Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហុងឌូ​រ៉ាស​បង្កើត​ទំនាក់ទំនង​ការទូតជា​មួយ​ចិន​ប៉េកាំង​ក្រោយ​ផ្តាច់​ពី​កោះ​តៃវ៉ាន់​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រទេស​ហុងឌូ​រ៉ាស​(Honduras)​មក​ពី​អាម៉េរិក​កណ្តាល​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​ប៉េកាំង​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​មីនា​ក្រោយ​ផ្តាច់ទំនាក់ទំនង​ជាមួយ​​កោះ​តៃវ៉ាន់ ជាហេតុ​នាំ​អោយ​កោះ​ប្រជាធិបតេយ្យ​មួយ​នេះ​កាន់តែ​ឯកោ​ដោយ​នៅ​សល់​តែ​រដ្ឋ​អធិបតេយ្យ​តែ​១៣​នៅ​ទទួលស្គាល់​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិះ រួម​ទាំង​បុរី​វ៉ា​ទី​កង់​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​និង​ហុងឌូ​រ៉ាស​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​មួយ​នៅ​ក្រុង​ប៉េកាំង ជា​ការសំរេចចិត្ត​មួយ​ដែល​ក្រ​សួង​ការបរទេស​ចិន​អបអរ​និង​ចាត់ទុកជា​«​ជំរើស​ត្រឹមត្រូវ​»​មួយ​។​

​ការបង្កើត​ទំនាក់ទំនង​ថ្មី​នេះ​កើតឡើង​ចំពេល​មាន​ភាព​តឹនតឹង​រវាងរដ្ឋាភិបា​ល​ទីក្រុង​ប៉េកាំង​និង​អាម៉េរិក រួមទាំង​ការអះអាង​កម្មសិទ្ធិ​របស់​ចិន​ប៉េកាំង​លើកោះ​តៃវ៉ាន់ និង​វា​បង្ហាញ​សញ្ញា​នៃ​ឥទ្ធិពល​ចិន​​កាន់តែ​កើនឡើង​នៅ​អាម៉េរិក​ឡាទីន​។​

​រូបភាព​យក​មក​ពី​ទូរទស្សន៍​ចិន បង្ហាញ​រដ្ឋមន្ត្រីការបរទេស​ចិន និង​ហុងឌូ​រ៉ាស ចាប់រ​លាក់​ដៃ​ក្រោយ​ពិធី​ចុះហត្ថលេខា​មួយ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​មីនា

​ទំនាក់ទំនង​ថ្មី​ចិន​-​ហុងឌូ​រ៉ាស ត្រូវបាន​ប្រកាស​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ហុងឌូ​រ៉ាស​និង​តៃវ៉ាន់​បាន​ធ្វើ​ការប្រកាស​ផ្សេង​គ្នា​ថា​ពួកគេ​ផ្តាច់​ការទាក់ទង​គ្នា​ហើយ​។​

​ក្រសួងការបរទេស​ហុងឌូ​រ៉ាស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រដ្ឋាភិបាល​របស់​ខ្លួន​ទទួលស្គាល់ថា​«​មាន​ចិន​តែ​មួយ​នៅក្នុង​លោក​»​និង​ថា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​គឺជា​«​រដ្ឋាភិបាល​ស្រប​​ច្បាប់​តែ​មួយគត់​ដែល​តំណាងអោយ​ចិន​ទាំង​អស់​»​។​

​វា​បន្ថែម​ថា «​តៃវ៉ាន់​ជា​ផ្នែក​នៃ​ទឹកដី​ចិន ដែល​មិន​អាច​កាត់ផ្តាច់​បាន​មួ​យ​និង​នៅថ្ងៃនេះ​រដ្ឋាភិបាល​ហុងឌូ​រ៉ាស​បាន​ជូនដំណឹង​ទៅ​តៃវ៉ាន់​ថា ខ្លួន​ផ្តាច់ទំនាក់ទំនង​ការទូត ដោយ​មិន​នៅ​មាន​ទំនាក់ទំនង​​ផ្លូវការ​ណា​ជា​មួយ​តៃវ៉ាន់​ទេ​»​។​

​រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់​លោក ចូសេប វូ​(Joseph)​បាន​ប្រាប់​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា តៃវ៉ាន់​បានបញ្ចប់​ទំនាក់ទំនង​ជាមួយ​ហុងឌូ​រ៉ាស​ដើម្បី​«​ការពារ​អធិបតេយ្យភាព​និង​សេចក្តី​ថ្លៃ​​ថ្នូរ​របស់ខ្លួន​»​។​

​លោក​វូ បាន​និយាយថា​ហុងឌូ​រ៉ាស​បាន​ស្នើសុំ​ជំនួយ​រាប់ពាន់​លាន​ដុល្លារ​និង​បាន​ប្រៀបធៀប​សំណើ​របស់​ខ្លួន​ទៅកាន់​ចិន​ប៉េកាំង​។​កាលពី​ពីរ​សប្តាហ៍​មុន រដ្ឋាភិបាល​ហុងឌូ​រ៉ាស​បាន​ស្វះស្វែង​រក​ប្រាក់​២,៤៥​ពាន់​លាន​ដុល្លារ​ពី​តៃវ៉ាន់​សំរាប់​សាងសង់​មន្ទីរពេទ្យ​មួយ​និង​ទំនប់​ទឹក​មួយ ហើយ​សុំ​លុបចោល​បំណុល​ថែម​ទៀត​។​«​រដ្ឋាភិបាល​នេះ​បាន​ច្រានចោល​ជំនួយ​និង​ទំនាក់ទំនង​យូរអង្វែង​របស់​យើង ហើយ​បាន​ធ្វើ​​ការពិភាក្សា​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​។​រដ្ឋាភិបាល​របស់​យើង​មាន​អារម្មណ៍​ឈឺចាប់​និង​សោកស្តាយ​»​។​

​សូមបញ្ជាក់​ថា អស់​ពេល​រាប់​ទសវត្សរ៍​មក​ហើយ​ចិន​បាន​បញ្ចូល​លុយ​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​គំរោង​វិនិយោគ​ហេដ្ឋារចនាសម្ពន្ធ​នៅ​ទូ​ទាំង​អាម៉េរិក​ឡាទីន​។​ការវិនិយោគ​ទាំងនោះ​ជួយ​អោយ​ចិន​កាន់​​តែ​មាន​ឥទ្ធិពល​និង​កើន​សម្ពន្ធមិត្ត​។​

​នៅ​ហុងឌូ​រ៉ាស ចិន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​មួយ​តំលៃ​ប្រមាណ​៣០០​ពាន់​លាន​ដុល្លារ ជា​លុយ​បានមក​ពី​រដ្ឋាភិបាល​ចិន​។​

​ហុងឌូ​រ៉ាស ជា​សម្ពន្ធ​ទី​ប្រាំបួន​ដែល​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិះ​បាន​បាត់បង់​ទៅ​ខាង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ចាប់តាំងពី​ប្រធានាធិបតី​និយម​ឯករាជ្យ សាយ អ៊ីង​វិន ឡើង​កាន់​អំណាច​ដំបូង​នៅ​ឆ្នាំ​២០១៦៕

​រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ ចូសេប វូ និយាយ​ក្នុង​សន្និសីទកាសែត ជុំវិញ​ការផ្តាច់​ទំនាក់ទំនង​ជា​មួយ​ហុងឌូ​រ៉ាស​កាលពី​ថ្ងៃ​២៦​មីនា​

Post navigation