Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហេតុអ្វី​បានជា​រុស្ស៊ី​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​នៅ​បេឡា​រូ​ស​?

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ ប្រកាស​នៅ​សប្តាហ៍​នេះ​នូវ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​រក្សាទុក​អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​របស់​រុស្ស៊ី​នៅលើ​ទឹកដី​បេឡា​រូ​ស រុស្ស៊ី​និង​រដ្ឋាភិបាល​ក្រុង​មីន (Minsk)​បាន​រំលឹក​ឡើងវិញ​ថា នេះ​គឺជា​ការឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​គឃ្លើន​ដែល​បន្ត​ធ្វើ​ឡើង​ដោយ​បណ្តា​ប្រទេស​អ​មិត្ត​។ តើ​អ្វី​ទៅ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ដាក់ពង្រាយ​នុយក្លេអ៊ែរ​មិនមែន​យុទ្ធសាស្ត្រ​នេះ​នៅ​បេឡា​រូ​ស​?

​តើ​កិច្ចព្រមព្រៀង​ទាំងអស់​គឺ​អំពី​អ្វី​?

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រុស្ស៊ី លោក សឺ​ហ្គេ សយ​ហ្គូ (Sergey Shoigu) និង​សម​ភាគី​បេឡា​រូស លោក វីទ័រ ក្រេ​នី​ន (Viktor Khrenin)​បាន​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​នៅ​ទីក្រុង​មីន​​កាលពីដើម​សប្តាហ៍​នេះ ដើម្បី​កំណត់​នីតិវិធី​សម្រាប់​ការ​រក្សាទុក​អាវុធ​នុយក្លេអ៊ែរ​មិនមែន​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​នៅឯ​កន្លែង​ស្តុក​ទុក​ពិសេស​នៅលើ​ទឹកដី​បេឡា​រូ​ស​។​

​រឿង​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្រកាស​កាលពី​ចុង​ខែ​មីនា​ថា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និងក្រុង​មីន​បាន​យល់ព្រម​ដាក់អាវុធ​នុយក្លេអ៊ែ​រក​លយុ​ទ្ធ​របស់​រុស្ស៊ី​នៅ​ក្នុងប្រ​​ទេស​បេឡា​រូ​ស ក្នុង​សកម្មភាព​ដែល​លោក​បាន​សង្កត់ធ្ងន់ថា​មិន​បំពាន​លើ​ការប្តេជ្ញា​ចិត្ត​របស់​រុស្ស៊ី​ស្តីពី​ការ​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​នោះទេ​។​

​មិនយូរប៉ុន្មាន ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​ទីក្រុង​មីន លោក បូរី​ស ហ្គ្រី​ស​ឡូ​វ (Boris Gryzlov)​បាន​និយាយថា​អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ជិត​ព្រំដែន​ភាគ​ខាងលិច​នៃ​រដ្ឋ​សហ​​ភាព​បេឡា​រូស​និង​រុស្ស៊ី​។​

​តើ​អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​ជា​អ្វី​?

​អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ (TNW) ដែល​គេ​ស្គាល់​ផង​ដែរ​ថា​អាវុធ​នុយក្លេអ៊ែរ​មិនមែន​យុទ្ធសាស្ត្រ (NSNW) រួម​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ខ្នាតតូច​និង​ប្រព័ន្ធ​ចែកចាយ​ដែល​រចនា​ឡើង​ដើម្បី​ប្រើប្រាស់​​នៅលើ​សមរភូមិ​ឬ​សម្រាប់​ការវាយប្រហារ​ដែលមាន​ដែន​កំណត់​។ TNW រួម​មាន​គ្រាប់បែក​ទំនាញ មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី កាំភ្លើង​ធំ គ្រាប់មីន គ្រាប់​ទម្លុះ​ដី​ជ្រៅៗ និង គ្រាប់​ថូ​ផេ​ដូ (Torpedo)​ដែល​​បំពាក់​ជាមួយ​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ​។​

​បើ​ប្រៀបធៀប​ទៅ​នឹង​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ គ្រាប់ NSNW​មួយ​មាន​កម្លាំង​តិច​ជាង​និង​មាន​គោលបំណង​បំផ្លិចបំផ្លាញ​គោលដៅ​របស់​សត្រូវ​នៅក្នុង​តំបន់​ជាក់លាក់​មួយ​ដោយ​មិន​បង្ក​ឱ្យ​មាន​ការ​​បំផ្លិចបំផ្លាញ​រីក​រាលដាល​និង​ការ​សាយ​ភាព​សារធាតុ​វិទ្យុសកម្ម​រាលដាល​ទេ​។​

