Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហេតុ​អ្វី​រុស្ស៊ី​ចង់​ដាក់អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធនៅ​បេឡា​រូស​?

Views: 12

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការប្រកាស​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ថា​លោក​មាន​បំណង​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធរ​នៅលើ​ទឹកដី​នៃ​ប្រទេស​បេឡា​រូស​ហាក់​​ជា​ការប៉ុនប៉ង​មួយទៀត​ក្នុង​ការបង្កើន​ជម្លោះ​នៅ​អ៊ុ​យក្រែន​។​

​រឿង​នេះ​កើតឡើង​បន្ទាប់​ពី​ការព្រមាន​របស់​លោក​ពូ​ទីន​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​ត្រៀម​ខ្លួន​រួចជាស្រេ​ច​ក្នុង​ការប្រើប្រាស់ “​គ្រប់​មធ្យោបាយ​ដែល​មាន​” ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​លើ​ទឹកដី​រុស្ស៊ី ដែល​ជា​ការយោងទៅលើ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

​សូម​ក្រឡេកមើល​សេចក្តីថ្លែងការណ៍​របស់​លោកពូ​ទីន​និង​អត្ថន័យ​របស់​វា ៖

​តើ​លោក​ពូ​ទីន​ពន្យល់​ពី​ចំណាត់ការ​របស់​គាត់​យ៉ាងដូចម្តេច​?

​លោកពូ​ទីន​បាន​និយាយថា ប្រធានាធិបតី អា​ឡិច​សាន់​ឌឺ លូ​កា​សិន​កូ នៃ​ប្រទេស​បេឡា​រូស បាន​ជំរុញ​ជា​យូរ​មក​ហើយ​ឱ្យ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូដាក់​អាវុធ​នុយក្លេអ៊ែ​ររ​បស់​ខ្លួន នៅក្នុង​ប្រទេស​របស់​គាត់ ដែល​មាន​ទំនាក់ទំនង​យោធា​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី និង​ជា​មូលដ្ឋាន​សម្រាប់​ការ​លុកលុយ​ប្រទេសជិតខាង​អ៊ុយ​ក្រែន​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២​។​

​រុស្ស៊ី​បាន​ជួយ​ធ្វើ​ទំនើបកម្ម​យន្តហោះ​ចម្បាំង​បេឡា​រូស​រួច​ហើយ​ដើម្បី​ធ្វើឱ្យ​យន្តហោះ​ចម្បាំង​ទាំងនោះ​មាន​សមត្ថភាព​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ ជា​អ្វី​ដែល​មេដឹកនាំ​ផ្តាច់ការ​បេឡា​រូ​សបាន​និយាយ​ម្តង​ហើយ​ម្តងទៀត​។​

​នៅក្នុង​សុន្ទរកថា​ដែល​បាន​ចាក់​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ លោកពូ​ទីន​បាន​និយាយថា ឈ្នួន​សម្រាប់​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធរបស់​រុស្ស៊ី​ភ្លាមៗ​ទៅកាន់​ប្រទេស​បេឡា​រូ​សគឺ​មកពី​ការសម្រេចចិត្ត​របស់​ច​ក្រ​ភព​អង់គ្លេស​ក្នុង​ការផ្តល់​ឱ្យ​អ៊ុយ​ក្រែន​នូវ​គ្រាប់ថ​ក្រោះ​ដែល​មាន​ផ្ទុក​​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​រលាយ​។ លោកពូ​ទីន​បាន​បន្ទន់​ភាសា​របស់គាត់ បន្ទាប់ពី​បាន​អះអាង​មិន​ពិត​ពី​ដំបូង​ថា គ្រាប់​បែបនេះ​មាន​សមាសធាតុ​នុយក្លេអ៊ែរ ប៉ុន្តែ​លោក​បាន​ទទូច​ថា​ពួក​វា​បង្ក​គ្រោះថ្នាក់​​បន្ថែម​ដល់​ប្រជាជន​ស៊ីវិល និង​អាច​បំពុល​បរិស្ថាន​។​

