Views: 5
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសកាលពីថ្ងៃចន្ទថា អ៊ុយក្រែនបានទទួលរថក្រោះប្រយុទ្ធAbramsពីអាម៉េរិកដែលវានឹងជួយពង្រឹងកងកម្លាំងអ៊ុយក្រែនក្នុងការវាយទម្លុះខ្សែការពារដ៏រឹងមាំរបស់រុស្ស៊ី។
ការប្រកាសនេះកើតឡើងភ្លាមក្រោយពីអ៊ុយក្រែនបានអះអាងថា ខ្លួនបានសម្លាប់មេបញ្ជាការកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីដោយប្រើកាំជ្រួចមួយទៅលើទីបញ្ជាការកងទ័ពជើងទឹករបស់រដ្ឋាភិបាលទីក្រុងមូស្កូនៅគ្រីម៉េកាលពីសប្តាហ៍មុន។
លោកហ្សេឡេនស្គីបានប្រាប់សារព័ត៌មានថា«Abramsបានមកដល់អ៊ុយក្រែនហើយ និងកំពុងត្រៀមបន្ថែមកម្លាំងទៅកាន់កងពលរបស់យើង»។
សូមបញ្ជាក់ថា អ៊ុយក្រែនបានស្នើសុំម្តងហើយម្តងទៀតនូវសព្វាវុធលោកខាងលិចកាន់តែច្រើននិងទំនើបឡើង រួមមានកាំជ្រួចចម្ងាយឆ្ងាយដើម្បីជួយទម្លុះទីតាំងរបស់រុស្ស៊ីនិងវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់ខ្លួនដែលរុស្ស៊ីវាយកាន់កាប់។
លោកហ្សេឡេនស្គី មិនបានបញ្ជាក់ថាតើរថក្រោះធុននេះប៉ុន្មានគ្រឿងបានមកដល់ និងរយៈពេលយូរប៉ុណ្ណាដើម្បីបញ្ជូនវាទៅដល់ខ្សែត្រៀមជួរមុខ។លោកគ្រាន់តែនិយាយថា«ខ្ញុំសូមដឹងគុណសម្ពន្ធមិត្តចំពោះការបំពេញកិច្ចព្រមព្រៀង។យើងទន្ទឹងរង់ចាំកិច្ចសន្យាថ្មីៗនិងពង្រីកមូលដ្ឋានផ្គត់ផ្គង់»។


អាម៉េរិកបានសន្យាផ្តល់រថក្រោះAbramsចំនួន៣១គ្រឿងដល់រដ្ឋាភិបាលទីក្រុងគៀវកាលពីដើមឆ្នាំ ជាផ្នែកនៃជំនួយសន្តិសុខចំនួន៤៣ពាន់លានដុល្លារ ដែលអាម៉េរិកបានសន្យាជួយចាប់តាំងពីរុស្ស៊ីបញ្ជូនទ័ពចូលឈ្លានពានប្រទេសក្បែរខាងខ្លួនកាលពីខែកុម្ភៈឆ្នាំមុន៕