Views: 6
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែតកូរ៉េខាងត្បូង Chosun Ilboប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនសង្ឃឹមថាកូរ៉េខាងត្បូងនឹងផ្តល់គ្រឿងបរិក្ខារយោធាប្រភេទការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ី។
លោកក៏បានសម្តែងការដឹងគុណកូរ៉េខាងត្បូងដែលបានបញ្ជូនយានដោះមីន និងផ្តល់ជំនួយមនុស្សធម៌សរុបប្រមាណ២៣០លានដុល្លារ តែថាអ៊ុយក្រែនត្រូវការប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះនិងប្រព័ន្ធព្រមានជាមុន។
កាសែតបានរាយការណ៍កាលពីថ្ងៃអង្គារទី៣០ឧសភាថា លោកហ្សេឡេនស្គីបានប្រាប់អ្នកកាសែតតាមរយៈអ្នកបកប្រែថា «ខ្ញុំដឹងថាមានព្រំដែនជុំវិញការគាំទ្រខាងគ្រឿងសព្វាវុធ តែគោលការណ៍ទាំងនោះអាចដូរមកនៅត្រឹមប្រព័ន្ធការពារខ្លួន និងគ្រឿងបរិក្ខារសំរាប់ការពារទ្រព្យសម្បត្តិរបស់យើង»។
«ប្រព័ន្ធប្រឆាំងយន្តហោះមិនជាសព្វាវុធសម្លាប់មនុស្សទេ តែជាគ្រឿងបរិក្ខាការពារខ្លួនសុទ្ធសាធ។យើងត្រូវមានខែលអាកាសមួយដើម្បីស្ថាបនាអ៊ុយក្រែនឡើងវិញ ហើយខ្ញុំសង្ឃឹមថា កូរ៉េខាងត្បូងនឹងគាំទ្រយើងក្នុងវិស័យនេះ»។

ហ្សេឡេនស្គី បាននិយាយថា ប្រព័ន្ធព្រមានជាមុនរបស់កូរ៉េខាងត្បូងនឹងជួយការពារប្រទេសលោកពីការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី។ក្នុងជំនួបនៅកិច្ចប្រជុំG7នៅជប៉ុនកាលពីថ្ងៃ២១ឧសភាប្រធានាធិបតីកូរ៉េខាងត្បូងសន្យាជួយយានរកមីនដល់អ៊ុយក្រែន តែឥឡូវប្រធានាធិបតីអ៊ុយក្រែន ចង់បានប្រព័ន្ធការពារដែនអាកាសបន្ថែមពីកូរ៉េខាងត្បូង
សូមបញ្ជាក់ថាក្នុងនាមជាសម្ពន្ធមិត្តអាម៉េរិកមួយ កូរ៉េខាងត្បូងតាំងពីមុនមកបានបដិសេធមិនព្រមបញ្ជូនជំនួយដែលអាចសម្លាប់មនុស្សដល់អ៊ុយក្រែនទេ ដោយសារតែច្បាប់ក្នុងស្រុកនិងទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី និងឥទ្ធិពលរបស់រដ្ឋាភិបាលទីក្រុងមូស្គូលើកូរ៉េខាងជើង ទោះជាខ្លួនរងសម្ពាធពីអាម៉េរិកនិងអឺរ៉ុបអោយផ្តល់សព្វាវុធដល់អ៊ុយក្រែនក្តី។
នៅទីក្រុងមូស្គូឯណោះវិញ ប្រមុខការទូតរុស្ស៊ីបានចោទប្រកាន់អាម៉េរិកនិងអង់គ្លេសថា«កំពុងលេងជាមួយភ្លើង»និងបង្កើនជម្លោះដោយសារតែប្រទេសលោកខាងលិចទាំងពីរបានយល់ព្រមផ្តល់យន្តហោះ F-16 ដល់អ៊ុយក្រែន។
លោកសឺហ្គេ ឡាវរ៉ូវ បានចោទប្រកាន់លោកខាងលិចថា«បង្កើនសង្គ្រាមដែលមិនអាចទទួលយកបាន»មួយដោយសារតែការគាំទ្រយោធាជាបន្តរបស់ខ្លួនដល់អ៊ុយក្រែន។ការព្រមានរបស់លោកកើតឡើងចំពេលកងកម្លាំងរុស្ស៊ីបន្តវាយប្រហារតាមផ្លូវអាកាសយ៉ាងសន្ធាប់លើរដ្ឋធានីគៀវ៕

លោកសឺហ្គេ ឡាវរ៉ូវ បានព្រមានថា អង់គ្លេសនិងអាម៉េរិកកំពុងលលេងជាមួយភ្លើងដោយសារតែយល់ព្រមអោយបញ្ជូនយន្តហោះពហុតួនាទីF-16ទៅកាន់អ៊ុយក្រែន