Views: 13
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ហ្វីលីពីននិងអូស្ត្រាលី កាលពីថ្ងៃសុក្រទី៨កញ្ញាបានពង្រឹងសម្ពន្ធភាពសន្តិសុខនិងសេដ្ឋកិច្ចរបស់គេជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រមួយនៅពេលប្រទេសទាំងពីរស្វះស្វែងរួមគ្នាទប់ទល់នឹងឥទ្ធិពលកាន់តែកើនឡើងរបស់ចិននៅក្នុងតំបន់។
កិច្ចព្រមព្រៀងនេះត្រូវបានសំរេចឡើងក្រោយជំនួបមួយរវាងប្រធានាធិបតីហ្វែរឌីណង់ ម៉ាកូស ជូនៀ និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អ៊ែនថូនី អាល់បានីសនៅទីក្រុងម៉ានីល។

ប្រធានាធិបតីហ្វែរឌីណង់ ម៉ាកូស ជូនៀ ជួបនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អ៊ែនថូនី អាល់បានីសនៅទីក្រុងម៉ានីល
ដំណើរទស្សនកិច្ចរបស់លោកអាល់បានីស កត់សំគាល់កិច្ចពិភាក្សាទ្វេភាគីលើកដំបូងរវាងមេដឹកនាំនៃប្រទេសទាំងពីរនៅ២០ឆ្នាំមកនេះ និងកើតឡើងក្រោយដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់សមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលអូស្ត្រាលីមកាន់ប្រទេសកម្រងកោះអាស៊ីអាគ្នេយ៍នេះចាប់តាំងពីលោកម៉ាកូសចូលកាន់តំណែងនៅឆ្នាំ២០២២។
ក្រោមភាពជាដៃគូយុទ្ធសាស្ត្រ ប្រទេសជាដៃគូនឹងស្វះស្វែងបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើនចាប់ពីយោធានិងសន្តិសុខ រហូតដល់ការប្រែប្រួលអាកាសធាតុនិងការសិក្សាអប់រំ។
ក្រោយការចុះកិច្ចព្រមព្រៀង លោកអាល់បានីសបានប្រាប់ពួកមន្ត្រី អ្នកការទូតនិងអ្នកយកព័ត៌មានថា «ការដំឡើងកំរិតនៃកិច្ចសហការនេះជានិម្មិតរូបសំខាន់មួយនៃកម្លាំងនៃទំនាក់ទំនងរបស់យើង ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នារបស់យើងថានឹងរួមគ្នាធ្វើការងារបន្ថែម»។
ពេលចាប់ផ្តើមកិច្ចពិភាក្សា លោកម៉ាកូសបានអរគុណ«ការគាំទ្ររឹងមាំ»របស់មេដឹកនាំអូស្រ្តាលីចំពោះហ្វីលីពីន នៅពេលរដ្ឋាភិបាលទីក្រុងម៉ានីលស្វះស្វែងពង្រឹងជំហរស្តីពីការអះអាងដែនទឹកជាន់គ្នាជាមួយចិននៅក្នុងសមុទ្រចិនខាងត្បូង៕