឲ្យ​ខ្ញុំ​មក​ធ្វើការ​នៅ​មន្ទីរពេទ្យ​ព្នៅ ហើយ​ខ្ញុំ​រៀន​ចាក់​ថ្នាំ​នៅ​ទីនោះ​។ពេល​ថ្ងៃ តា គួ​ង ចាត់​ឲ្យ​ខ្ញុំ​ទៅ​ឃ្វាលក្របី​នៅ​ទួល​ខែ​។ ចំណែក​ពេលព្រឹក និង​ល្ងាច​ដើរ​ចាក់​ថ្នាំ​ឲ្យ​អ្នកជំងឺ​។ដំបូង​ខ្ញុំ​មិន​ហ៊ាន​ចាក់​ថ្នាំ​ឲ្យ​អ្នកជំងឺ​ឡើយ ដូច្នេះ យាយ ផុន បង្រៀន​ខ្ញុំ​ពី​របៀប​ចាក់​ថ្នាំ និង​ការប្រើប្រាស់​ថ្នាំ​ដោយផ្ទាល់​។ បន្ទាប់មក ខ្ញុំ​ផ្លាស់​ទៅ​រស់នៅ​ស្រែ​សង្កែ​រយៈពេល​២​ខែ ទើប​យាយ​ផុន ហៅ​ខ្ញុំ​ទៅ​រស់​ចម្ការ​កាហ្វេ​នៅ​ភូមិ​ឡូ​ព្រោះ​ខ្វះ​ពេទ្យ​។ នៅ​ទីនោះ​មាន​ប្រជាជន​ឈឺ​ច្រើន ហើយ​ភាគច្រើន​កើត​ជំងឺ​គ្រុន​បាញ់​។ មាន​ប្រជាជន​ច្រើនណាស់​ស្លាប់​នៅ​ចម្ការ​កាហ្វេ​។ ខ្ញុំ​ធ្វើ​នៅ​ទី​នោះបាន​រយៈពេល​៤​ខែ កងទ័ព​វៀតណាម​បាន​វាយ​ចូលមក​។

​ខ្ញុំ​ត្រឡប់​ទៅ​ភូមិ​រំចេក​វិញ ខណៈនោះ​ប្រធានភូមិ​ឈ្មោះ អែម ហោង ប្រាប់​ខ្ញុំ​ឲ្យ​រត់​ទៅ​ត្រពាំង​រាំង​។ ខ្ញុំ​ស្នាក់នៅ​ត្រពាំង​រាំង​បាន​រយៈពេល​៧​ថ្ងៃ ក៏​ភៀសខ្លួន​បន្តទៅ​ស្រែ​ត្រៀក និង​វាល​កន្សែង​។ ក្រោយមក ខ្ញុំ​ទៅ​រស់នៅ​ភូមិ​ជី​ទ្រុ​ន ហើយ​នៅ​ទីនោះ​ខ្ញុំ​ធ្វើ​ការងារ​កាច់​ពោត ហើយ​ល្ងាច​ទើប​ត្រឡប់មក​សម្រាក​វិញ​។ ខ្ញុំ​ធ្វើ​ការងារ​ភូមិ​ជី​ទ្រុ​ន​បាន​រយៈពេល​កន្លះ​ខែ​ឈ្មោះ សំអាង ប្រាប់​ឲ្យ​ខ្ញុំ​ត្រឡប់មក​រស់នៅ​ភូមិ​រំចេក​វិញ​។ ប៉ុន្តែ​ខ្ញុំ​ភៀសខ្លួន​បន្តទៅ​ដល់​ភូមិ​ត្របែក និង​ខ្នង​ក្រពើ ហើយ​ពេល​នោះបាន​ជួប​រថយន្ត​វៀតណាម​។ វៀតណាម​បើក​អង្ករ មី ឲ្យ​ខ្ញុំ និង​ប្រជាជន​ដែល​រត់​ភៀសខ្លួន ហើយ​ឲ្យ​ទៅ​ភូមិ​រូង​ជាប់​ព្រំដែន​វៀតណាម​។ ខ្ញុំ​រស់នៅ​ទីនោះ​បាន​រយៈពេល​១​សប្ដាហ៍ ក៏​ផ្លាស់​ទៅ​នៅ​ភ្នំ​ជើង​អណ្ដែង​ក្នុងប្រទេស​វៀតណាម​។ នៅ​ទីនោះ ប៉ែន សុវណ្ណ បាន​កោះហៅ​ប្រជាជន​ខ្មែរ​ឲ្យ​ទៅ​ចូលរួម​ពិធី​ប្រារព្ធ​នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​២​ឆ្នូ ហើយ​ខ្ញុំ​បាន​ទៅ​ចូលរួម​កម្ម​ពិធី​មួយ​ព្រឹក​។

​បន្ទាប់ពី​ចូលរួម​ពិធី​ប្រារព្ធ​នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​២​ឆ្នូ​រួច ខ្ញុំ​បាន​ចូលធ្វើ​កងទ័ព​ជាមួយ​វៀតណាម​។ ខ្ញុំ​ហ្វឹកហាត់​ពី​របៀប​ប្រយុទ្ធ​និង​ប្រើប្រាស់​កាំភ្លើង​នៅ​ឡុង​យ៉ាវ ដោយមាន​ជនជាតិខ្មែរ​គឺជា​អ្នក​បង្រៀន​។ ក្រោយមក ខ្ញុំ​បាន​ចូលរួម​ពិធី​អបអរ​ជ័យជម្នះ ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ នៅ​ស្តា​ត​អូ​ឡាំ​ពិ​ច ក្នុង​ទីក្រុង​ភ្នំពេញ​។ បន្ទាប់មក ខ្ញុំ​ទៅជា​មួយ​កងទ័ព​នៅ​ព្រៃ​បន្ទុំ​ជិត​ជើងភ្នំ​អណ្តែង​ក្នុងប្រទេស​វៀតណាម​រយៈ​ពេល​២​ខែ ប៉ុន្តែ​ដោយសារ​ខ្ញុំ​នឹក​ឪពុកម្ដាយ​ខ្លាំងពេក ក៏​សុំច្បាប់​ប្រធាន​អង្គភាព​មក​ផ្ទះ​វិញ​។ ដំបូង​ខ្ញុំ​មក​ស្នាក់នៅ​ជាមួយ​មីង​នៅក្នុង​ក្រុង​កំពង់ចាម​រយៈពេល​១០​ថ្ងៃ រួច​ក៏​បន្តដំណើរ​មក​មេមត់ ដោយ​ពេលនោះ​ម្ដាយ​របស់ខ្ញុំ​មក​ចាំ​ទទួល​ខ្ញុំ​នៅ​មេមត់​។ សំណាងល្អ​នៅតាម​ផ្លូវ​ខ្ញុំ​បាន​ជួប​រទេះគោ​អ្នកស្រុក​បរ​មក ហើយ​ខ្ញុំ​និង​ម្តាយ​បាន​សុំ​អ្នក​បរទេះ​ជិះ​ត្រឡប់មក​ភូមិ​វិញ​។

​ពេល​មក​ភូមិកំណើត​វិញ ខ្ញុំ​ឈប់​ធ្វើ​ទាហាន និង​រស់នៅ​ជុំគ្នា​ជាមួយ​ម្ដាយ​។ ខ្ញុំ​រៀបការ​នៅ​អាយុ​២៤​ឆ្នាំ និង​ប្រក​បរបរ​ធ្វើការ​រកស៊ី ធ្វើ​ចម្ការ ស្រែ រហូតមកដល់​សព្វថ្ងៃ​នេះ​៕សរន

Post navigation