​លោកពូ​ទីន​ក៏​បាន​និយាយ​ផងដែរ​ថា តាមរយៈ​ការដាក់​អាវុធ​នុយក្លេអ៊ែ​រក​ល​យុទ្ធ​នៅក្នុង​ប្រទេស​បេឡា​រូស​រុស្ស៊ី​នឹង​ធ្វើ​អ្វី​ដែល​សហរដ្ឋ​អាម៉េរិក​បាន​ធ្វើ​អស់​ជាច្រើន​ទសវត្សរ៍​គឺ​ដាក់តាំង​អាវុធ​នុយក្លេអ៊ែរ​​របស់​ខ្លួន​នៅក្នុង​ប្រទេស​បែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូ​ឡង់ និង​តួ​ក​គី​។ លោក​បាន​អះអាង​ថា ចំណាត់ការ​របស់​រុស្ស៊ី​មិន​បំពាន​លើ​សន្ធិសញ្ញា​អន្តរជាតិ​ដែល​ហាមប្រាម​ការរីក​សាយភាយ​អាវុធ​នុយក្លេអែរ​ទេ បើ​ទោះបីជា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បានលើកឡើង​ពី​មុន​ថា សហរដ្ឋ​អាម៉េរិក​បាន​បំពាន​លើ​សន្ធិសញ្ញា ដោយ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ទឹកដី​នៃ​សម្ពន្ធមិត្ត​ណា​តូ​របស់ខ្លួន​ក៏ដោយ​។​

​ទង្វើ​របស់​លោក​ពូ​ទីន​គឺ​ផ្ទុយ​នឹង​សេចក្តីថ្លែងការណ៍​ដែល​លោក​និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បានចេញ បន្ទាប់​ពី​កិច្ច​ពិភាក្សា​របស់​មេដឹកនាំ​ទាំង​ពីរ​នៅ​វិមាន​ក្រឹម​ឡាំង​កាលពី​សប្តាហ៍​មុន ដែល​និយាយ​ប្រឆាំង​នឹង​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ដែល​ដាក់ពង្រាយ​អាវុធ​បរមាណូ​នៅ​ខាងក្រៅ​ទឹកដី​របស់​ពួកគេ ដែល​ទំនង​ចង់​ដៀមដាម​ដាក់​សហរដ្ឋ​អាម៉េរិក​។​

​តើ​អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​ជា​អ្វី​?

​អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​មាន​គោលបំណង​បំផ្លាញ​កងទ័ព​និង​អាវុធ​របស់​សត្រូវ​នៅលើ​សមរភូមិ​។ ពួក​វា​មាន​រយៈ​ចម្ងាយ​ខ្លី​និង​មាន​កម្លាំង​ទាប​ជាង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​បំពាក់​ជាមួយ​មី​ស៊ី​ល​​យុទ្ធសាស្ត្រ​រយៈ​ចម្ងាយ​ឆ្ងាយ ដែល​មាន​សមត្ថភាព​កម្ទេច​ទីក្រុង​ទាំងមូល​។​

​ខុស​ពី​សព្វាវុធ​យុទ្ធសាស្ត្រ ដែល​ជា​កម្មវត្ថុ​នៃ​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ​រវាង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​វ៉ាស៊ីនតោន អាវុធ​កល​យុទ្ធ​មិនដែល​ត្រូវបាន​កំណត់​ដោយ​សន្ធិសញ្ញា​ណាមួយ​នោះ​ឡើយ​ហើយ​រុស្ស៊ី​​ក៏​មិន​បាន​បញ្ចេញ​ចំនួន​ឬ​ព័ត៌មាន​ជាក់លាក់​ណាមួយ​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​អាវុធ​ទាំងនោះ​ដែរ​។​

​រដ្ឋាភិបាល​អាម៉េរិក​ជឿថា រុស្ស៊ី​មាន​អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​ប្រហែល ២.០០០ គ្រាប់ ដែល​រួមមាន​គ្រាប់បែក​ដែល​អាច​ផ្ទុក​ដោយ​យន្តហោះ ក្បាល​គ្រាប់​សម្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី និង​គ្រាប់កាំភ្លើង​ធំ​។​

​ខណៈ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ត្រូវ​បំពាក់​ជាមួយ​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​ដែល​មាន​មូលដ្ឋាន​លើ​ដីគោក​ឬ​នាវា​មុជទឹក ដែល​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​ការបាញ់​នោះ អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​ត្រូវបាន​​រក្សាទុក​នៅ​ឃ្លាំង​សម្ងាត់​មួយចំនួន​នៅក្នុង​ប្រទេស​រុស្ស៊ី ហើយ​វា​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​បញ្ជូន​ពួកវា​ទៅកាន់​អង្គភាព​ប្រយុទ្ធ​។​

​មេទ័ព​រុស្ស៊ី​មួយចំនួន​បាន​ជំរុញ​យូរ​មក​ហើយ​ឱ្យ​វិមាន​ក្រឹម​ឡាំង​ផ្ញើ​ការព្រមាន​ទៅ​លោក​ខាងលិច​ដោយ​ផ្លាស់​ទី​អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​មួយចំនួន​ឱ្យខិត​ឱ្យ​ជិត​យន្តហោះ និង​មី​ស៊ី​ល ដែល​ទុក​ដឹក​ពួកវា​។​

​តើ​រុស្ស៊ី​នឹង​ធ្វើ​អ្វី​?

​លោកពូ​ទីន​បាន​និយាយថា រុស្ស៊ី​បាន​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​យន្តហោះ​បេឡា​រូស​ចំនួន ១០ គ្រឿង​រួចហើយ ដើម្បី​អនុញ្ញាត​ឱ្យ​ពួក​វា​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​ហើយ​ក្រុម​អ្នកបើកបរ​របស់​ពួកវា​នឹង​ចាប់ផ្តើម​​ហ្វឹកហាត់​ប្រើប្រាស់​វា​ចាប់ពី​ថ្ងៃទី ៣ ខែ​មេសា​។ លោក​បាន​កត់សម្គាល់​ថា រុស្ស៊ី​ក៏បាន​ផ្តល់​ឱ្យ​បេឡា​រុស្ស​នូវ​ប្រព័ន្ធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី Iskander ដែល​អាច​បំពាក់​ជាមួយនឹង​ក្បាល​គ្រាប់​ធម្មតា​ឬ​នុយ​​ក្លេ​អ៊ែរ​។​

​លោក​បាន​និយាយថា ការសាងសង់​កន្លែង​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​បេឡា​រូ​សនឹង​រួចរាល់​ត្រឹម​ថ្ងៃទី ១ ខែកក្កដា​។ លោក​មិន​បាន​ប្រាប់ថា តើ​អាវុធ​នុយក្លេអ៊ែរ​ប៉ុន្មាន​គ្រាប់​នឹង​ត្រូវ​ដាក់​នៅ​ទីនោះ ឬ​ពេល​ណា​ដែល​ពួក​វា​នឹង​ត្រូវ​ដាក់​ពង្រាយ​នោះទេ​។​

​លោកពូ​ទីន​បាន​សង្កត់ធ្ងន់ថា រុស្ស៊ី​នឹង​រក្សា​ការគ្រប់គ្រង​លើ​អាវុធ​នុយក្លេអ៊ែរ​ណា​ដែល​ដាក់ពង្រាយ​នៅ​បេឡា​រូស​ដូច​អាម៉េរិក​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅលើ​ទឹកដី​នៃ​សម្ពន្ធ​មិត្ត​​ណា​តូ​ដែរ​។​

​ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បញ្ជូន​អាវុធ​នុយក្លេអ៊ែរ​ទៅ​ប្រទេស​បេឡា​រូស នោះ​វា​នឹង​កត់សម្គាល់​ការ​ដាក់​ពង្រាយ​ជា​លើកដំបូង​របស់​ពួកគេ​នៅ​ខាងក្រៅ​ព្រំដែន​រុស្ស៊ី​ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០​។ បេឡា​រូស អ៊ុ​យក្រែន និង​កា​ហ្សាក់​ស្ថានបាន​ទទួលមរត​ក​អាវុធ​នុយក្លេអ៊ែរ​ដ៏​ច្រើន​សម្បើម បន្ទាប់​ពី​ការដួលរលំ​សហភាពសូវៀត​ក្នុង​ឆ្នាំ ១៩៩១ ប៉ុន្តែ​បាន​យល់ព្រម​បញ្ជូន​ពួក​វា​ទៅ​ប្រទេស​រុស្ស៊ី​ក្នុង​ឆ្នាំ​បន្ទាប់​។​

​តើ​មាន​ផលវិបាក​អ្វីខ្លះ​នៅ​ពីក្រោយ​ចំណាត់ការ​របស់​លោក​ពូ​ទីន​?

​ជាមួយ​នឹង​សេចក្តី​ថ្លែងការណ៍​ចុងក្រោយ​របស់​គាត់ លោកពូ​ទីន​ជាថ្មី​ម្តងទៀត​កំពុង​បង្ក​ការគំរាមកំហែង​ខាង​នុយក្លេអ៊ែរ​ដើម្បី​បង្ហាញ​ការត្រៀមខ្លួន​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ក្នុង​ការបង្កើន​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ទៅកាន់​ប្រទេស​បេឡា​រូស​ដែល​មាន​ព្រំដែន ១.០៨៤ គីឡូម៉ែត្រ​ជាមួយ​អ៊ុយ​ក្រែ​ននឹង​អនុញ្ញាត​ឱ្យ​យន្ត​ហោះ​និង​មី​ស៊ី​ល​រុស្ស៊ី​ទៅដល់​គោលដៅ​សក្តានុពល​​នៅ​ទីនោះ​កាន់តែ​ងាយស្រួល​និង​ឆាប់រហ័ស ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​សម្រេចចិត្ត​ប្រើប្រាស់​វា​។ វា​ក៏​នឹង​ពង្រីក​សមត្ថភាព​របស់​រុស្ស៊ី​ក្នុង​ការកំណត់​គោលដៅ​លើ​សមាជិក​ណា​តូ​មួយចំនួន​នៅ​អឺរ៉ុប​ខាងកើត​និង​កណ្តាល​ផងដែរ​។​

​ចំណាត់ការ​នេះ​កើតឡើង​ខណៈ​រដ្ឋាភិបាល​ក្រុង​គៀវ​ត្រៀម​ខ្លួន​សម្រាប់​ការវាយលុក​ដើម្បី​ដណ្តើម​យក​ទឹកដី​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​មកវិញ​។​

​លោក ឌី​មី​ទ្រី មេ​ត​វេ​ដេ​វ (Dmitry Medvedev) អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​របស់​រុស្ស៊ី បាន​ព្រមាន​កាលពី​សប្តាហ៍​មុន​ថា ការប៉ុនប៉ង​របស់​អ៊ុយ​ក្រែន​ដើម្បី​ដណ្តើម​យក​មក​វិញ​នូវ​ការគ្រប់គ្រង​​លើ​តំបន់​គ្រី​ម៉េ​គឺជា​ការគំរាមកំហែង​ដល់ “​អត្ថិភាព​នៃ​រដ្ឋ​រុស្ស៊ី​” ជា​អ្វី​ដែល​ធានាបាន​នូវ​ការឆ្លើយតប​ជា​នុយក្លេអ៊ែរ​ក្រោម​គោល​លទ្ធិ​សន្តិសុខ​របស់​ប្រទេស​។ រុស្ស៊ី​បាន​កាត់​យក​តំបន់​គ្រី​ម៉េ​ពី​អ៊ុយ​ក្រែន​ក្នុង​ឆ្នាំ ២០១៤៕

រថយន្ត​ជើង​ទម្រ​មី​ស៊ី​ល Iskander របស់​រុស្ស៊ី

Post navigation