Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហ្វីលីពីន​និង​អាម៉េរិក​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​សប្តាហ៍​ក្រោយ​

Views: 24

ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖ ហ្វីលីពីន​និង​អាម៉េរិក​នឹងធ្វើ​សមយុទ្ធ​ជើង​ទឹក​ប្រចាំ​ឆ្នាំ​ឈ្មោះ​ថា​Samasama​ចាប់ពី​ថ្ងៃ​០២​ដល់​១៣​តុលា​នៅ​ប៉ែក​ខាងត្បូង​នៃ​កោះ​លូ​ហ្សុន​(Luzon) នេះ​បើ​តាម​ប្រកាស​របស់​យោធា​ហ្វីលីពីន​កាលពី​ថ្ងៃ​ពុធ​។​

​យោធា​ហ្វីលីពីន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា « កងទ័ពជើងទឹក​ហ្វីលីពីនត្រៀម​រៀបចំ​សមយុទ្ធ​យោធា​ហ្វីលីពីន​-​អាម៉េរិក​ឈ្មោះថា SAMASAMA​ចាប់ពី​ថ្ងៃ​០២​តុលា​ដល់​១៣​តុលា​នៅ​តំបន់​ប្រតិបត្តិការ​កងទ័ពជើងទឹក​លូ​ហ្សុន​។​SAMASAMA​ជា​លំ​ហាត់​យោធា​ទ្វេភាគី​រវាង​កងទ័ពជើងទឹក​អាម៉េរិក​និង​កងទ័ពជើងទឹក​ហ្វីលីពីន​»​។​

​សេចក្តីថ្លែងការណ៍​បាន​បន្តទៀតថា សមយុទ្ធ​នេះ​នឹង​បង្កើន​សមត្ថភាព​សង្គ្រាម​ជើង​ទឹក​របស់​ហ្វីលីពីន ដូចជា​កងកម្លាំង​ប្រយុទ្ធ​បុក​គោក​ឡើង​ច្រាំង​សំរាប់​ប្រតិបត្តិការ​សន្តិសុខ​សមុទ្រ និង​គាំទ្រ​សង្គ្រាម​ប្រឆាំង​នាវាមុជទឹក សង្គ្រាម​លើដី អាកាស​ព្រមទាំង​សង្គ្រាម​អេឡិចត្រូនិច​»​។​

​សមយុទ្ធ​នេះ​ក៏​មាន​ការចូលរួម​ពី​កង​នាវា​ទៅ​ពី​ជប៉ុន អូស្ត្រាលី កាណាដា​និង​អង់គ្លេស​ផងដែរ​។​

​ការប្រកាស​ធ្វើ​សមយុទ្ធ​នេះ​កើត​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ព្រមាន​កុំអោយ​ហ្វីលីពីន​បង្ករឿង​នៅ​តំបន់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្រោយ​សារព័ត៌​មាន​ហ្វីលីពីន​បាន​និយាយថា កងកម្លាំង​ពិសេស​ហ្វីលីពីន​បាន​រើ​ចេញ​ខ្សែ​ពោង​បណ្តែត​ទឹក​ដែល​កង​ឆ្មាំ​សមុទ្រ​ចិន​បាន​ដាក់​ដើម្បី​រារាំង​កុំ​អោយ​ពួក​នេសាទ​ហ្វីលីពីន​ចូល​នេសាទ​នៅក្នុង​បឹង​ទឹកប្រៃ​មួយ​នៅ​ទីនោះ​។​

​ទាំង​ចិន​និង​ហ្វីលីពីន​អះអាង​អធិបតេយ្យភាព​នៅ​តំបន់​ទឹក​រាក់​ស្កា​បូរ៉ូ​ហ្វ សូល​(Scarborough Shoal)​ដ៏​សំបូរ​មច្ឆា​។​

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ កង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​បាន​អំពាវនាវ​អោយ​ពួក​អ្នកនេសាទ​របស់​ខ្លួន​បន្ត​ការនេសាទ​នៅ​តំបន់​Scarborough Shoal​និង​នៅ​កន្លែង​ដទៃទៀត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ខ្លួន​សន្យា​បង្កើន​ការ​ល្បាត​នៅ​ទីនោះ​។​

​អ្នកនាំពាក្យ​កង​ឆ្មាំ​សមុទ្រ​បាន​និយាយថា នាវា​ហ្វីលីពីន​មិន​អាច​នៅ​ទីនោះ​ជា​ប្រចាំ​ទេ តែ​ប្តេជ្ញា​ការពារ​សិទ្ធិ​អ្នកនេសាទ​នៅ​ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន ហើយ​«​យើង​នឹង​បង្កើន​ការ​ល្បាត​នៅ​កន្លែង​ដែល​មាន​អ្នកនេសាទ​ហ្វីលីពីន​»៕

​សហគមន៍​នេសាទ​នៅ​ក្រុងម៉ាស៊ីន​ឡុក ក្នុង​ខេត្ត ហ្សាំ​បា​ឡេស របស់​ហ្វីលីពីន​

Post navigation