​ទិន្នផល​របស់ TNW ប្រែប្រួល​ពី​១​គីឡូតោន​ទៅ​ប្រហែល ៥០ គីឡូ​តោន ខណៈ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​មាន​ទិន្នផល​ពី ១០០ គីឡូតោន​ទៅ​ជាង​មួយ​មេហ្គា​តោន​។ អ្វី​ដែល​សំខាន់​គឺថា គិត​ត្រឹម​ឆ្នាំ​២០២៣ គ្មាន​អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​ណាមួយ​ត្រូវបាន​ប្រើ​ក្នុងស្ថានភាព​ប្រយុទ្ធ​នោះ​ឡើយ​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​មិន​បាន​បញ្ចេញ​តួលេខ​ចំនួន​គ្រាប់ TNW របស់ខ្លួន ឬ ព័ត៌មាន​ជាក់លាក់​ណាមួយ​ដែល​ទាក់ទង​នឹង​សព្វាវុធ​នេះ​នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​អះអាង​ថា​តួលេខ​ទាក់​​ទង​នឹង​គ្រាប់ TNW របស់​រុស្ស៊ី​គឺ​ច្រើន​ជាង ១០ ដង​ដែល​សហរដ្ឋ​អាម៉េរិក​មាន​។​

​តើ​មាន​អ្វី​នៅ​ពីក្រោយ​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​របស់​រុស្ស៊ី​នៅ​បេឡា​រូ​ស​?

​ប្រកាស​ពី​ការចុះហត្ថលេខា​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​-​មីន នៅ​សប្តាហ៍​នេះ​លើ​ឯកសារ​ស្តីពី​ការ​រក្សាទុក​គ្រាប់ NSNW របស់​រុស្ស៊ី​នៅលើ​ទឹកដី​នៃ​ប្រទេស​ជិតខាង​របស់​ខ្លួន​នោះ ក្រសួងការបរទេស​បេឡា​រូ​ស​​បាន​រំលឹក​ឡើងវិញ​ថា នេះ​គឺជា​ការឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​គឃ្លើន​ដែល​កំពុង​ត្រូវបាន​អនុវត្ត​ដោយ​ប្រទេស​អមិត្ត​។​

​សម្តី​នេះ​ត្រូវបាន​បន្ទរ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រុស្ស៊ី​លោក សឺ​ហ្គេ សយ​ហ្គូ (Sergey Shoigu)​ដែល​បាន​សង្កត់ធ្ងន់​ថា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និងមីន​ត្រូវបាន​បង្ខំ​ឱ្យ​ធ្វើ​ការសម្រេចចិត្ត​សម​​ស្រប​លើ​វិធានការ​សងសឹក​ក្នុង​វិស័យ​យោធា​-​នុយក្លេអ៊ែ​រ ដោយសារតែ “​ការកើនឡើង​យ៉ាង​ខ្លាំង​នៃ​ការគំរាមកំហែង​” នៅ​ព្រំដែន​ខាងលិច​នៃ​ប្រទេស​ទាំង​ពីរ​។​

​លោក​សយហ្គូ​បាន​និយាយថា “​ខ្ញុំ​ចង់​កត់សម្គាល់ថា សកម្មភាព​ទាំងអស់​ត្រូវបាន​រៀបចំ​យ៉ាង​តឹងរ៉ឹង​ស្រប​តាម​កាតព្វកិច្ច​អន្តរជាតិ​ដែល​មាន​ស្រាប់​ហើយ​មិន​បំពាន​លើ​សន្ធិសញ្ញា​ស្តីពី​ការ​មិន​រីក​សាយភាយ​​អាវុធ​នុយក្លេអ៊ែរ​នោះទេ​”​។​

​ទស្សនៈ​នេះ​ត្រូវ​បាន​ចែករំលែក​ដោយ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) ដែល​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ដឹងថា​រដ្ឋាភិបាល​ក្រុង​មីន​កំពុង​​ប្រឈម​មុខ​នឹង​ឥរិយាបថ “​មិន​រាក់ទាក់​និង​សូម្បី​អរិភាព​” ពី​រដ្ឋ​ជិតខាង​របស់​ខ្លួន រួមទាំង “​ចេតនា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​បេឡា​រូ​ស​”​។​

​លោក​បាន​និយាយថា ទាំងអស់នេះ​បាន​បង្ហាញថា ទាំង​បេឡា​រូស​និង​រុស្ស៊ី​កំពុង​ប្រឈម​មុខ​នឹង​បរិយាកាស​អរិភាព​យ៉ាងខ្លាំង ដោយហេតុនេះ​ហើយ​ជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​ពង្រឹង​ភាពជា​ដៃគូ​បន្ថែមទៀត ជា​ពិសេស​ទាក់ទង​នឹង​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​វិស័យ​យោធា​។ លោកប៉េ​ស្កូវ​មិន​បាន​បញ្ជាក់​ថា​តើ​រុស្ស៊ី​បានចាប់ផ្តើម​ដាក់ពង្រាយ​គ្រាប់ TNW នៅក្នុង​ប្រទេស​បេឡា​រូស​រួច​ហើយ​ឬ​ក៏​អត់​នោះទេ​។​

​នៅ​ចុង​ខែ​មីនា រដ្ឋាភិបាល​ក្រុង​មីន​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា ខ្លួន​បាន​សម្រេចចិត្ត​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​គ្រាប់ NSNW​របស់​រុស្ស៊ី បន្ទាប់​ពី​រង​សម្ពាធ​ជាច្រើន​ឆ្នាំ​ពី​សហរដ្ឋ​អាម៉េរិក និង​សម្ពន្ធមិត្ត​របស់ខ្លួន ក្នុង​គោលបំណង​ផ្លាស់​ប្តូរ​ទិស​ដៅ​នយោបាយ​និង​ភូមិសាស្ត្រ​នយោបាយ​របស់​បេឡា​រូស​។​

