Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឥណ្ឌា​មាន​ផែនការ​តម្លៃ​១,១១​ទ្រី​លាន​ដុល្លារ​ដើម្បី​ដណ្តើម​រោងចក្រ​ពី​ចិន​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ នៅក្នុង​ប្រទេស​ឥណ្ឌា ពាក់កណ្តាល​នៃ​គម្រោង​ហេដ្ឋារចនាសម្ពន្ធ​ទាំងអស់​ត្រូវ​បាន​ពន្យារ​ពេល​ហើយ​គម្រោង​មួយ​ក្នុងចំណោម​បួន​កំពុង​ដំណើរការ​លើស​​ថវិកា​ប៉ាន់ស្មាន​របស់​ពួកគេ​។ នាយករដ្ឋមន្ត្រី ណារិ​នដ្រា ម៉ូ​ឌី ជឿថា បច្ចេកវិជ្ជា​គឺជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​រាំងស្ទះ​ដែល​មាន​អាយុកាល​ច្រើន​ឆ្នាំ​និង​ល្បី​អសោច​ទាំងនេះ​។​

​ក្រោម​គម្រោង​មេ​តម្លៃ ១០០ ទ្រី​លាន​រូពី (១,១១ ទ្រី​លាន​ដុល្លារ​) ហៅថា PM Gati Shakti (​ជា​ភាសា​ឥណ្ឌា​មាន​ន័យ​ថា​កម្លាំង​នៃ​ល្បឿន​)​រដ្ឋបាល​លោក​ម៉ូ​ឌី​កំពុង​បង្កើត​វេទិកា​ឌីជីថល​ដែល​រួម​​បញ្ចូល​គ្នា​រវាង​ក្រសួង​ចំនួន​១៦​។​

​វេទិកា​នេះ​នឹង​ផ្តល់ជូន​វិនិយោគិន​និង​ក្រុមហ៊ុន​នូវ​ដំណោះស្រាយ​តែមួយ​ផ្លូវ​សម្រាប់​ការ​រចនា​គម្រោង ការអនុម័ត​ដោយ​រលូន និង​ការប៉ាន់ប្រមាណ​ថ្លៃ​ចំណាយ​កាន់តែ​ងាយស្រួល​។​

​លោក អាម​រិត ឡាល់ មីណា (Amrit Lal Meena)​លេខាធិការ​ពិសេស​ផ្នែក​ភស្តុភារ​ក្នុង​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ក្នុង​ទីក្រុង​ញូវដេល្លី ថា​”​បេស​ក​​កម្មនេះ​គឺ​ដើម្បី​អនុវត្ត​គម្រោង​ដោយ​មិន​ចំណាយ​ពេលវេលា​ហួសប្រមាណ​និង​ចំណាយ​ថ្លៃដើម​ហួសប្រមាណ​។​ក្រុមហ៊ុន​សកល​ជ្រើសរើស​ឥណ្ឌា​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​របស់​ពួកគេ​គឺជា​គោលបំណង​នៃ​​គម្រោង​”​។​

​គម្រោងការ​ដែល​មាន​ល្បឿន​លឿន​នេះ​នឹង​ផ្តល់ឱ្យ​ឥណ្ឌា​នូវ​អត្ថប្រយោជន៍ ជាពិសេស​ជាមួយ​ប្រទេស​ចិន ដែល​បន្ត​បិទទ្វារ​ព្រំដែន​ភាគ​ច្រើន​ទៅកាន់​ពិភព​ខាងក្រៅ​ហើយ​ក្រុមហ៊ុន​កាន់តែ​ច្រើនឡើង​​បាន​ប្រកាន់ខ្ជាប់​គោល​នយោបាយ​ចិន​បូក​មួយ ពោលគឺ ស្វែងរក​ប្រទេស​ផ្សេងទៀត​ដើម្បី​ពង្រីក​ឬ​ទាញ​យក​ធនធាន​ពី​ទីនោះ ដើម្បី​ធ្វើ​ពិពិធ​កម្ម​អាជីវកម្ម​និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់​ពួកគេ​។​

​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​បី​របស់​អាស៊ី​មួយ​នេះ​មិន​ត្រឹមតែ​ផ្តល់​នូវ​កម្លាំង​ពលកម្ម​ថោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្បូរ​កម្មករ​មាន​ទេពកោសល្យ ដែល​និយាយ​ភាសា​អង់គ្លេស​ភាគច្រើន​ផង​ដែរ​បើ​ទោះបី​​ជា​ហេដ្ឋារចនាសម្ពន្ធ​អន់​បានធ្វើឱ្យ​វិនិយោគិន​ភាគច្រើន​មិន​ព្រម​ចូល​មក​វិនិយោគ​ក៏ដោយ​។​

​លោក អាន​ស៊ូ​មែន ស៊ីន​ហា (Anshuman Sinha)​ដៃគូ​នៅ Kearney India ដែល​ដឹកនាំ​ការអនុវត្ត​ផ្នែក​ភស្តុភារ​និង​ហេដ្ឋារចនាសម្ពន្ធ បាន​និយាយថា​”​ក្រៅ​ពី​ការពិត​ដែល​ថា​មាន​លក្ខខណ្ឌ​​តម្រូវ​ខាង​នយោបាយ​របស់​ប្រទេស​នានា​ត្រូវ​ផ្លាស់​ទី​ទៅ​ឆ្ងាយ មធ្យោបាយ​តែ​មួយគត់​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ចិន​គឺ​ត្រូវ​មាន​ការប្រកួតប្រជែង​លើ​ការចំណាយ​តាម​ដែល​អ្នក​អាចធ្វើ​បាន​។ គម្រោង Gati Shakti គឺ​និយាយ​អំពី​ការ​ធ្វើ​ឱ្យ​វា​កាន់តែ​ងាយស្រួល​ក្នុង​ការ​មាន​លំហូរ​ទំនិញ​និង​សមាសធាតុ​ផលិតកម្ម​នៅ​ទូទាំង​បណ្តោយ​និង​ទទឹង​នៃ​ប្រទេស​”​។​

​លោក​ស៊ីន​ហា​និយាយថា សសរស្តម្ភ​សំខាន់ៗ​នៃ​គម្រោង​នេះ​គឺ​ត្រូវ​កំណត់​ក្រុម​ផលិតកម្ម​ថ្មី​ដែល​មិន​មាន​នា​ពេល​សព្វថ្ងៃ ហើយ​ត​ភ្ជាប់​ទីតាំង​ទាំង​នោះ​យ៉ាង​រលូន​ទៅ​នឹង​បណ្តាញ​ផ្លូវដែក កំពង់ផែ និង​អាកាសយានដ្ឋាន​របស់​ប្រទេស​៕

ក្រោម​គម្រោង PM Gati Shakti រដ្ឋបាល​លោក​ម៉ូ​ឌី​កំពុង​បង្កើត​វេទិកា​ឌីជីថល​ដែល​រួម​បញ្ចូល​គ្នា​រវាង​ក្រសួង​ចំនួន​១៦

Post navigation