Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បាននិយាយកាលពីថ្ងៃអាទិត្យទី២៦មីនាថា ហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុបានកើនឡើងនិងអំពាវនាវឱ្យមានការប្រុងប្រយ័ត្នបន្តទៀតបើទោះបីជាសកម្មភាពរបស់សេដ្ឋកិច្ចជឿនលឿនបានធ្វើឱ្យភាពតានតឹងទីផ្សារមានភាពស្ងប់ស្ងាត់ក៏ដោយ។
នាយកគ្រប់គ្រង IMF រូបនេះបានរំលឹកឡើងវិញនូវទស្សនៈរបស់លោកស្រីថា ឆ្នាំ ២០២៣ នឹងក្លាយជាឆ្នាំដ៏លំបាកមួយទៀត ដោយកំណើនពិភពលោកបានធ្លាក់ចុះមកនៅក្រោម ៣ ភាគរយដោយសារតែស្លាកស្នាមរបួសពីជំងឺរាតត្បាត សង្គ្រាមនៅអ៊ុយក្រែន និងការរឹតបន្តឹងរូបិយវត្ថុ។
លោកស្រីបាននិយាយនៅឯវេទិកាអភិវឌ្ឍន៍ចិនថា ទោះបីជាមានទស្សនវិស័យប្រសើរសម្រាប់ឆ្នាំ ២០២៤ ក៏ដោយ ក៏កំណើនពិភពលោកនឹងនៅតែទាបជាងមធ្យមភាគប្រវត្តិសាស្ត្ររបស់ខ្លួន ៣,៨ ភាគរយ ហើយទស្សនវិស័យទាំងមូលនៅតែខ្សោយ។
IMF ដែលបានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចពិភពលោកចំនួន ២,៩ ភាគរយនៅឆ្នាំនេះ គ្រោងនឹងចេញផ្សាយការព្យាករណ៍ថ្មីនៅខែក្រោយ។
លោកស្រីចចជីវ៉ាបាននិយាយថា អ្នកបង្កើតគោលនយោបាយនៅក្នុងបណ្តាប្រទេសជឿនលឿនបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះហានិភ័យស្ថិរភាពហិរញ្ញវត្ថុ បន្ទាប់ពីមានការដួលរលំធនាគារប៉ុន្តែទោះបីជាដូច្នេះក៏ដោយ ក៏ការប្រុងប្រយ័ត្នគឺនៅតែត្រូវការជាចាំបាច់។ “ដូច្នេះ យើងបន្តតាមដានការវិវត្តនានាយ៉ាងដិតដល់ហើយកំពុងវាយតម្លៃផលប៉ះពាល់សក្តានុពលសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក និងស្ថិរភាពហិរញ្ញវត្ថុសកល” ដោយបន្ថែមថា IMF កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបណ្តាប្រទេសងាយរងគ្រោះបំផុតជាពិសេសប្រទេសដែលមានចំណូលទាបដែលមានកម្រិតបំណុលខ្ពស់។
លោកស្រីក៏បានព្រមានផងដែរថា ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ចអាចនឹងបំបែកពិភពលោកទៅជាប្លុកសេដ្ឋកិច្ចគូប្រជែង ដែលបណ្តាលឱ្យមាន “ការបែងចែកដ៏គ្រោះថ្នាក់ ដែលនឹងធ្វើឱ្យគ្រប់គ្នាកាន់តែក្រីក្រនិងមិនសូវមានសុវត្ថិភាព”៕

ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា