Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាលពីថ្ងៃសុក្រទី៣១មីនា ក្រុមហ៊ុន Huawei បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញយ៉ាងសម្បើមក្នុងឆ្នាំ ២០២២ ខណៈក្រុមហ៊ុនដែលរងទណ្ឌកម្មអាម៉េរិកនេះបានតែងតាំងកូនស្រីរបស់នាយកប្រតិបត្តិរបស់ខ្លួនឱ្យធ្វើជាប្រធានប្តូរវេនរបស់ខ្លួន។
ជាក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេខាងឧបករណ៍ទូរគមនាគមន៍ ស្មាតហ្វូន និងឧបករណ៍ទំនើបៗផ្សេងទៀតយុទ្ធនាការដាក់សម្ពាធដឹកនាំដោយសហរដ្ឋអាម៉េរិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានដកប្រាក់ចំណេញមួយផ្នែកធំចេញពីអាជីវកម្មរបស់ក្រុមហ៊ុន Huawei ។
ហើយបន្ទាប់ពីការប្រកាសប្រាក់ចំណេញបំបែកកំណត់ត្រាសម្រាប់ឆ្នាំ ២០២១ ក្រុមហ៊ុនកាលពីថ្ងៃសុក្របានរាយការណ៍ប្រាក់ចំណេញសុទ្ធ ៣៥,៦ ពាន់លានយ័ន (៥,២ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២២ ពោលធ្លាក់ចុះចំនួន ៦៨,៧ ភាគរយធៀបឆ្នាំទៅមិញ។
លោក អេរិក ស៊ូ (Eric Xu) ប្រធានប្តូរវេនដែលត្រៀមចេញពីតំណែងរបស់ក្រុមហ៊ុន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ខ្លួនថា “ក្នុងឆ្នាំ ២០២២បរិយាកាសខាងក្រៅដ៏លំបាកនិងកត្តាមិនមែនទីផ្សារបានបន្តបង្កផលប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន Huawei”។
លោកបានបន្តថា “នៅកណ្តាលព្យុះមួយនេះ យើងបានបន្តប្រឹងត្បុរខាងមុខ ដោយធ្វើអ្វីគ្រប់យ៉ាងក្នុងអំណាចរបស់យើងដើម្បីរក្សាការបន្តអាជីវកម្ម និងបម្រើអតិថិជនរបស់យើង”។
លោកបានបន្ថែមថា “យើងក៏បានចំណាយពេលយ៉ាងយូរផងដែរដើម្បីបង្កើនការប្រមូលផល ដោយបង្កើតចំណូលជាបន្តបន្ទាប់ដើម្បីទ្រទ្រង់ការរស់រានរបស់យើង និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនាពេលអនាគត”។
អ្នកឡើងកាន់តំណែងជាប្រធានបន្តូវេនបន្ត ជាតួនាទីដែលមានរយៈពេលប្រាំមួយខែគឺ លោកស្រី មេង វ៉ាន់ជូ (Meng Wanzhou) កូនស្រីរបស់មហាសេដ្ឋីនិងជាស្ថាបនិកក្រុមហ៊ុន លោក រេន ចេងហ្វី (Ren Zhengfei)។
ក្រុមហ៊ុន Huawei បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយសំដៅឈ្មោះលោកស្រីម៉េងជាភាសាអង់គ្លេសថា “អនុលោមតាមប្រព័ន្ធប្រធានប្តូរវេនរបស់ក្រុមហ៊ុន Huawei លោកស្រី សាព្រីណា ម៉េង (Sabrina Meng) នឹងកាន់តំណែងជាប្រធានប្តូរវេននិងជាប្រធានស្តីទីរបស់ក្រុមហ៊ុន Huawei ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣”។
ក្រុមហ៊ុនបានបន្ថែមថា “ក្នុងអំឡុងពេលកាន់តំណែង លោកស្រីម៉េងនឹងបម្រើការក្នុងតួនាទីជាអ្នកដឹកនាំកំពូលរបស់ក្រុមហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន”។
លោកស្រីម៉េងគឺជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei នៅពេលលោកស្រីត្រូវបានចាប់ខ្លួននៅទីក្រុងវ៉ាន់ខូវើ (Vancouver)ប្រទេសកាណាដា ក្នុងខែធ្នូ ឆ្នាំ ២០១៨ ក្នុងសំណុំរឿងមួយ ដែលបានក្លាយជាបន្លាដ៏ធំមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសចិន និងទាំងសហរដ្ឋអាម៉េរិកនិងកាណាដា៕

លោកស្រី មេង វ៉ាន់ជូ ឡើងកាន់តំណែងប្រធានប្តូរវេនរបស់ Huawei