​ក្រសួងការបរទេស​បេឡា​រូស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លះ​ចុងក្រោយ​នេះ សាធារណរដ្ឋ​បេឡា​រូស​បាន​ទទួលរង​សម្ពាធ​នយោបាយ សេដ្ឋកិច្ច​និង​ព័ត៌មាន​មិន​​ធ្លាប់មាន​ពីមុន​មក​ពី​សហរដ្ឋ​អាម៉េរិក ចក្រភព​អង់គ្លេស និង​សម្ពន្ធមិត្ត​របស់​អង្គការ​ណា​តូ ក៏​ដូចជា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​។​ទិដ្ឋភាព​នៃ​កាលៈទេសៈ​ទាំងនេះ​និង​ការព្រួយបារម្ភ​នានា​ព្រម​​ទាំង​ហានិភ័យ​ស្របច្បាប់​នៅ​ក្នុង​វិស័យ​សន្តិសុខ​ជាតិ​ដែល​កើតចេញ​ពី​ពួកវា បេឡា​រូ​សត្រូវ​បង្ខំចិត្ត​ឆ្លើយតប​ដោយ​ការពង្រឹង​សមត្ថភាព​សន្តិសុខ​និង​ការពារជាតិ​របស់​ខ្លួន​”​។​

​តើ​ប្រធានាធិបតី​ពូ​ទីន​មានគំនិត​យ៉ាងណា​អំពី​ការ​ដាក់​ពង្រាយ​គ្រាប់ TNW របស់​រុស្ស៊ី​លើ​ទឹកដី​បេឡា​រូ​ស​?

​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​រំលឹក​ក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ថា សម​ភាគី​បេឡា​រូ​សលោក អា​ឡិច​សាន់ឌ័​រ លូ​កា​សិន​កូ (Alexander Lukashenko)​ពី​មុន​បាន​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​បេឡា​រូ​ស​។​

​ប្រធានាធិបតី​រុស្ស៊ី​បាន​គូសបញ្ជាក់ថា គន្លឹះ​ភ្លាមៗ​សម្រាប់​ការ​ដាក់​ពង្រាយ​គ្រាប់ TNW​ក្នុងប្រទេស​បេឡា​រូស​គឺ​កើត​ចេញពី​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាលច​ក្រ​ភព​អង់គ្លេស​ក្នុង​ការផ្តល់​ឱ្យ​អ៊ុ​យក្រែន​​នូវ​គ្រាប់​ទម្លុះ​ពាស​ដែក​ដែល​មាន​ផ្ទុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​រលាយ ជា​អ្វី​ដែល​លោក​និយាយថា “​ទោះ​តាម​មធ្យោបាយ​ណា​ក៏​ដោយ​គឺ​នៅតែ​ទាក់ទង​នឹង​បច្ចេកវិជ្ជា​នុយក្លេអ៊ែរ​”​។​

​លោកពូ​ទីន​បាន​សង្កត់ធ្ងន់​ថា​តាមរយៈ​ការដាក់​គ្រាប់ NSNW នៅក្នុង​ប្រទេស​បេឡា​រូស​រុស្ស៊ី​នឹង​ធ្វើ​អ្វី​ដែល​អាម៉េរិក​បាន​ធ្វើ​អស់​ជាច្រើន​ទសវត្សរ៍​ដោយ​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​របស់ខ្លួន​​នៅក្នុង​ប្រទេស​បែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូ​ឡង់ និង​តួ​ក​គី​។​

​យោង​តាម​ប្រធានាធិបតី​រុស្ស៊ី រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​ជួយ​រដ្ឋាភិបាល​ក្រុង​មីន​រួច​ហើយ​ដើម្បី​កែ​ឱ្យ​ប្រសើរឡើង​នូវ​យន្តហោះ​បេឡា​រូស​ចំនួន ១០ គ្រឿង ដើម្បី​ឱ្យ​ពួកវា​អាច​ដឹក​អាវុធ​នុយក្លេអ៊ែរ​នេះ​បាន​។ លោក​បាន​និយាយថា រុស្ស៊ី​ក៏បាន​ផ្តល់​ឱ្យ​បេឡា​រូស​នូវ​ប្រព័ន្ធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី Iskander ដែល​អាច​បំពាក់​ជាមួយនឹង​ក្បាល​គ្រាប់​ធម្មតា​ឬ​នុយក្លេអ៊ែ​រ​។ លោកពូ​ទីន​បាន​បន្ថែមថា ការសាងសង់​ឃ្លាំង​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​នៅ​បេឡា​រូ​សនឹង​រួចរាល់​នៅ​ថ្ងៃទី ១ ខែកក្កដា​៕

អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​នឹង​ត្រូវ​ដាក់​ពង្រាយ​ក្នុង​បេឡា​រូស​ឆាប់ៗ

Post navigation